ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បាន​ហើយ ដោះ​លែង​វិញ ទើប​ដេញចាប់​តាម​ក្រោយ កុំឱ្យ​ថា​មិន​ចាប់

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ក្រោយ​ពី​មានការ​ទាមទារ​រក​យុត្តិធម៌​អំពី​ម្ដាយ​ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​បាត់បង់​ជីវិត​ទាំង​ស្រពិចស្រពិល​នោះ ពេល​នេះ​ថ្នាក់ដឹកនាំ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​មានការ​ស្រាវជ្រាវ​សា​ជា​ថ្មី​ឡើង​វិញ​។ ការ​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​នេះ តាម​ពិត​ធ្វើ​ឡើង​បន្ទាប់​ពី​ម្ដាយ​ជន​រង​គ្រោះ​បាន​

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ពី​មានការ​ទាមទារ​រក​យុត្តិធម៌​អំពី​ម្ដាយ​ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​បាត់បង់​ជីវិត​ទាំង​ស្រពិចស្រពិល​នោះ ពេល​នេះ​ថ្នាក់ដឹកនាំ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​មានការ​ស្រាវជ្រាវ​សា​ជា​ថ្មី​ឡើង​វិញ​។ ការ​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​នេះ តាម​ពិត​ធ្វើ​ឡើង​បន្ទាប់​ពី​ម្ដាយ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តំណាង​អយ្យការ ដើម្បី​ស្នើ​សុំ​ឲ្យ​នគរបាល​ស្រុក​ប​សេដ្ឋ បញ្ជូន​សំណុំរឿង​មក​អយ្យការ​ចាត់ការ​បន្ត​។

យោង​តាម​ប្រភព​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ម្ដាយ​ជន​រង​គ្រោះ​បាន​ដាក់​បណ្ដឹង​ចូល​តំណាង​អយ្យការ​រួច​មក បណ្ដឹង​ក៏​ត្រូវ​បាន​បង្វែរ​ទៅ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជា​អ្នក​អនុវត្ត​បន្ត​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង ស្ត្រី​មានឈ្មោះ ង៉ែត សុភាព ត្រូវជា​ម្ដាយ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា បន្ទាប់​ពី​ពាក្យបណ្ដឹង​បាន​ដាក់​ចូល​ដល់​តំណាង​អយ្យការ គឺ​មាន​ស្ត្រី​ម្នាក់​តេ​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា សូម​ឱ្យ​គាត់​ទៅ​ទាក់ទង​ជាមួយ​លោក សម សាក់ ស្នងការ​រង​នគរបាល​ខេត្ត​ដើម្បី​បំភ្លឺ​បណ្តឹង​។

ក្នុង​ករណី​នេះ អ្នកស្រី​បាន​លើក​ឡើង​ថា កូន​គាត់​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ដេញ​កា​.​ប់ បណ្ដាល​ឲ្យ​ស្លា​.​ប់​បាត់បង់​ជីវិត តែ​ត្រូវ​បាន​នគរបាល​ស្រុក​ប​សេដ្ឋ ធ្វើ​របាយការណ៍​ដាក់​ថា​ជា​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​ទៅ​វិញ​។ ព្រោះតែ​ហេតុ​ដូចនេះ​ហើយ ទើប​គាត់​កើតទុក្ខ​មិន​សុខចិត្ត ក៏​ប្តឹង​បន្ត​មក​ថ្នាក់លើ ដើម្បី​ស្វែងរក​ភាព​យុត្តិធម៌​ដល់​កូនប្រុស​របស់​គាត់​ដែល​បាន​ស្លា​.​ប់​បាត់បង់​អាយុជីវិត​ទៅ គាត់​យល់​ថា អាយុជីវិត​មនុស្ស​មិនមែន​អាយុជីវិត​សត្វ​មាន់​ទា​នោះ​ទេ ហេតុ​អ្វី​បានជា​នគរបាល​ស្រុក​ប​សេដ្ឋ ធ្វើ​របាយការណ៍​បែប​នេះ រាយការណ៍​ទៅ​ថ្នាក់លើ​ទៅ​វិញ?​។

បន្ទាប់​ពី​មាន​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​បាន​ចុះ​ផ្សាយ​អំពី​ករណី​កូនប្រុស​របស់​គាត់ ត្រូវ​បាន​នគរបាល​ស្រុក​ប​សេដ្ឋ ស្ដីបន្ទោស​ថា រឿង​ប៉ុណ្ណឹង​សោះ ចាំបាច់​រាយការណ៍​ឲ្យ​អ្នកកាសែត​ផ្សាយ​ធ្វើ​អី ។ ពេល​នោះ​គាត់​ក៏​តប​វិញ​ថា បើ​អ្នកកាសែត​អត់​ផ្សាយ​ទេ កូន​របស់ខ្ញុំ​ស្លា​.​ប់​ទៅ​ចប់​ត្រឹម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាត់​ទៅ​ហើយ​។

សូម​រំលឹក​ថា នៅ​ក្នុង​ពាក្យបណ្ដឹង​លោកស្រី បាន​រៀបរាប់​ជូន​តំណាង​អយ្យកា​រថា កាលពី​ថ្ងៃ​ទី ១៤ ខែសីហា ឆ្នាំ​២០២២ ឈ្មោះ ជឿន អិន​ឈិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឃ្លោក ឃុំ​ព្រះ​ខែ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ និង​ឈ្មោះ សុខ ចម្រើន ហៅ​ភារៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​បឹង​ព័​ទ្ឋ ឃុំ​ស្ដុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជា​កូន​របស់​គាត់ ។ ត្រូវជា​មិត្ត​ភ​ក្កិ​នឹង​គ្នា បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​លេង​ម្ដាយ​របស់ ជឿន អិន​ឈិ នៅ​ភូមិ​ឃ្លោក រហូត​ដល់​យប់​បន្តិច​ក៏​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ លុះ​ពេល​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​ក៏​ជួបនឹង​ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ honda dream c125 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បាន​បើក​ដេញ​ពីក្រោយ​ដោយ​បើកភ្លើង​និង​ស៊ី​ផ្លេ​ដាក់​ផង​។

លោកស្រី​បន្ត​ថា ដោយ​បានឮ​គេ​ស៊ី​ផ្លេ​ដាក់​យ៉ាង​រន្ថើន​បែប​នេះ ឈ្មោះ ជឿន អ៊ិ​ន​ឈិ ជា​អ្នក​បើក​ម៉ូតូ​ក៏​បាន​អែប​កៀន ពេល​នោះ​ស្រាប់តែ​មិត្តភក្តិ​របស់​គេ សុខ ចម្រើន ហៅ​ភារៈ (​កូន​របស់​គាត់​) បាន​ប្រាប់​ថា «​អញ​ត្រូវ​គេ​កា​.​ប់​» បន្ទាប់​មក​ក៏​ទ្រេត​ខ្លួន​មក​ប៉ះ​ដៃ បណ្ដាល​ឱ្យ​រេ​ចង្កូត​ម៉ូតូ​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ប៊ីត ពណ៌​ស​ក្រហម ពាក់​ស្លាក​លេខ កំពង់ស្ពឺ IQ 47 07 បើកបរ​ដោយ​ឈ្មោះ ខុន ច​ន្ទ្រា ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​មក​បញ្ច្រាសទិស​គ្នា​។

ម្ដាយ​ជន​រង​គ្រោះ​នៅ​តែ​អះអាង និង​បញ្ជាក់​ផង​ដែរ​ថា ឈ្មោះ ជឿន អ៊ិ​ន​ឈិ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រូបគេ​នឹង​កូន​របស់​គាត់​មិនមែន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជិះ​ម៉ូតូ​សុខ​ៗ​ទៅ​បុក​ជាមួយ​ម៉ូតូ​ដែល​មក​បញ្ច្រាស​គ្នា​នោះ​ទេ គឺ​មាន​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជា​អ្នក​ដេញ​កា​.​ប់​ពីក្រោយ​។ ហើយ​នៅ​យប់​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ភា​រី​មាន​ជ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​សេដ្ឋ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុង រ៉ា​វីត និង​ឈ្មោះ បឿន ភាព បាន​ផង​ដែរ ដោយ​មាន​សាក្សី​ជា​ច្រើន​បានដឹង​ឮ រួម​ទាំង ជឿន អ៊ិ​ន​ឈិ ម្នាក់​ទៀត​។

ក្រោយ​ពេល​កើតហេតុ និង​ឃាត់ខ្លួន​បាន​មួយសន្ទុះ ជនសង្ស័យ​ឈ្មោះ សុង រ៉ា​វីត និង​ឈ្មោះ ប៊ឿ​ន ភាព ត្រូវ​បាន​នគរបាល​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​វរសេនីយ៍ទោ ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ​ខេត្តកំពង់ស្ពឺ ធ្វើការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​បាត់​ទៅ ដោយ​បាន​ធ្វើការ​កែប្រែ​កំណត់​ហេតុ​បទល្មើស​ឃា​.​ត​កម្ម​ទៅ​ជា​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​វិញ​។​ហេតុនេះ​រូប​គាត់​ជា​ម្ដាយ​កើតទុក្ខ​ពុំ​សុខចិត្ត​ទើប​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង​ទៅ​តាម​ផ្លូវច្បាប់​។

ដោយឡែក​យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​ឯណោះ​វិញ បាន​បង្ហើប​ប្រាប់​ផង​ដែរ​ថា ក្នុង​សារ​សំឡេង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម គឺ​លោកស្នងការ​នគរបាល​ខេត្ត បាន​សួរ​ទៅ​លោក សម សាក់ និង​លោក ច​ន សុ​ភី​ត ថា តើ​លោក​ទាំង​ពីរ​មាន​អំណះអំណាង​អី​បានជា​ធ្វើ​របាយការណ៍​រឿង​នេះ​ដាក់​ថា​ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍?

ប្រភព​ដដែល​បាន​បន្ត​ថា តាម​ពិត​លោក សម សាក់ មិនដឹង​នោះ​ទេ ព្រោះ​នេះ​ជា​របាយការណ៍​មូល​ដ្ឋាន​ជា​អ្នក​ផ្ញើ​មក ហើយ​អ្នកដឹង​រឿង​ច្បាស់ គឺ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភា​រី​មាន​ជ័យ ជា​កូនចៅ​របស់​លោក ច​ន សុ​ភី​ត ផ្ទាល់​តែ​ម្ដង​។ ទោះជា​យ៉ាងណា លោក សម សាក់ ក៏​បាន​ស្ទុះស្ទា​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​កំពុង​ធ្វើ​របាយការណ៍​ដាក់​ជូន​ថ្នាក់លើ​ពិនិត្យ ខណៈ​ជនសង្ស័យ​ទាំង​ពីរ​នាក់​កំពុង​រត់គេច​ខ្លួន បន្ទាប់​ពី​នគរបាល​ស្រុក​ប​សេដ្ឋ​ស្ទាក់​ចាប់​ច្រើន​ដង​មក​ហើយ តែ​ចាប់​មិន​បាន​។

សាច់ញាតិ​ជន​រង​គ្រោះ និង​អ្នក​ភូមិ ព្រមទាំង​មហាជន​ដែល​ដឹង​រឿង​សង្ឃឹមថា ក្រោយ​ពី​រឿង​នេះ ដល់​ដៃ ជំនាញ​ខេត្ត​ហើយ ច្បាស់​ជា​អាច​ផ្ដល់​ភាព​យុត្តិធម៌​ទៅ​ជន​រង​គ្រោះ​បាន​ជាក់​ជា​មិន​ខាន ។ ហើយ​ក៏​មាន​អ្នកខ្លះ​បាន​លើក​ឡើង​ថា បើ​ចាប់​បាន​ហើយ សុំ​ធ្វើ​សន្និសីទកាសែត ហើយ​ហៅ​អ្នក​ព័ត៌​មាន​ឲ្យ​ចូលរួម​ផង ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​ស្នាដៃ​អំពី​ការ​បង្ក្រាប​បទល្មើស​ដែល​កើតឡើង​ក្នុង​មូល​ដ្ឋាន​ឲ្យ​មហាជន​បានដឹង កុំឱ្យ​គេ​ចេះ​តែ​វា​.​យ​តម្លៃ​ថា អធិការ​ស្រុក​ប​សេដ្ឋ អសមត្ថភាព​ក្នុង​ការ​ដឹកនាំ​កម្លាំង​ក្រោម​បញ្ជា​បង្ការ​ទប់ស្កាត់​បទល្មើស​មិន​អោយ​កើត​មាន និង​បង្ក្រាប​មិន​បាន​នូវ​ហេតុការណ៍​ដែល​កើតឡើង​ជាក់ស្ដែង​។

ប្រភព​ចុង​ក្រោយ​ពី​នគរបាល​ស្រុក​ប​សេដ្ឋ​មួយ​រូប ក៏​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា សាវតា​របស់​ជនសង្ស័យ គឺ​នគរបាល​កំណត់​បាន​រួច​ហើយ ឈ្មោះ សុង រ៉ា​វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ឈ្មោះ បឿន ភាព ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ធ្នង់ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ប​សេដ្ឋ បាន​ចុះ​ទៅ​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ច្រើន​ដង​មក​ហើយ តែ​ជនសង្ស័យ​ហាក់បីដូចជា​ដឹងខ្លួន​មុន និង​គេចខ្លួន​បាត់​រហូត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ