ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​! ភ្ញៀវ​ទេសចរ​នាំ​គ្នា​សម្រុក​មក​កម្សាន្ត​នៅ​បាត់ដំបង​ជាង​២១​ម៉ឺន​នាក់

1 ឆ្នាំ មុន
  • បាត់ដំបង

ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​០៣​ថ្ងៃ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​សម្រុក​​មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្តបាត់ដំបង សរុប​ជាង​

ខេត្តបាត់ដំបង ៖ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​០៣​ថ្ងៃ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​សម្រុក​មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្តបាត់ដំបង សរុប​ជាង​២១​ម៉ឺន​នាក់ គឺ​កើនឡើង​ជាង​៤៥៦% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំទៅ​មិ​ញ​។ នេះ​បើ​យោង​លើ​របាយការណ៍​បូក​សរុប​របស់​មន្ទីរ​ទេ​ចស​ចរណ៍​ខេត្ត ដែល​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត​បាន​ជ្រាប​។

មន្ទីរ​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា រយៈពេល​០៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ ភ្ញៀវ​ទេសចរ​បាន​សម្រុក​មក​លេង​ខេត្តបាត់ដំបង​យ៉ាងច្រើន​កកកុញ នៅ​តាម​រមណីយ​នានា តែ​ក៏​មាន​រមណីយដ្ឋាន​មួយ​ចំនួន​ស្ងាត់​គ្មាន​ភ្ញៀវ​ចូល​លេង​ដែរ ដោយសារ​មាន​ភ្ញៀវ​ធ្លាក់​ខ្លាំង​បង្ក​ការ​រំខាន​ដល់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​។

តាម​រយៈ​របាយការណ៍​មន្ទីរ​ទេសចរណ៍ បាន​អះអាង​ថា រយៈពេល​០៣​ថ្ងៃ នៃ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ មាន​សរុប​ចំនួន​២១០,១២២​នាក់ កើនឡើង​ចំនួន ៤៥៦,០៥% បើ​ប្រៀបធៀប​ឆ្នាំទៅ​ម៉ិ​ញ​មាន​ភ្ញៀវ​មក​កម្សាន្ត​នៅ​ខេត្តបាត់ដំបង ត្រឹមតែ​ចំនួន​៣៧,៧២៤​នាក់​ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ភ្ញៀវ​អន្តរជាតិ​វិញ សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​នេះ មាន​រហូត​ដល់​ទៅ​ចំនួន​៣៥៨​នាក់ គឺ​កើនឡើង​១០០% ។ នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំទៅ​ម៉ិ​ញ​។

មានការ​កត់សម្គាល់​ផង​ដែរ​ថា ភ្ញៀវ​ទេសចរ​ស្ទើរ​២៤​ខេត្ត​-​រាជធានី នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​ធ្វើ​ដំណើរ​មក​លេង​ខេត្តបាត់ដំបង ដែល​ជា​ខេត្ត​វ័យ​ចំណាស់​បំផុត​មួយ សំបូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍ធម្មជាតិ និង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​។ ក្នុង​ដំណើរ​កម្សាន្ត គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​លើសលប់​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ដែល​មាន​ទឹកធ្លាក់ និង​តំបន់​មាន​ប្រាសាទបុរាណ ជា​ពិសេស «​ប្រាសាទ​បាណ​ន់​»​។ ប៉ុន្តែ​នៅ​តាម​រមណីយដ្ឋាន​ខ្លះ ដែល​មានទឹក​ឡើង និង​ហូរ​ខ្លាំង​ក៏​ស្ងាត់​ភ្ញៀវ​ដែរ ព្រោះ​មិន​ហ៊ាន​ចូល​លេង​ខ្លាច​ទឹកជំនន់​។

មន្ត្រី​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ពេល​ព្រឹក​ភ្ញៀវ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ភ្លូកទឹកភ្លូកដី​ទៅ​លេង​នៅ​តំបន់​ដែល​មាន​ទឹកធ្លាក់ ជា​ពិសេស​នៅ​ស្រុក​សំឡូត​។ លុះ​នៅ​ពេល​រសៀល ពួក​គេ​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ ចូល​លេង​តាម​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​នានា ដូច​ជា រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ «​ភ្នំ​សំពៅ ប្រាសាទ​បាណ​ន់ និង​ប្រាសាទឯកភ្នំ​»​។ ប៉ុន្តែ​ជាមួយនឹង​ការ​ទស្សនា​ប្រាសាទ​បាណ​ន់ ភ្ញៀវ​ដ៏​ច្រើន​លើសលប់ ក៏​ប្រជ្រៀត​គ្នា​ទៅ​ជិះ «​ឡូ​រី​» កម្សាន្ត​នៅ​ជើងភ្នំ​បាណ​ន់​យ៉ាង​ណែន​តាន់តាប់​ផង​ដែរ​។

ក្រៅពី​តាម​រមណី​ដ្ឋា​ន​នានា កកកុញ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ពេល​ថ្ងៃ ដោយឡែក​នៅ​ពេល​រាត្រី​វិញ គេ​ក៏​សង្កេត​ឃើញ​នៅ​តាម​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន​នានា តាម​សណ្ឋាគារ និង​ផ្ទះសំណាក់ នៅ​ក្នុង​ក្រុង​បាត់ដំបង ក៏​ស្ថិត​ក្នុង​ស្ថានភាព​ណែន​តាន់តាប់​ទៅ​ដោយ​ភ្ញៀវ​ស្នាក់​នៅ​។

យ៉ាងណា​ក្ដី ជាមួយនឹង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ទឹកដី នៃ​ខេត្ត​ប្រវត្តិសាស្ត្រ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ក៏​ជួប​នូវ​បញ្ហា​ប្រឈម​ខ្លះ​ៗ​ដែរ​។ នេះ​បើ​តាម​ការ​វា​.​យ​តម្លៃ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ដែល​មន្ត្រី​ជំនាញ នៃ​មន្ទីរ​នេះ បាន​ចុះ​តាម​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្ដែង​នៅ​តាម​រមណីយដ្ឋាន​នានា​។

មន្ទីរ​ទេសចរណ៍​បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​ទាំងនោះ​ថា ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាំ​ឲ្យ​ពិបាក​ក្នុង​ការ​ចូលរួម​អនុវត្ត​នូវ​វិធានការ ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ កកស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​ចូល​រមណីយដ្ឋាន និង​កកស្ទះ​តាម​គោលដៅ​ទេសចរណ៍ ភ្ញៀវ​ធ្លាក់​រាល់ថ្ងៃ​នាំ​រំខាន​ដល់​ដំណើរ​ភ្ញៀវ​ធ្វើ​ដំណើរ​កម្សាន្ត និង​តំបន់​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ជាប់មាត់​ស្ទឹង មិន​អាច​ចូល​ទៅ​កម្សាន្ត​បាន ព្រោះ​ខ្លាច​ទឹកស្ទឹង​ឡើង ទើបត្រូវ​បិទ​តែ​ម្ដង​។ ប៉ុន្តែ​យ៉ាងណា របាយការណ៍​មន្ទីរ​ទេស​ចរណ៍​ខាងលើ​នេះ មិន​បាន​បញ្ជាក់​ទេ​ថា តើ​ក្នុង​ដំណើរ​កម្សាន្ត​រយៈពេល​០៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​នេះ មាន​មនុស្ស​គ្រោះថ្នាក់​ដោយសារ​លង់ទឹក​ដែរ ឬ​អត់​នោះ​ទេ?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ