ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​លំនៅ​ឋាន​តាម​រយៈ​ឈ្មួញកណ្តាល និង​ចំណុច​គួរ​យល់​ដឹង

7 ឆ្នាំ មុន

ប្រសិនបើ​ការ​លក់​លំនៅ​ឋាន​របស់​លោក​អ្នក​ចាប់ផ្តើម​ដោយ​លំបាក និង​ប្រើ​ពេលវេលា​យូរ​ជាង​ការ​គិត​ទុក ការ​រក​អ្នកមាន​អាជីព​ដូច​ជា «​ឈ្មួញកណ្តាល​» ចូល​មក​ជួយ ក៏​ជា​ជម្រើស​មួយ​ដែល​មនុស្ស​ជា​ច្រើន​បាន​អនុវត្ត ព្រោះ​

ប្រសិនបើ​ការ​លក់​លំនៅ​ឋាន​របស់​លោក​អ្នក​ចាប់ផ្តើម​ដោយ​លំបាក និង​ប្រើ​ពេលវេលា​យូរ​ជាង​ការ​គិត​ទុក ការ​រក​អ្នកមាន​អាជីព​ដូច​ជា «​ឈ្មួញកណ្តាល​» ចូល​មក​ជួយ ក៏​ជា​ជម្រើស​មួយ​ដែល​មនុស្ស​ជា​ច្រើន​បាន​អនុវត្ត ព្រោះ​ឈ្មួញកណ្តាល​ទាំងនេះ​តែង​មាន​ជំនាញ​ផ្នែក​លក់ និង​ស្វែងរក​អតិថិជន​បាន​ច្រើន ប៉ុន្តែ​ទាំងនេះ​ក៏​មិនមែន​មាន​ន័យ​ថា ការ​លក់​លំនៅ​ឋាន​តាម​រយៈ​ឈ្មួញកណ្តាល នឹង​ល្អ​រហូត​នោះ​ទេ ។ អ្នកខ្លះ​អាច​ធ្លាប់​ជួប​ហេតុការណ៍​ឈ្មួញកណ្តាល​បោក​ប្រាក់ ឬ​ប្រាក់​មិន​បាន​ទៅ​ដល់​ដៃ​អ្នកលក់​គ្រប់​ចំនួន និង​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​ចាប់ផ្តើម​ញញើត​ថា នឹង​អាច​ជួប​ឈ្មួញកណ្តាល​ល្អ​ឬទេ ? នេះ​ជា​សំណួរ​គួរ​សួរ​មុន​នឹង​លក់​ផ្ទះ​តាម​រយៈ​ឈ្មួញកណ្តាល ៖

១-​មានបទពិសោធន៍ និង​ជំនាញ​អ្វីខ្លះ ៖
រឿង​សំខាន់​បំផុត​ក្នុង​ការ​ជ្រើសរើស​ឈ្មួញកណ្តាល គឺ​សួរ​ដល់​ជំនាញ​របស់​ពួក​គេ​ថា មាន​ភាព​ស្ទាត់ជំនាញ​ផ្នែក​ណា ដូច​ជា ឈ្មួញកណ្តាល​ខ្លះ​ស្ទាត់ជំនាញ​ក្នុង​ការ​លក់​ខុន​ដូ​, ខ្លះ​ជំនាញ​ខាង​ទីតាំង និង​ខ្លះ​ទៀត​អាច​និយាយ​ភាសា​ជប៉ុន​បាន ដែល​សម​នឹង​ការ​រក​អតិថិជន​ជនជាតិ​ជប៉ុន (​សម្រាប់​អ្នក​ដែល​ចង់បាន​អតិថិជន​ជប៉ុន​) ។

ត្រង់នេះ​យើង​អាច​កំណត់​ថា ចង់បាន​ឈ្មួញកណ្តាល​ដែល​ស្ទាត់ជំនាញ​ផ្នែក​អ្វី​ជា​ពិសេស ។ យើង​សូម​ណែនាំ​ថា គួរ​ជ្រើសរើស​ឈ្មួញកណ្តាល​ដែល​មាន​ជំនាញ​ខាង​ទីតាំង គឺ​ល្អ​ជាង ព្រោះ​គាត់​នឹង​ដឹង​ព័ត៌មាន​លម្អិត​ទាំង​ទីតាំង និង​តម្លៃ ។

២-​ធ្វើការ​ជា​ក្រុម ឬ​ឯកជន ៖
បច្ចុប្បន្ន​នេះ ឈ្មួញកណ្តាល​ដែល​ទទួល​ទិញ​-​លក់​ផ្ទះ​មាន​ច្រើន​បែប ទាំង​ជា​ក្រុម​ដែល​មានការ​ទទួលស្គាល់ និង​លិខិតអនុញ្ញាត ។ ឈ្មួញកណ្តាល​ខ្លះ​ធ្វើ​ជា​លក្ខណៈ​ឯកជន គឺ​មិន​អាស្រ័យ​លើ​ក្រុម​ណាមួយ​ឡើយ ។

ដូច្នេះ បើ​អ្នក​ចង់បាន​ឈ្មួញកណ្តាល​ដែល​អាច​ទុកចិត្ត​បាន គួរ​ស្វែងរក​អ្នក​នៅ​ក្នុង​ក្រុមហ៊ុន​គួរ​ជឿ​ទុកចិត្ត និង​មាន​លទ្ធផល​ការងារ​ដែល​អាច​បញ្ជាក់​ថា អាច​លក់​ផ្ទះ​បាន​ពិតប្រាកដ គ្មាន​ប្រវត្តិ​បោកប្រាស់ ឬ​បញ្ហា​នៅ​ពេល​ក្រោយ ។

៣-​សុំ​មើល​លទ្ធផល​ការងារ​កន្លង​មក ៖
មិន​មាន​ន័យ​ថា ឈ្មួញកណ្តាល​ដែល​គ្មាន​ក្រុម គឺ​មិន​គួរ​ឲ្យ​ទុកចិត្ត​នោះ​ទេ គ្រាន់តែ​អ្នក​ត្រូវ​ពិនិត្យ​ឲ្យ​បាន​លម្អិត​ច្រើន​ជាង​ឈ្មួញកណ្តាល​មក​ពី​ក្រុមហ៊ុន ។ វិធី គឺ​ត្រូវ​សើ​ុ​ប​ពី​ប្រវត្តិ​លទ្ធផល​ការងារ​របស់​ឈ្មួញកណ្តាល​រូប​នោះ​សិន ។

បច្ចុប្បន្ន មាន​ច្រើន​វិធី​ដែល​ឈ្មួញកណ្តាល​ទទួល​អតិថិជន​ដូច​ជា ហ្វេ​ស​ប៊ុ​ក​ជាដើម​។  អ្នក​អាច​ទាក់ទង​ជាមួយ​អតិថិជន​ចាស់​ដើម្បី​សួរនាំ​ទាក់ទង​ពី​ឈ្មួញកណ្តាល​រូប​នេះ​ថា ជា​មនុស្ស​ដូច​ម្តេច? ទាំងនេះ​គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​បោកប្រាស់​របស់​ឈ្មួញ កណ្តាល​ឯកជន ។

៤-​បាន​ដាក់​ផែនការ​ទីផ្សារ​ដូច​ម្តេច​ខ្លះ​ក្នុង​ការ​លក់​ផ្ទះ​នេះ ៖
កុំ​ភ្លេច​សួរ​ដល់​ផែនការ​ធ្វើការ​របស់​ឈ្មួញកណ្តាល​ថា មាន​ផែនការ​បែប​ណា​ដើម្បី​ធ្វើ​ឲ្យ​ផ្ទះ​នេះ​លក់ដាច់ ឬ​ជួល​បាន​ឆាប់រហ័ស ព្រោះ​គោលបំណង​រក​ឈ្មួញកណ្តាល​ជួយ​លក់​ផ្ទះ គឺ​ត្រូវការ​ឲ្យ​លក់​បាន​លឿន និង​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ក្នុង​ផ្នែក​ផ្សេង​ៗ​ផង​ដែរ ។

ដូច្នេះ បើ​អ្នក​ស្តាប់​ផែនការ​ទីផ្សារ​របស់​គាត់​ហើយ​មើលទៅ​មិន​ចាប់អារម្មណ៍ ឬ​គិត​ថា​មិន​ដំណើរការ ក៏​មិន​ចាំបាច់​រក​សេវា​ពី​ឈ្មួញកណ្តាល​រូប​នេះ​ទេ គឺ​អាច​រក​អ្នក​ដទៃ​ដែល​សម​ស្រប​ជាង​វិញ ។

៥-​មាន​ពាក្យ​សម្រាប់​ណែនាំ​ឬទេ ៖
ឈ្មួញកណ្តាល មិន​បាន​មាន​តួនាទី​ជួយ​យើង​លក់​ផ្ទះ​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​អាច​ផ្តល់​ការ​ប្រឹក្សា និង​ពាក្យ​ណែនាំ​ផ្សេង​ៗ​ផង​ដែរ ។ កុំ​ភ្លេច​ថា គាត់​ជា​អ្នកមាន​ជំនាញ​ច្រើន​ជាង​យើង ដូច្នេះ គាត់​មាន​ទិន្នន័យ និង​បាន​ត្រៀមខ្លួន ។

ពាក្យ​ប្រឹក្សា​ភាគច្រើន ដែល​ឈ្មួញ កណ្តាល​គួរ​ផ្តល់​ដល់​យើង​នោះ ដូច​ជា ការ​ដាក់​តម្លៃ​មាន​ភាព​សម​ស្រប​ឬ​នៅ ឬ​វិធី​លក់​បែប​ណា​ល្អ បែប​ណា​មិនល្អ ជាដើម ។ អ្នក​គួរ​ប្រឹក្សា​​រក​ទិន្នន័យ​ដោយ​ខ្លួនឯង​ផង​ដែរ មុន​នឹង​ជឿជាក់​លើ​អ្នក​ដទៃ ព្រោះ​ចុង​ក្រោយ ការ​ទទួល​បាន​ចំណេញ ឬ​ខាតបង់ វា​គឺជា​ប្រាក់​របស់​អ្នក មិនមែន​ប្រាក់​របស់​ឈ្មួញ​កណ្តាល​​នោះ​ទេ ៕