ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក ប៊ុ​ន​ញ៉ា​ង វរ​ជី​ត ប្រធាន​រដ្ឋ​ឡាវ​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ១-​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ១-​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៊ុ​ន​ញ៉ា​ង វរ​ជី​ត ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមា​និ​ត​ឡាវ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ឡាវ មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

២-​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ លោក ប៊ុ​ន​ញ៉ា​ង វរ​ជី​ត បាន​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមាន​ឯករាជ្យ និង​មណ្ឌល​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហ​នុ ព្រះ​មហា​វិ​រក្ស​ត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ។ លោក​ប្រធាន​រដ្ឋ ក៏​បាន​ជួប​ជាមួយ​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

៣-​នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោក ប៊ុ​ន​ញ៉ា​ង វរ​ជី​ត ប្រធាន​រដ្ឋ​ឡាវ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា និង​ផ្លាស់​ប្ដូរ​ទស្សនៈ​យ៉ាង​ទូលំទូលាយ​ស្ដី​ពី​ទំនាក់ទំនង​មិត្ដភាព​ទ្វេភាគី និង​កិច្ច​សហប្រតិបត្ដិកា​រលើ​គ្រប់​វិស័យ ក៏​ដូច​ជា​បញ្ហា​នៅ​ក្នុង​តំបន់ និង​អន្ដរជាតិ ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង​ពីរ ។ ជំនួប​ពិភាក្សា​ទ្វេភាគី​នោះ បាន​ប្រព្រឹត្ដ​ទៅ​ក្រោម​បរិយា​កាស​ទំនាក់ទំនង​ល្អ​មិត្ដភាព ប្រពៃណី សាមគ្គី​ជា​បងប្អូន និង​ជា​អ្នក​ភូមិ​ផង​ដ៏​ល្អ ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម ៖

ក​-​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការ​អបអរ​ចំពោះ​លោក​ប្រធាន​រដ្ឋ ប៊ុ​ន​ញ៉ា​ង វរ​ជី​ត ហើយ​តាម​រយៈ​លោក​ប្រធានរ​ដ ជូន​ចំពោះ​ថ្នាក់​ដឹង​នាំ​ឡាវ ដែល​ទើបនឹង​ត្រូវ​បាន​ជ្រើសតាំង​ថ្មី​ៗ​នេះ ។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើក​ទី​១​របស់​លោក​ប្រធាន​រដ្ឋ ប៊​៊ុ​ន​ញ៉ា​ង វរ​ជី​ត និង​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ប្រទេស​ឡាវ ដែល​សម្រេច​បាន​សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​អភិវឌ្ឍ និង​កំណែទម្រង់​ជាតិ​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​របស់​រដ្ឋាភិបាល និង​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ។

ខ​-​លោក ប៊ុ​ន​ញ៉ា​ង វរ​ជី​ត បាន​សម្តែង​នូវ​ការ​អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រជាជន​កម្ពុជា ជា​បងប្អូន​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​សម្រេច​បាន​ប្រកបដោយ​មោទនភាព​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​បាន​គូសបញ្ជាក់​ថា ឡាវ​តែងតែ​ផ្តល់​តម្លៃ​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ដ៏​ល្អ និង​បាន​ជួយ​ជ្រោមជ្រែង​បន្តបន្ទាប់​របស់​ប្រជាជន និង​ថ្នាក់ដឹកនាំ​កម្ពុជា​ក្នុង​ការ​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២៨ និង​លើក​ទី​២៩ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​ទទួល​ជោគជ័យ​កាលពី​ឆ្នាំ​កន្លង​ទៅ
នេះ ។

គ​-​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ឯកភាព​ចំពោះ​ការ​វាយតម្លៃ​ខ្ពស់​របស់​ប្រធាន​រដ្ឋឡាវ និង​បាន​បញ្ជាក់​សា​ជា​ថ្មី​ថា កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ឡាវ​ជា​មិត្ត​ប្រើប្រាស់​កំពង់​ផែ និង​ផ្លូវទឹក ផ្លូវគោក​កម្ពុជា សម្រាប់​ជា​ការ​ដឹក​ទំនិញ​ចេញចូល ដើម្បី​ជំរុញ​កា​រត​ភ្ជាប់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ឡាវ និង​នៅ​ភាគ​ឦសាន​នៃ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន ។

ឃ​-​ភាគី​ទាំង​ពីរ​រីករាយ​ចំពោះ​ទំនាក់ទំនងមិត្តភាព​ជា​ប្រពៃណី​ដ៏​ប្រសើរ ភាព​ជា​អ្នក​ជិតខាង​ល្អ សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដែល​បាន​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដូច​ជា វិស័យ​អប់រំ ពាណិជ្ជកម្ម ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ការ​កាប់​ឈើ​ខុសច្បាប់ ។

ង​-​ភាគី​ទាំង​ពីរ​បាន​កត់សម្គាល់​ដោយ​ការ​ពេញចិត្ត​ចំពោះ​លទ្ធផល​ដែល​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ថ្មី​ៗ​នេះ​ដូច​ជា ៖ ១-​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប័ណ្ណ​ឆ្លងកាត់​ព្រំដែន​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៧ និង​២-​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ច្រក​ទ្វារ​អន្តរជាតិ​នេះ​មិន​ត្រឹមតែ​ជួយ​សម្រួលការ​ឆ្លងកាត់​ព្រំដែន​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ពាណិជ្ជកម្ម និង​ទេសចរ ។

ច​-​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ស្វាគមន៍​ចំពោះ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​របស់​លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ី​ត រដ្ឋមន្ត្រី​ការបរទេស​ឡាវ​កាលពី​ថ្ងៃ​ទី​២៣-២៥ ខែមករា ឆ្នាំ​២០១៧ ដែល​បាន​រួមចំណែក​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។

ឆ​-​ភាគី​ទាំង​ពីរ​បាន​កត់សម្គាល់​ចំពោះ​លទ្ធផល​ថ្មី​ៗ​នៃ​ការ​បោះបង្គោល និង​កំណត់ព្រំដែន និង​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មការ​ព្រំដែន​កម្ពុជា​-​ឡាវ​(JBC)​ដែល​សម្រេច​បាន​៨៦%​នៃ​ការងារ​កំណត់ និង​បោះបង្គោល​ព្រំដែន​ឈរ​លើ​គោលការណ៍​នានា ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​យក​មក​អនុវត្តន៍​ក្នុង​ការ​ដោះស្រាយ​ព្រំដែន ។ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​លើកទឹកចិត្ត​ឱ្យ​គណៈកម្មការ​ព្រំដែន​រួម​នៃ​ប្រទេស​ទាំង​ពីរ ស្វែងរក​ដំណោះស្រាយ​ជាក់លាក់​មួយ​ចំពោះ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់ ដើម្បី​បញ្ចប់​ឱ្យ​បាន​ឆាប់​នូវ​ដំណើរការ​បោះបង្គោល និង​កំណត់ព្រំដែន​គោក ។

ជ​-​ភាគី​ទាំង​ពីរ​យល់​ឃើញ​ថា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង កិច្ច​សហប្រតិបត្តិការ កំណត់ហេតុ និង​អនុស្សរណៈ​នៃ​ការ​យោគយល់ ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ទាំង​ពីរ ។

ឈ​-​ភាគី​ទាំង​ពីរ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​សម្របសម្រួល និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​វេទិកា​ពហុភាគី​នា​បណ្តា​ឆ្នាំ​កន្លង​មក ។ ក្នុង​បរិបទ​តំបន់​ដែល​មានការ​ប្រែប្រួល​ជាមួយនឹង​កា​រវិ​វត្ត​នា​ពេល​បច្ចុប្បន្ន ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​ការ​សម្របសម្រួល​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ​ដូច​ជា កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម ស្តី​ពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន់​ម៉ា​-​វៀតណាម (CLMV) កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យេ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) មហា​អនុ​តំបន់​ទន្លេមេគង្គ (GMS) កិច្ច​សហប្រតិបត្តិការ​មេគង្គ ក៏​ដូច​ជា​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ តាម​រយៈ​ការ​លើកកម្ពស់​កិច្ចសហការ ការ​ចែករំលែក​ព័ត៌មាន​និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ធានា​បាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៅ​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ ។

ញ​-​សម្រាប់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ភាគី​ទាំង​ពីរ​បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ដោះស្រាយ​ជម្លោះ​ដោយ​មធ្យោបាយ​សន្តិវិធី​រូ​ម​មាន ការ​ចរចា និង​ការពិគ្រោះ​យោបល់ ការ​អត់ធ្មត់ គ្មាន​ការ​គំរាមកំហែង ឬ​គ្មាន​ការ​ប្រើប្រាស់​កម្លាំង ស្រប​តាម​គោលការណ៍​ដែល​ទទួលស្គាល់​ជា​សាកល​នៃ​ច្បាប់​អន្តរជាតិ រួម​មាន​អនុសញ្ញា​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២ ស្តី​ពី​ច្បាប់​សមុទ្រ (UNCLOS) ។

ដ​-​ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធាន​រដ្ឋ​ឡាវ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ ក្នុង​ការ​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​ដ៏​ប្រសើរ សាមគ្គីភាព​ជា​បងប្អូន និង​ភាព​ជា​អ្នក​ជិតខាង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ប្រកបដោយ​ចីរភាព ។

៤-​គណៈប្រតិភូ​ឡាវ បាន​សម្តែង​នូវ​ការ​កោតសរសើរ​យ៉ាង​កក់ក្តៅ និង​បដិសណ្ឋារកិច្ច​ប្រកបដោយ​សមានចិត្ត ជូន​ចំពោះ​គណៈប្រតិភូ​ឡាវ ក្នុងអំឡុងពេល​ស្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ការ​រៀបចំ​ដ៏​ល្អ​ប្រសើរ​សម្រាប់​គណៈប្រតិភូ​ឡាវ ក្នុងអំឡុងពេល​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក ប៊ុ​ន​ញ៉ា​ង វរ​ជី​ត ប្រធាន​រដ្ឋនៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ៕