ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ភាគ​«​នាវាជីវិត​»​ស្នាដៃ​ថ្មី​ដំបូង​របស់​ទូរទស្សន៍​អប្សរា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​គាំ ច​ន្ឋី បាន​ចូល​កាន់​ការងារ​ជា​ច្រើន​ផ្នែក​កម្សាន្ត​របស់​ទូរទស្សន៍​អប្សរា ហើយ​លោក​បង្ហាញ​ស្នាដៃ​ការងារ​ដំបូង​គឺ​ភាពយន្ត​ភាគ​រឿង​«​នាវាជីវិត​» …

រាជធានី​ភ្នំពេញ ៖ លោក​គាំ ច​ន្ឋី បាន​ចូល​កាន់​ការងារ​ជា​ច្រើន​ផ្នែក​កម្សាន្ត​របស់​ទូរទស្សន៍​អប្សរា ហើយ​លោក​បង្ហាញ​ស្នាដៃ​ការងារ​ដំបូង​គឺ​ភាពយន្ត​ភាគ​រឿង​«​នាវាជីវិត​» ។ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១៧ ស្ថានីយទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១ បាន​រៀបចំ​ពិធី​ក្រុង​ពលី​ថត​រឿង​ភាគ​«​នាវាជីវិត​» ។

រឿង​«​នាវាជីវិត​»​របស់​ផលិតកម្ម​FCI​ដែល​មាន​លោក​គាំ ច​ន្ឋី ជា​ផលិតករ​មានបទពិសោធន៍ផលិតភាព​យន្ត​ជា​ច្រើន ។ មាន​តារា​ប្រុស​ស្រី​ថ្មី​ចាស់ និង​មន្ត្រី​ថ្នាក់ដឹកនាំ​ស្ថានីយ​ទូរទស្សន៍​អប្សរា​ជា​ច្រើន​រូប​ចូលរួម​ពិធី​ក្រុង​ពលី​សុំ​សេចក្តីសុខ​ពេល​ដំណើរការ​ថត​និង​ពេល​ចាក់​បញ្ចាំង​ជា​ផ្លូវការ ។

រឿង​ភាគ​មនោសញ្ចេតនា​«​នាវាជីវិត​»​និ​ព​ន្ឋ​ដោយ​លោក​គាំ ច​ន្ឋី រៀបរៀង​ដោយ​លោក​សយ ឡត ដឹកនាំ​រឿង​ដោយ​លោក​គាំ ច​ន្ឋី ជំនួយការ​ដឹកនាំ​រឿង​លោក​សន ព្រាន​វណ្ណៈ និង​លោក​សូរ វិសាល ។

លោក​គាំ ច​ន្ឋី ជា​អ្នក​និ​ព​ន្ឋ និង​ដឹកនាំ​រឿង​ដែល​ទើបតែ​ទទួល​បាន​តំណែង​ជា​អ្នក​ចាត់ចែង​កម្មវិធី​កម្សាន្ត​នានា ប្រចាំ​ស្ថានីយទូរទស្សន៍​អប្សរា​បន្ទាប់​ពី​លោក​ហ្វៃ សំអាង លាឈប់​បានឱ្យ​ដឹង​ថា​លោក​ចូល​កាន់​ការងារ​មួយ​ចំនួន​ដែល​ជា​ផ្នែក​កម្មវិធី​កម្សាន្ត​ប្រចាំ​ស្ថានីយទូរទស្សន៍​អប្សរា ហើយ​លោក​មានគំនិត​ច្នៃ​ការងារ​ជា​ច្រើន​ឱ្យ​មាន​ភាព​ប្រសើរ​តាម​ជំនាញ​របស់​លោក​ដែល​គេ​ផ្តល់​តួនាទី​ជូន ។ ជា​ជំហាន​ដំបូង​លោក​ផលិត​ខ្សែភាពយន្ត​ភាគ ជា​លើក​ដំបូង​សម្រាប់​ទូរទស្សន៍​អប្សរា​ដែល​កន្លង​មក​មិន​ដែល​មាន​ទេ ។

រឿង​«​នាវាជីវិត​»​មាន​ជាង​៤០​ភាគ​គ្រោង​ចាក់​បញ្ចាំង​មុន​បុណ្យចូលឆ្នាំ ឬ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ។ លោក​ច​ន្ធី​តាំងចិត្ត​បញ្ចេញស្នាដៃ​ខ្សែភាពយន្ត​ភាគ​ក្នុង​១​ឆ្នាំ ចំនួន​២​ទៅ​៣​រឿង​សម្រាប់​បំពេញ​ទីផ្សារ​ភាពយន្ត​ខ្មែរ ។

លោក​គាំ ច​ន្ធី រំពឹង​ថា​ស្នាដៃ​ទី​១​របស់​ទូរទស្សន៍​អប្សរា​ផ្នែក​ភាពយន្ត​ភាគ​នេះ​នឹង​បានការ​គាំទ្រ​ពី​ទស្សនិកជន​ក្រោយ​ពេល​លោក​ចូល​ទៅ​កាន់​កម្មវិធី​ជា​ច្រើន​ដែល​មានការ​កែប្រែ ។

តារា​សម្តែង​ទើបបាន​តំណែង​តួឯក​លើក​ដំបូង​លោក​ព្រហ្ម ប្រ​សិ​ទ្ឋ មាន​ក្តី​សប្បាយ​រីករាយ​ដែល​បាន​ផលិតកម្ម​អែ​ហ្វ​ស៊ី​អាយ របស់​លោក​គាំ ច​ន្ឋី ជ្រើសរើស​ឱ្យ​សម្តែង​ជា​តួឯក​ដោយ​យល់​ថា​លោក​សក្តិ​សម​នឹង​សាច់​រឿង ។ លោក​បាន​សាកល្បង​ទេព​កោសល្យ​ជា​ច្រើន​លើក ទម្រាំ​ជាប់​បាន​តំណែង​នេះ​។ «​ខ្ញុំ​នឹង​យក​បទ​ពិសោធន៍​ដែល​ធ្លាប់​ថត​រឿង​បាន​ជាង​១០​រឿង​កន្លង​មក ធ្វើ​យ៉ាងណា​ការ​សម្តែង​ទៅ​បាន​ល្អ​ក្នុង​ពេល​ដែល​ខ្ញុំ​ក្តាប់​តំណែង​សំខាន់​នា​ពេល​នេះ​» ។

តារា​ចូលរួម​ក្នុង​ធិ​ពី​ក្រុង​ពលី​នោះ​រួម​មាន​នាង​កុ​ល ដា​វី​,​កញ្ញា​ថន ស្រី​ណៃ និង​លោក​អ៊ុ​ក សុភ​ក្រ័​រិ​ទ្ឋ ជាដើម ៕