ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​បង្ហាញ​ពី​ការ​អនុវត្ត​គោល នយោបាយ​សម្តេច​តេ​ជោ​លើ​កោះ​រ៉ុ​ង

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក យន្ត មីន អភិបាលខេត្ត បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ថា ដោយ​មានការ​ចូលរួម​ពី​លោកនាយ​

ខេត្ត​ព្រះ​សីហ​នុ ៖ លោក យន្ត មីន អភិបាលខេត្ត បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ថា ដោយ​មានការ​ចូលរួម​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃកង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្ម​ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើនិង​ធនធានធម្មជាតិ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ក្រុង​-​សង្កាត់ មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​កាប់​ព្រៃឈើ​ធម្មជាតិ​នៅ​លើ​កោះ​រ៉ុ​ង​។ កោះ​រ៉ុ​ង​គឺជា​តំបន់​ទាក់ទាញ​ខាង​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​គិតគូរ​ពី​ការ​អភិវឌ្ឍ​តំបន់​នេះ ឱ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច និង​តំបន់​ទេសចរណ៍​ដ៏​សំខាន់ និង​មាន​សក្តានុពល​ក្នុង​ដែនសមុទ្រ​ខ្មែរ​។

លោក​អភិបាលខេត្ត​បន្ត​ថា នៅ​ឆ្នាំ​២០០៨ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​នៅ​កោះ​រ៉ុ​ង ដើម្បី​ទាញ​យក​ភ្ញៀវ​ទេសចរ បង្កើន​ចំណូល​សេដ្ឋកិច្ច ពិសេស​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដី​កោះ​។ នៅ​ឆ្នាំ​២០១៤ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ឱ្យ​រដ្ឋបាល​ខេត្ត​-​ក្រុង កាត់​វៀល
ដី​ជា​លក្ខណៈ​ស្បែក​ខ្លា​ប្រមាណ​ជា​២.០០០​ហិ​កតា ជូន​ប្រជាពលរដ្ឋ​រស់នៅ​ពិតប្រាកដ​លើ​កោះ​រ៉ុ​ង ។ ចំណែក​កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៥​កន្លង​មក សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​មក​លើកទឹកចិត្ត​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍន៍​កោះ​ឱ្យ​ដំណើរការ​ទៅ​មុខ និង​ជំរុញ​ឱ្យ​កាត់​វៀល​ដី​ជា​លក្ខណៈ​ស្បែក​ខ្លា​ជូន​ដល់​ប្រជាពលរដ្ឋ ស្រប​តាម​គោលនយោបាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ធ្វើ​អ្វី​ៗ​សំដៅ​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ។

លោក យន្ត មីន បន្ត​ថា នៅ​ឆ្នាំ​២០១៦ រដ្ឋបាល​ខេត្ត បាន​ចុះ​ទៅ​កាត់​វៀល​ដី​បាន​ជិត​២០០​ក្បាលដី ដោយ​មាន​កិច្ចសហការ​ពី​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជូន​មន្ត្រី​ជំនាញ​ប្រមាណ​៣០០​នាក់ ចុះ​កាត់​វៀល​ដី​ជា​លក្ខណៈ​ស្បែក​ខ្លា​ជូន​ប្រជាពលរដ្ឋ​នៅ​លើ​កោះ​រ៉ុ​ង ។

លុះ​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ មន្ត្រី​ជំនាញ​ចាប់ផ្តើម​ចុះ​វាស់វែង​ជូន​ប្រជាពលរដ្ឋ ហើយ​ការងារ​ចុះ​វាស់វែង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២១-២២ ខែធ្នូ ឆ្នាំ​២០១៦ ទើបបាន​បញ្ចប់ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​កោះ​រ៉ុ​ង ។ ជា​លទ្ធផល​ក្រុមការងារ​ធ្វើការ​វាស់វែង​សម្រេច​បាន​ចំនួន​៩៨០​ក្បាលដី មាន​ទំហំ​ប្រមាណ​ជា​២.០០០​ហិ​កតា ។

ក្រោយ​ពេល​វាស់វែង​ហើយ ប្រជាពលរដ្ឋ​មានគំនិត​កែ​ច្នៃ​ចាប់ផ្តើម​អភិវឌ្ឍន៍​ដី​របស់​ពួក​គាត់​ដោយ​ចង់​ធ្វើ​ជា​សណ្ឋាគារ ផ្ទះសំណាក់​ជាដើម ដោយ​បោះបង្គោល កាប់​ឆ្ការ​ព្រំ​ដី ។ ទន្ទឹម​នោះ រដ្ឋបាល​ខេត្ត​ក៏​បាន​ធ្វើការ​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​ជា​ថ្មី នៅ​លើ​តំបន់​កោះ ។ ម្យ៉ាង តំបន់​កោះ​រ៉ុ​ង​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ឆ្នេរសមុទ្រ​ដែល​មាន​ខ្សាច់​ស​ស្អាត ទឹកថ្លា​ខៀវ និង​មាន​ព្រៃឈើពណ៌​បៃតង​ស្រស់ សម្រាប់​បម្រើ​ឱ្យ​វិស័យ​សេដ្ឋ កិច្ច ទេសចរណ៍ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។ 

លោក​អភិបាលខេត្ត​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ចុះ​ពិនិត្យ​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​នៅ​តំបន់​កោះ​រ៉ុ​ង ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​ដូច​ជា​រូប​លោក​ផ្ទាល់​ពិនិត្យ​ឃើញ​ថា មិន​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ធម្មជាតិ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​នៅ​ពេល​កន្លង​មក​នោះ​ទេ ។

លោក​បញ្ជាក់​ថា ជា​ការ​កាប់​ឆ្ការព្រៃ​នៅ​ក្នុង​រង្វង់​ដី​ដែល​មន្ត្រី​សុរិយោដី​បាន​ចុះ​ទៅ​កាត់​វៀល​ចែក​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ ក៏​ប៉ុន្តែ​មិន​ទាន់​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ជូន​ពួក​គាត់​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ អភិរក្ស​ឧទ្យាន​ជាតិ​របស់​ក្រសួងបរិស្ថាន ដែល​មាន​ផ្ទៃដី​ចំនួន​២.៦៥៥​ហិ​កតា​នោះ​ដែរ  ។

លោក​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅ​តំបន់​កោះ ក៏​ដូច​ជា​តំបន់​ផ្សេង​ទៀត សូមកុំ​បន្ត​កាប់​រាន​ដី​ព្រៃ​ដែល​មន្ត្រី​វាស់វែង​រួច​ទៀត ត្រូវ​ចូលរួម​ថែរក្សា ស្រឡាញ់​ព្រៃឈើ​ធម្មជាតិ ការ​អភិវឌ្ឍ​ត្រូវ​តែ​មានការ​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ ដើម្បី​រក្សា​សោភ័ណ​ភាព​តំបន់​កោះ ។ បើ​ធ្វើការ​អភិវឌ្ឍ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ក្រុង ខេត្ត ដោយ​សុំ​ច្បាប់​និង​មាន​លិខិត​បទដ្ឋាន​នានា​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ជា​មុន​សិន ជៀសវាង​ការ​ខាតបង់​ថវិកា និង​ពេលវេលា ៕