ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​1​ខែ​មុន​ស្រី​ស្រស់​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល ពេល​នេះ​ផ្អើល​ម្តងទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធ​របស់​ម្ចាស់​ភូមិ​គ្រឹះ​ចោម​ចៅ​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក មុន​នេះ​បាន​ប្លុង​រថយន្ត​ឡិច​ស៊ី​ស

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធ​របស់​ម្ចាស់​ភូមិ​គ្រឹះ​ចោម​ចៅ​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក មុន​នេះ​បាន​ប្លុង​រថយន្ត​ឡិច​ស៊ី​ស ​RX330​មួយ​គ្រឿង​នៅ​ក្បែរ​ភូមិ​គ្រឹះ​របស់​ខ្លួន និង​បើករថយន្ត​១​គ្រឿង​ផ្សេង​ទៀត​ចាកចេញ​ទៅ​បាត់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទៅ​ចោមរោម​មើល ព្រោះ​សង្ស័យ​ក្រែង​មាន​ឃាតកម្ម​នៅ​ក្នុងភូមិគ្រឹះ​នេះ ។

ចំណែក​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ប៉ុស្ដិ៍​ចោម​ចៅ​បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ ហើយកម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ផង​ដែរព្រោះ​សង្ស័យ​ថា បុរស​ម្ចាស់​ភូមិ​គ្រឹះ​ជា​អាណិកជន​អាច​ត្រូវ​គេ​សម្លាប់​នៅ​ក្នុងភូមិ​គ្រឹះ​នោះ ។ ប៉ុន្តែក្រោយមក ក៏​មានការ​ស្ងប់ស្ងាត់​ទៅ​វិញ​ដោយសារ​តែ​នគរបាល​រក​មិនឃើញ​ដូច​ការ​សង្ស័យ​នោះ​ទេ ។

ការ​ភ្ញាក់ផ្អើល​នោះ​បាន​កើតឡើង​កាលពី​ជាង​១​ខែ​មុន​ម្ល៉េះ លុះ​មក​ដល់​ពេល​នេះ​ទើប​គេ​ឃើញ​ស្ត្រី​រូប​នោះ​វិល​ចូល​មក​ភូមិ​គ្រឹះ​របស់​ខ្លួន​វិញ និង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​សា​ជា​ថ្មី​ទៀត ។

ស្ត្រី​រូប​ស្រស់​នេះ​ឈ្មោះ​អ៊ុំ ដា​វី អាយុ​២៦​ឆ្នាំ ជា​ជនជាតិ​វៀតណាម រស់នៅ​ក្នុងភូមិ​គ្រឹះ​ខាងលើ ចំណែក​ប្ដី​ជា​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អា​មេរិ​ក​ឈ្មោះ​សូ លី​ម ជា​ម្ចាស់​ភូមិ​គ្រឹះ​ចោម​ចៅ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ស្ត្រី​រូប​នេះ​បាន​គរ​ខោអាវ​១​ពំនូក​នៅ​ក្នុងភូមិ​គ្រឹះ​របស់​ខ្លួន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​ហើយ​ដុត​បណ្តាល​ឲ្យ​មាន​ផ្សែងហុយ​ទ្រលោម​ចេញ​មក​ក្រៅ ។ ខណៈនោះ ដោយសារ​មានការ​ភ័យ​ខ្លាច​ភ្លើង​ឆេះរាលដាល​ដល់​ផ្ទះសម្បែង​របស់​ខ្លួន ធ្វើ​ឲ្យ​អ្នកមាន​ទីលំនៅ​ក្បែរ​ៗ​នោះ​នៅ​មិន​សុខ​និង​ភ័យ​ព្រលឹ​ង​ចុង​សក់ ក៏​បាន​ទូរស័ព្ទ​រក​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ចុះ​ទៅ​ពន្លត់ភ្លើង​នោះ ។

ចំណែក​ស្រី​ស្រស់​រូប​នេះ បន្ទាប់​ពី​ភ្លើង​ដុត​សំរាម​រលត់​ទៅ​ក៏​មិន​បាន​នៅ​ស្ងៀម​គឺ​បានចេញពីផ្ទះ​ទៅ​រករឿង​យោធា​នៅ​បន្ទាយ​កងពលតូច​លេខ​៧០ ដែល​ស្ថិត​នៅ​ជិត​ភូមិ​គ្រឹះ​នោះ និង​សួរ​រកមុខ​អ្នក​ពន្លត់ភ្លើង​ដែល​នាង​ដុត ព្រមទាំង​សួរ​រក​រថយន្ត​ឡិច​ស៊ី​ស​RX330​មួយ​គ្រឿង​របស់​នាង ដែល​ត្រូវ​នគរបាល​ដកហូត​កាលពី​ជាង​១​ខែ​មុន​យក​ទៅ​រក្សា​ទុក​នោះ ។

បន្ទាប់​ពី​ការ​អុកឡុក​បន្ទាយ​យោធា​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​នាំ​ទៅ​ប៉ុស្ដិ៍​ធ្វើការ​ណែនាំ រួច​ទើប​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដូច​ជា​គ្មាន​រឿង​អ្វី​ធំដុំ​សោះ​គ្រាន់តែ​ចម្លែក​ប៉ុណ្ណោះ ។

បុរស​ឈ្មោះ ហេង គង់ អាយុ​៦០​ឆ្នាំ ត្រូវជា​ឪពុក​របស់​ស្ត្រី​រូប​នេះ​និយាយ​ប្រាប់​នគរបាលកាលពី​ជាង​១​ខែ​មុន​ថា កូនស្រី​របស់​គាត់​ឈ្មោះ អ៊ុំ ដា​វី អាយុ​២៦​ឆ្នាំ ឯ​រថយន្ត​ឡិច​ស៊ី​ស​RX330​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២Z-៥២៦៤ នោះ​នាង​ទើបនឹង​ទិញ​បាន​ជាង​កន្លះ​ខែ​ប៉ុណ្ណោះ ហើយ​នៅ​ក្នុងផ្ទះ​នោះ មាន​រថយន្ត​សរុប​ទាំងអស់​ចំនួន​៣​គ្រឿង ។

ប៉ុន្តែ​កូនស្រី​គាត់​ម្នាក់​នេះ​មាន​ច​រិ​ក​ឆេវឆាវ​ខ្លាំង​ណាស់​ដូច​ជា​មនុស្ស​សរសៃប្រសាទ ដែល​កាលពី​យប់​ថ្ងៃ​ទី​៩ ខែមករា បាន​ដេញ​គាត់​និង​ប្រពន្ធ​ចេញពីផ្ទះ​ដោយ​គ្មាន​មូលហេតុ ។

បន្ទាប់​ពី​ត្រូវ​កូន​ដេញ​ចេញ​បែប​នេះ គាត់​ក៏​បាន​ចាកចេញ​ទៅ ចំណែកឯ​កូនស្រី​ក៏​បាន​ចាក​ចេញពីផ្ទះ​ទៅ​បាត់​ដែរ​រស់នៅ​ជាមួយ​មិន​បាន ដោយ​មិនដឹង​ថា​នាង​ទៅ​ណា​ឡើយ គាត់​បាន​ទូរស័ព្ទ​ទៅ​រក​ចៅ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ហើយ​នាង​អត់​លើក​សោះ ៕