ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើសម្តេចតេជោ ហ៊ុន សែន ចារអ្វីខ្លះ នៅលើ​សៀវភៅ​រំលែក​ទុក្ខ ព្រះមហាក្សត្រិយានី អេលីហ្សាបែត ទី២?

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដូចការគ្រោងទុក នៅរសៀលថ្ងៃទី១២កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រិយានី…

ភ្នំពេញ៖ ដូចការគ្រោងទុក នៅរសៀលថ្ងៃទី១២កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រិយានី អេលីហ្សាប៊ែត ទី២ (Elizabeth II) នៅស្ថានទូត​អង់គ្លេស ប្រចាំកម្ពុជា​ ក្នុងរាជធានីភ្នំពេញ។

នៅលើ​សៀវភៅរំលែកទុក្ខ សម្តេច​តេជោ ហ៊ុន សែន បានចារ​ថា «ខ្ញុំពិតជាមានក្ដីក្រៀមក្រំ​យ៉ាងខ្លាំង នៅពេលបានទទួលដំណឹង នៃការយាងសោយទិវដង្គត របស់ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត ទី២ នៃចក្រភពអង់គ្លេស ដែលបានសោយទិវង្គត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះរាជដំណាក់ បលម៉ូវ៉ល (Balmoral) នៅស្កុតឡែនដ៍។ ការយាងសោយទិវង្គតរបស់​ព្រះមហាក្សត្រីយ៍ អេលីហ្សបែតទី២ គឺជាការបាត់បង់ដមហិមា មិនត្រឹមតែចំពោះអង់គ្លេស និងបណ្ដាប្រទេសកំមិនវែលប៉ុណ្ណោះទេ តែជាការបាត់បង់ ចំពោះពិភពលោកទាំងមូលផងដែរ»។

សម្តេចតេជោ ហ៊ុន​ សែន បន្តថា «ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត ទី២ គឺជាឥស្សរជន​ដ៏គួរឲ្យស្ញប់ស្ញែងមួយអង្គ ដែលតែងតែប្រកាន់ខ្ជាប់ខ្ជួននូវរាជកិច្ច រាជវិន័យ និងប្រកប​ដោយព្រះរាជបញ្ញាញាណ។ ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត នឹងគង់នៅក្នុង​ការចង់ចាំរបស់ប្រជាជនអង់គ្លេសគ្រប់ៗរូប និងពលរដ្ឋជាច្រើនទៀត ក្នុងពិភពលោក​ជារៀងរហូត»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ក្នុងឱកាសប្រកបដោយក្ដីសង្វេគនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយរាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស និងជាពិសេសជាមួយ ព្រះរាជរង្សានុវង្សរបស់ទ្រង់ ចំពោះការបាត់បង់ដ៏ធំធេងនេះ។ ខ្ញុំសូមឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត ទី២ សូមទ្រង់យាងទៅកាន់សុគតិភព»។

សូមរម្លឹកថា ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា បានប្រកាសថា វិមាន Buckingham បានប្រកាសថា ព្រះមហាក្សត្រិយានី Elizabeth II បានសោយទិវង្គត នៅ Balmoral Castle នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២។


ទង់សហភាពរបស់ចក្រភពអង់គ្លេស ត្រូវបានបង្ហូតចុះពាក់កណ្តាល នៅតាមអគារ​រដ្ឋាភិបាលចក្រភពអង់គ្លេស និងបេសកកម្មការទូតជុំវិញពិភពលោក រួមទាំងស្ថានទូតអង់គ្លេស ប្រចាំទីក្រុងភ្នំពេញ ដើម្បីជាការគោរពដល់​ព្រះវិញ្ញាណក្ខន្ធរបស់ព្រះមហាក្សត្រី។


ស្ថានទូតអង់គ្លេស ក៏បានប្រកាសពី​ការផ្ញើរសាររំលែកទុក្ខ ដោយស្ថានទូត រៀបចំ​សៀវភៅរំលែកទុក្ខតាមប្រពន័្ធអនឡាញ មាននៅលើគេហទំព័ររបស់ The Royal សម្រាប់អ្នក ដែលចង់ផ្ញើសាររំលែកទុក្ខផ្ទាល់ខ្លួន៖ https://www.royal.uk/


ចំណែក​សៀវភៅរំលែកទុក្ខ នៅស្ថានទូតអង់គ្លេស ប្រចាំរាជធានីភ្នំពេញ នឹងបើកនៅចន្លោះម៉ោង ១០.០០ ដល់ ១៥.០០ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។


ប្រសិនបើជនជាតិអង់គ្លេស និងប្រជាជន ដែលជាសមាជិករបស់ប្រទេស Commonwealth ចង់ចុះហត្ថលេខា និងផ្ញើរសារក្នុងសៀវភៅរំលែកទុក្ខ សូមធ្វើដំណើរមកកាន់ស្ថានទូត​អង់គ្លេសភ្នំពេញ។

សូមពិចារណាថា អាចមានការតម្រង់ជួរយូរនៅដើមសប្តាហ៍ក្រោយ។ ភ្ញៀវទាំងអស់ នឹងត្រូវបានត្រួតពិនិត្យសុវត្ថិភាព មុនអនុញ្ញាតអោយចូលទៅក្នុងស្ថានទូត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ