ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ជប៉ុន​នឹង​មក​សិក្សា​ពី​លទ្ធភាព​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា វិនិយោគិន​ជប៉ុន​ជា​ច្រើន​នឹង​មក​ទស្សនកិច្ច​សិក្សា​ឈ្វេងយល់​ពី​លក្ខខណ្ឌ និង​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ ។

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា វិនិយោគិន​ជប៉ុន​ជា​ច្រើន​នឹង​មក​ទស្សនកិច្ច​សិក្សា​ឈ្វេងយល់​ពី​លក្ខខណ្ឌ និង​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ ។ ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី​ចូលរួម​នៅ​ក្នុង​វេទិកា​វិនិយោគ​កម្ពុជា​-​ជប៉ុន ស្តី​ពី «​ស្ថានភាព​សេដ្ឋកិច្ច និង​គោលនយោបាយ​វិនិយោគ​កម្ពុជា​» ដែល​រៀបចំ​ឡើង​ដោយ​សមាគម​ជប៉ុន​-​កម្ពុជា កាលពី​ស​ប្តា​ហ៍​មុន ។

លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​អញ្ជើញ​ចូលរួម​ថ្លែង​ថា ក្នុង​វេទិកា​នោះ​មាន​ក្រុមហ៊ុន​ជប៉ុន​ធំ​ៗ​ចំនួន​១៣០​បាន​ចូលរួម ហើយ​ក្រុមហ៊ុន​ទាំងនោះ​ក៏​បាន​បង្ហាញ​ពី​ការ​ចាប់​អារម្ម​ណ៍ របស់​ពួក​គេ លើ​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ ក្នុង​នោះ​ក៏​មាន​វិនិយោគិន​ជប៉ុន​មួយ​ចំនួន​បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​មក​ពិនិត្យ​ស្ថានភាព និង​សក្តានុពល​វិនិយោគ​ជាក់ស្ដែង​នៅ​កម្ពុ​ជានា​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ឲ្យ​កាន់​ឃើញច្បាស់​ពី​សក្ដានុពល​របស់​កម្ពុជា​សម្រាប់​ការ​វិនិយោគ​របស់​គេ​ផង​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ៖ « ភាគី​មិត្ត​ជប៉ុន​សន្យា​ថា នឹង​បន្ត​គាំទ្រ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ជប៉ុន លើ​គ្រប់​វិស័យ​នានា​ដើម្បី​រួមចំណែក​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជា​មិត្តភាព​ដៃគូ​អភិវឌ្ឍ​ល្អ​ក្នុង​រយៈពេល​វែង និង​ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​»​។

នៅ​ក្នុង​ឱកាស​នៃ​ការ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ខ្លួន​រយៈពេល​១​ស​ប្ដា​ហ៍​នៅ​ប្រទេស​ជប៉ុន​នោះ​ដែរ ភាគី​ជប៉ុន​ក៏​បាន​ស្នើ​សុំ​ឲ្យ​កម្ពុជា​គាំទ្រ​ដល់​ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជ​កម្ម​នៅ​ទីក្រុង​អូ​សា​កា ក្នុង​ឆ្នាំ​២០២៥ ខាង​មុខ​នេះ​ផង​ដែរ ។

យោង​តាម​របាយការណ៍​របស់​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ដើរតួ​នាទី​ជា​អ្នក​ទូទាត់​សាច់ប្រាក់​ជាមួយ​ក្រុម​វិនិយោគិន​ជប៉ុន​នៅ​កម្ពុជា​ឲ្យ​ដឹង​ថា គិត​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៦​កន្លង​មកនេះ មាន​សាជីវកម្ម និង​ក្រុមហ៊ុន​ជប៉ុន​ជា​លក្ខណៈ​ឯកត្តជន​ជប៉ុន​វិនិយោគ​នៅ​កម្ពុជា​ចំនួន​ជាង​៩៧០​ក្រុមហ៊ុន ។

លោក អិុន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ថ្លែង​ថា កម្ពុជា​នៅ​តែ​ជាទី​កន្លែង​ទាក់ទាញ​វិនិយោគិន​ជប៉ុន ហើយ​លោក​រំពឹង​ថា វិនិយោគិន​ជប៉ុន​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ដោយសារ​កម្ពុជា​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​រឹង​មាំ ការ​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ជា​ពិសេស ច្បាប់​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ជនបរទេស​កាន់កាប់​ភាគហ៊ុន​១០០%​របស់​ខ្លួន ។

លោក​បន្ត​ថា ៖ « អ្នក​វិនិយោគ​ជប៉ុន មុន​នឹង​មក​វិនិយោគ​នៅ​ប្រទេស​ណា ពួក​គេ​បាន​សិក្សា​ច្បាស់លាស់​ណាស់​មុន​សម្រេចចិត្ត​វិនិយោគ ហើយ​នៅ​ពេល​ពួក​គេ​មក​វិនិយោគ ពួក​គេ​មាន​ឆន្ទៈ​ក្នុង​ការ​វិនិយោគ​រយៈពេល​វែង​នៅ​ប្រទេស​ដែល​ពួក​គេ​ទៅ​ដល់ » ។

យោង​តាម​តួលេខ​ដែល​កត់ត្រា​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៨២២​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​២២,៧៨%​នៃ​ទុន​វិនិយោគ​សរុប ដែល​ធ្វើ​ឱ្យ​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​វិនិយោគ​នៅ​កម្ពុជា ៕