ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​ចាប់ផ្តើម​គោលនយោបាយ​ធ្វើស្រែ​តាម​កិច្ចសន្យា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចាប់ផ្តើម​គោលនយោបាយ​ធ្វើស្រែ​តាម​បែប​កិច្ចសន្យា​ជាមួយ​ប្រជា​កសិករ តាម​រយៈ​ការ​សហការ​ពី​រោង​ម៉ាស៊ីនកិនស្រូវ​នានា​នៅ​តាម​បណ្តា​ខេត្ត ជា

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចាប់ផ្តើម​គោលនយោបាយ​ធ្វើស្រែ​តាម​បែប​កិច្ចសន្យា​ជាមួយ​ប្រជា​កសិករ តាម​រយៈ​ការ​សហការ​ពី​រោង​ម៉ាស៊ីនកិនស្រូវ​នានា​នៅ​តាម​បណ្តា​ខេត្ត ជា​អ្វី​ដែល​រដ្ឋមន្ត្រីក្រសួង​នេះ​ហៅ​ថា គោលនយោបាយ​លើកកម្ពស់​ជីវភាព​កសិករ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​ថា គោលនយោបាយ​នេះ​ធ្វើ​នៅ​តាម​ខេត្ត​នីមួយ​ៗ តាម​រយៈ​កិច្ចសហការ​រវាង​កសិករ និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ហើយ​សម្របសម្រួល​ការងារ​ដោយ​គណៈកម្មការ​អន្តរ​មន្ទីរ និង​គ្រប់គ្រង​ដោយ​អន្តរ​មន្ទីរ​ពាក់ព័ន្ធ​នៅ​តាម​ខេត្ត ហើយ​អភិបាលខេត្ត​នីមួយ​ៗ​នឹង​ធ្វើ​ជា​សាក្សី​ដើម្បី​កុំ​ឲ្យ​ភាគី​ណាមួយ​ក្បត់ ។ លោក​បន្ត​ថា ក្រសួង​កំពុង​រៀបចំ​សមាសភាព​ការងារ​នេះ​ជា​បណ្តើរ​ៗ តាម​រយៈ​ការ​ធ្វើ​យ៉ាងណា​ឲ្យ​សមាគម ឬ​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​តាម​ខេត្ត​នីមួយ​ៗ​ធ្វើការ​ជាមួយ​កសិករ និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ។

លោក​បន្ត​ថា ៖ « ការ​រៀបចំ​ធ្វើស្រែ​តាម​បែប​ចុះ​កិច្ចសន្យា​នេះ គឺជា​ការ​ជួយ​កសិករ​ឲ្យ​មាន​លំនឹង​ក្នុង​ចិត្ត និង​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​កសិករ​ផលិត​ពូជ​សុទ្ធ មានគុណ​ភាពល្អ ដើម្បី​ងាយស្រួល​ក្នុង​ការ​នាំ​ចេញ និង​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំ​ចេញ​អង្ករ​នានា » ។

តាម​រដ្ឋមន្ត្រី​រូប​នេះ​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ ការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា​បាន​បញ្ចប់​ហើយ និង​ទទួល​បាន​ទិន្នផល​១០​លាន​តោន ស្មើនឹង​១២០%​នៃ​ផែនការ​ដាក់​ចេញ​ដោយ​ក្រសួង ។

លោក វេ​ង សា​ខុន បន្ថែម​ថា ទិន្នផល​ស្រូវ​ជា​មធ្យម កម្ពុជា​ទទួល​បាន​ជាង​៤​តោន​ក្នុង​១​ហិ​កតា ប៉ុន្តែ​ខេត្ត​មួយ​ចំនួន​ទៀត​ទទួល​បានជា​មធ្យម​៦ ទៅ​៧​តោន​ក្នុង​១​ហិ​កតា អាស្រ័យ​លើ​គុណភាព​ដី និង​ប្រព័ន្ធ​ស្រោចស្រព​នៅ​តាម​ទីតាំង​ជាក់ស្តែង ។

លោក ឆឹង វិ​ច្ច​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក ខេត្ត​មាន​ដៃគូ​សហការ​រវាង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​កសិករ តាម​រយៈ​អនុ​គណៈកម្មការ​សម្របសម្រួល​បញ្ហា​នេះ ហើយ​ខេត្ត​កំពុង​ពង្រឹង​យន្តការ​ធ្វើ​ការងារ​នេះ​បន្ថែម ។ ខេត្តបាត់ដំបង​មាន​សហគមន៍​កសិករ​ចំនួន​៧៧​រួច​ហើយ​ដែល​ចងក្រង ហើយ​ពួក​គេ​បាន​ធ្វើស្រែ​ចុះ​កិច្ចសន្យា​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​នានា​នៅ​ក្នុង​ខេត្ត​ផង​ដែរ ។

លោក​បន្ត​ថា ៖ « មន្ទីរ​បាន​រៀបចំ​ជំនួប​រវាង​អ្នកលក់​សម្ភារៈ​កសិកម្ម អ្នក​ផលិត​ជី និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​ពីរ​លើក​រួច​មក​ហើយ ដើម្បី​ផ្តល់​ឱកាស​ដល់​កសិករ​បាន​ជួប និង​លើក​ឡើង​នូវ​បញ្ហា​របស់​ពួក​គេ ហើយ​ភាគី​ពាក់ព័ន្ធ​អាច​ជួយ​សម្រួល​ពួក​គេ​បាន​យ៉ាងដូចម្តេច​» ។

លោក ឆឹង វិ​ច្ច​រ៉ា បន្ថែម​ថា ប្រសិនជា​កសិករ​ធ្វើស្រែ​តាម​បែប​ចុះ​កិច្ចសន្យា ពួក​គេ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដូច​ជា ១-​ទទួល​បាន​ពូជ​ផលិត​បាន​នូវ​ស្រូវ​ដែល​មានគុណ​ភាពល្អ និង​ខាតបង់​តិចតួច​ពេល​ប្រមូល​ផល ។ ២-​បើ​ប្រឈម​ការ​ខ្វះ​ទុន​ក្នុង​ការ​ផលិត ពួក​គេ​អាច​ទទួល​បាន​ទុន​ពី​ដៃគូ​ពាក់ព័ន្ធ ។ ៣-​ធ្វើ​ឲ្យ​កសិករ​ខ្លួនឯង​មានការ​ប្រឹងប្រែង​ដើម្បី​ផលិត​ពូជស្រូវ​សុទ្ធ រក្សា​បាន​នូវ​គុណភាព​ពេល​ប្រមូល​ផល និង​អាច​ទទួល​បាន​តម្លៃបន្ថែម​ពី​ការ​ធ្វើស្រែ​របស់​ពួក​គេ ។

វិស័យ​ឯកជន​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ ដោយ​លោក សុង សា​រ៉​ន អគ្គនាយក Amru Rice ជា​ក្រុមហ៊ុននាំចេញ​អង្ករ​ធំ​មួយ​នៅ​កម្ពុជា ថ្លែង​ថា ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​នេះ​របស់​ក្រសួងកសិកម្ម គឺជា​រឿង​ល្អ​ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ និង​ការ​ទទួល​បាន​អង្ករ​មានគុណ​ភាពល្អ ។ កន្លង​មក ក្រុមហ៊ុន​របស់​លោក​បាន​ធ្វើស្រែ​ចុះ​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិករ​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា ព្រះ​វិហារ ពោធិ៍សាត់ បាត់ដំបង និង​កំពង់ចាម ។

លោក​បន្ត​ថា ៖ « អ្វី​សំខាន់ គឺ​រឿង​ទីផ្សារ ប្រសិនជា​យើង​មាន​ទីផ្សារ​នាំ​ចេញ​ច្រើន យើង​អាច​ធ្វើស្រែ​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ​បាន​ច្រើន ប៉ុន្តែ​យើង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ខាតបង់ ប្រសិនជា​យើង​គ្មាន​ទីផ្សារ ។ ការ​ធ្វើស្រែ​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ យើង​មិន​ផ្តល់​ទុន ផ្តល់​ពូជ​នោះ​ទេ ហើយ​ក៏​មិន​កំណត់​តម្លៃ​ជា​មុន​ដែរ គឺ​បើកចំហ​តម្លៃ និង​ទិញ​ក្នុង​តម្លៃ​ជាក់ស្តែង​នៅ​ពេល​រដូវ​ប្រមូល​ផល​មក​ដល់ » ៕