ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​សម្រេច​ឃាត់ខ្លួន នាង​ហ្គិ​ច ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈ្មោះ ហេង ហ្គិ​ច ហៅ កែវ រតនៈ អាយុ​៣៦​ឆ្នាំ បាន​ចូលខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៣

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈ្មោះ ហេង ហ្គិ​ច ហៅ កែវ រតនៈ អាយុ​៣៦​ឆ្នាំ បាន​ចូលខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ពាក់ព័ន្ធ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​ប្អូនប្រុស​លោក ដាំ សិទ្ធ តំណាងរាស្ត្រ​គណបក្សប្រឆាំង​របួសធ្ងន់​។ ប្រភព​ព័ត៌មាន បញ្ជាក់​ថា ក្រោយ​ការ​សាកសួរ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃាត់ខ្លួន​នាង ហ្គិ​ច ដោយ​បញ្ជូន​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ តុលាការ​នឹង​សាកសួរ​នាង ហ្គិ​ច មុន​ឈាន​ដល់​ការ​ចោទប្រកាន់​ជា​ផ្លូវការ​។ គួរ​រំលឹក​ថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ ធ្វើ​ឲ្យ​ប្អូនប្រុស​បង្កើត​របស់​លោក​ដាំ សិទ្ធ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ របួសធ្ងន់ ហើយ​ជន​បង្ក​បាន​រត់គេច​ខ្លួន​។ លោក ដាំ សិទ្ធ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៧​ថា កាលពី​យប់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៦ ប្អូនប្រុស​ឈ្មោះ មាស សុ​វុ​ទ្ធី អាយុ​២៧​ឆ្នាំ បាន​ឈប់​អង្គុយ​លើ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FJ-5711 លើ​ចិញ្ចើម​ផ្លូវ​លេខ​៦០៨ ត្រង់​ចំណុច​មុខ​ហាង​សមុទ្រ​កំពត ក្នុង​សង្កាត់​បឹង​កក់ ខណ្ឌទួលគោក ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS-570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ AK-7999 បើកបរ​ពី​លិចទៅ​កើត ដោយ​បើក​បញ្ច្រាសទិស​ទៅ​បុក​ប្អូនប្រុស ដែល​ឈប់​ស្ងៀម បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ក្រោយ​ហេតុការណ៍​នេះ ជន​បង្ក​បាន​រត់គេច​ខ្លួន​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ដំណាក់កាល​សមត្ថកិច្ច ជន​បង្ក និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ជួប​ចរចារ​គ្នា ដោយ​ក្រុម​ជន​រង​គ្រោះ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ប៉ុន្តែ​ភាគី​ជន​បង្ក មាន​លទ្ធភាព​ត្រឹម​៥០០០​ដុល្លារ​អា​មេ​រិ​ក​។ ដោយសារ​ការ​ចរចារ​ពីរ​លើក​មិន​ត្រូវរ៉ូវ​គ្នា សំណុំរឿង​នេះ ត្រូវ​បាន​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​។ ក្នុង​នោះ លោក សៀង សុខ ព្រះរាជអាជ្ញា​រង បាន​កោះហៅ​ជនសង្ស័យ​ចូល​បំភ្លឺ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​។

ពាក់ព័ន្ធ​ករណី​នេះ ក្រុម​អ្នក​ច្បាប់​អះអាង​ថា ជន​បង្ក​អាច​ប្រឈម​នឹង​ការ​ចោទប្រកាន់​ចំនួន​២​បទល្មើស គឺ​បទ​ព្រហ្មទណ្ឌ ក្នុង​ការ​បើករថយន្ត​ទៅ​បុក​ជន​រង​គ្រោះ​ដែល​អង្គុយ​លើ​ម៉ូតូ​នៅ​លើ​ចិញ្ចើម​ផ្លូវ និង​បទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត ពេល​ថយ​រថយន្ត​ប៉ុនប៉ង​កិន​មិត្តភក្តិ​ជន​រង​គ្រោះ​ដែល​តាម​ថត​ស្លាក​លេខ​រថយន្ត​ក្រោយ​ពេល​កើតហេតុ ។ លោក ដាំ សិទ្ធ ស្នើ​ដល់​តុលាការ​មេត្តា​ចាត់វិធានការ​ទៅ​លើ​ជន​បង្ក​ឈ្មោះ ហេង ហ្គិ​ច ហៅ កែវ រតនៈ តាម​ច្បាប់ ព្រោះ​ជន​នេះ​ក៏​ធ្លាប់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នា​ពេល​កន្លង​មក​ផង​ដែរ​៕