ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​ក្រសួង​រ៉ែ​និង​ថាមពល​ត្រួតពិនិត្យ​តំបន់​ព្រែក​3​ដែល​ពលរដ្ឋ​ប្រឆាំង​ការ​បូម​ខ្សាច់

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​ប្រតិកម្ម​ខ្លាំង​ៗ​ពី​ប្រជាពលរដ្ឋ​នៅតំបន់​ព្រែក​បី ភូមិ​១ ឃុំទំនប់​រលក ស្រុក​ស្ទឹងហាវ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ តំណាង​ក្រសួង​រ៉ែ​និង​ថាមពល

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​ប្រតិកម្ម​ខ្លាំង​ៗ​ពី​ប្រជាពលរដ្ឋ​នៅតំបន់​ព្រែក​បី ភូមិ​១ ឃុំទំនប់​រលក ស្រុក​ស្ទឹងហាវ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ តំណាង​ក្រសួង​រ៉ែ​និង​ថាមពល មន្ទីរ​បរិស្ថាន​ខេត្ត អាជ្ញាធរ​ស្រុក​ស្ទឹង​ហាវ និង​មន្ត្រី​ជលផល បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​បូម​ខ្សាច់ និង​កន្លែង​ចិញ្ចឹម​ត្រី​សមុទ្រ​ចំនួន​៣២​គ្រួសារប្រតិភូ​ក្រសួង​រ៉ែ​និង​ថាមពល​ត្រួតពិនិត្យ​តំបន់​ព្រែក​3​ដែល​ពលរដ្ឋ​ប្រឆាំង​ការ​បូម​ខ្សាច់​ក្នុង​តំបន់​ខាងលើ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​MSKl នឹង​ធ្វើ​ឱ្យ​ខូច​បរិស្ថាន ទឹកល្អក់​មាន​ក្លិនស្អុយ បង្ក​ឱ្យ​ងាប់​ត្រី​ចិញ្ចឹម​របស់​ពួក​គាត់​ដែល​មាន​រាប់រយ​បែ និង​ធ្វើ​ឱ្យ​បាត់​ជម្រក​ធនធាន​មច្ឆជាតិ​គ្រប់​ប្រភេទ​មាន​ដូច​ជា មឹក បង្គា ក្តាម គ្រែង ដែល​ជា​ឆ្នាំងបាយ​របស់​ប្រជា​នេសាទ​ក្រីក្រ ផ្អែក​លើ​ការ​នេសាទ​ក្នុង​តំបន់​ទឹក​រាក់ ។

អ្នកស្រី យុទ្ធ សុធា ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោ​ម​ពលរដ្ឋ​សហគមន៍​ចិញ្ចឹម​ត្រី​ស្ពុង​នៅ​តំបន់​ព្រែក​បី និយាយ​ថា ពួក​គាត់​មានមុខ​របរ​ចិញ្ចឹមត្រី​និង​នេសាទ​បន្តិច​បន្តូច មិន​មាន​ដីស្រែ​ចម្ការ​ឬ​មុខរបរ​អ្វី​ផ្សេង​ទេ គឺ​សង្ឃឹម​តែ​ប៉ុណ្ណឹង​។ ដូចនេះ សូម​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ ហើយ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​ជា​បន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ​ត្រី​ចិញ្ចឹម​របស់​ពួក​គាត់​ច្បាស់​ជា​ងាប់​អស់​មិន​ខាន​ឡើយ នៅ​ពេល​ក្រុមហ៊ុន MSKl ចាប់ផ្តើម​បូម​ខ្សាច់ ។ ចំណែកឯ​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ដាក់​លប​ក្តាម ត្រី បង្គា នៅ​តំបន់​នេះ​ក៏​ត្រូវ​បញ្ចប់​អាជីព​ដែរ ។

លោក ខន សុគុន្ធ ជា​អ្នក​ចិញ្ចឹម​ត្រី​ដូច​គ្នា ក៏​បាន​លើក​ឡើង​ដែរ​ថា គ្រាន់តែ​សា​ឡង់ ចាប់ផ្តើម​ចាប់​ខ្សាច់​ពី​ទឹកសមុទ្រ​ដើម្បី​បើកផ្លូវ​ឱ្យ​ម៉ាស៊ីន​បូម​ខ្សាច់​ចូល​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ធ្វើ​ឱ្យ​ត្រី​ចិញ្ចឹម​របស់​គាត់​ក៏​ដូច​ជា​បងប្អូន​ផ្សេង​ៗ​ទៀត​ងាប់​ជា​ហូរហែ ដោយ​ក្នុង​មួយ​ថ្ងៃ​ងាប់​ពី​២០​ទៅ​៣០​ក្បាល ចុះ​ទម្រាំ​ធ្វើការ​បូម​ខ្សាច់​វិញ ត្រី​របស់​ពួក​គាត់​មិនដឹង​ជា​មាន​បញ្ហា​យ៉ាងណា​នោះ​ទេ ។

លោក យស់ មុនី​រ៉ាត់ អគ្គនាយក​រ៉ែ​និង​ថាមពល មាន​ប្រសាសន៍​ថា ជុំវិញ​បញ្ហា​បូម​ខ្សាច់​នេះ មុន​នឹង​ក្រសួង​ពាក់ព័ន្ធ​សម្រេច​ចេញ​អាជ្ញាប័ណ្ណ គឺ​មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើការ​សិក្សា​រួច​ហើយ វា​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ ពីព្រោះ​ការ​បូម​ខ្សាច់​មិនមែន​ធ្វើ​នៅ​តាម​បណ្តោយ​ព្រែក​ដែល​បងប្អូន​កំពុង​ចិញ្ចឹម​ត្រី​ឡើយ គឺ​បួ​ម​នៅ​ព្រែក​ខាងលើ ។

លោក​សន្យា​ថា ទោះជា​យ៉ាងណា​ក៏​ដោយ បើសិនជា​ការ​ចាប់ផ្តើម​បូម​ខ្សាច់​ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ត្រី​បងប្អូន ក្រុមការងា​របស់​លោក​នឹង​បញ្ឈប់​សកម្មភាព​បួ​ម​ខ្សាច់​នេះ​ភ្លាម គឺ​មិន​ឱ្យ​បងប្អូន​សហគមន៍​ចិញ្ចឹម​ត្រី​ពិបាក​នោះ​ទេ​។​ ជាមួយ​គ្នា​នេះ លោក​អគ្គនាយក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​បូម​ខ្សាច់​ខាងលើ​នេះ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ហើយ​ការ​បូម​ខ្សាច់​នេះ​មាន​រយៈពេល​ចាប់ពី​៣​ខែ​ទៅ​៥​ខែសម្រាប់​ផ្គត់ផ្គង់​ឱ្យ​កំពង់​ផែ​ស្វយ័ត ក្រុងព្រះសីហនុ ក្នុង​ការ​ពង្រីក​ផែ​តែ​ប៉ុណ្ណោះ គឺ​មិនមែន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​បូម​ខ្សាច់​យក​ទៅ​លក់​នៅ​ក្រៅប្រទេស​ឡើយ ។ ម្យ៉ាងទៀត នេះ​ក៏​ជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​ផង​ដែរ​របស់​រាជរដ្ឋាភិបាល ក្រោម​ជំនួយ​របស់​ប្រទេស​ជប៉ុន ។

ប៉ុន្តែ​ការ​ចរចារ​រក​ដំណោះស្រាយ​រវាង​ក្រុមការងារ​ថ្នាក់​ក្រសួង​រ៉ែ​និង​ថាមពល និង​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​ចិញ្ចឹម​ត្រី អស់​រយៈពេល​ជិត​មួយ​ថ្ងៃ ហាក់ដូចជា​មិន​ទទួល​បាន​លទ្ធផល​អ្វី​សោះ ។ មន្ត្រី​ជំនាញ​របស់​ក្រសួង​រ៉ែ​និង​ថាមពល បាន​លើក​ហេតុ​គ្រប់​បែប​យ៉ាង ក្នុង​គោលដៅ​ឈ្នះ​-​ឈ្នះ​ទាំងអស់​គ្នា គឺ​ក្នុង​គោលបំណង​ឱ្យ​សម្មភាព បូម​ខ្សាច់​នៅ​តែ​បន្ត ហើយ​ការ​ចិញ្ចឹម​ត្រី​ចេះ​តែ​ចិញ្ចឹម​ជា​ធម្មតា បើ​មាន​បញ្ហា​ភាគី​ក្រុមហ៊ុន​ជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង​រាល់​ការ​ខូចខាត ។

សម្រាប់​ភាគី​ប្រជាពលរដ្ឋ​បាន​ប្រកាន់​ជំហរ២​ជម្រើស គឺ​ទី​១-​ត្រូវ​បញ្ចប់​សកម្មភាព​ទាំងស្រុង​នៃ​ការ​បូម​ខ្សាច់ និង​ទី​២-​បើ​ក្រុមហ៊ុន​ចង់​បន្ត​ការ​បូម​ខ្សាច់​ត្រូវ​បង់​សំណង​ឱ្យ​ពួក​គាត់​ចំនួន​១៤​គ្រួសារ ក្នុង​មួយ​គ្រួសារ​ប្រាំ​ម៉ឺន​ដុល្លារ​ឱ្យ​ហើយ ដែល​កិច្ចការ​នេះ​ត្រូវ​ទូទាត់​ឱ្យ​ហើយ​រួចរាល់ ចាំ​ក្រុមហ៊ុន​ចាប់​ដំណើរការ​បូម​ខ្សាច់ ។ ពួក​គាត់​នៅ​តែ​យល់​ថា បើ​មានការ​បូម​ខ្សាច់​នោះ​ត្រី​ដែល​ពួក​គាត់​ចិញ្ចឹម​ច្បាស់​ជា​ងាប់​មិន​ខាន ។

ចំណែក​ក្រុមការងារ​ថ្នាក់​ក្រសួង​រ៉ែ​និង​ថា​មពល បាន​លើក​ឡើង​ថា ការ​ស្នើ​សុំ​នេះ​ក្រុមការងារ​មិន​មាន​លទ្ធភាព​ធ្វើការ​សម្រេច​បែប​ណានោះ​ទេ គឺ​បាន​ត្រឹម​ទទួលយក​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ជូន​ទៅ​ថ្នាក់​ក្រសួង​ដើម្បី​ដោះស្រាយ​និង​សម្រេច​តែ​ប៉ុណ្ណោះ​៕