ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​ពន្ធដារ​គ្រោង​ប្រមូល​ពន្ធ​ឱ្យ​បាន​1.700​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​គ្រោង​ប្រមូល​ពន្ធ​ឲ្យ​បាន​១.៧០០​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ កើនឡើង​ពី​១.៤៥០​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។
លោក អេ​ង រតនា ប្រធាន​នាយកដ្ឋាន​អ្នក​ជាប់ពន្

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​គ្រោង​ប្រមូល​ពន្ធ​ឲ្យ​បាន​១.៧០០​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ កើនឡើង​ពី​១.៤៥០​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

លោក អេ​ង រតនា ប្រធាន​នាយកដ្ឋាន​អ្នក​ជាប់ពន្ធ​ធំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី កាតព្វកិច្ច​ពន្ធចំពោះ​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍ នា​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ ថា គោលនយោបាយ​កំណែទម្រង់​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​រាជរដ្ឋាភិបាល គឺ​ធ្វើ​យ៉ាងណា ជំរុញ​ឲ្យ​មាន​វប្បធម៌​បង់ពន្ធ​កាន់តែ​ច្រើន និង​ធ្វើ​ឲ្យ​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​ធ្វើការ​បង់ពន្ធ និង​គោរព​ច្បាប់ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​រាជរដ្ឋាភិបាល​មិន​ដំឡើង​ពន្ធ​ទេ គឺ​ធ្វើ​យ៉ាងណា​ប្រមូល​ពន្ធ​ឲ្យ​អស់ ។

លោក​បន្ត​ថា ៖ « យើង​មិនមែន​ជា​អ្នកគ្រប់គ្រង​ទេ តែ​យើង​ធ្វើ​ជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន ព្រោះ​ពេល​វិស័យ​ឯកជន​បង់ពន្ធ​ត្រឹមត្រូវ យើង​ប្រមូល​ពន្ធ​បាន​តាម​ផែនការ​កំណត់​របស់​រាជរដ្ឋាភិបាល ។ ការ​កែទម្រង់​របស់​អគ្គនាយកដ្ឋាន​ទទួល​បាន​ជោគជ័យ​ក្នុង​ស្ថាប័នរដ្ឋ ដោយ​មានការ​កោតសរសើរ និង​ទទួលស្គាល់​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី » ។

លោក អេ​ង រតនា បន្ថែម​ថា គ្មាន​អ្នក​ណា​ចង់​បង់ពន្ធ​ទេ តែ​វា​ជា​កាតព្វកិច្ច​ត្រូវ​តែ​បង់ ហើយ​ការ​ផ្លាស់​ប្តូរ​ពី​ការ​បង់ពន្ធ​តាម​របប​ម៉ៅ​ការ មក​កាន់​របប​ស្វ័​យ​ប្រកាស គឺ​ដើម្បី​ឲ្យ​អ្នក​ជាប់ពន្ធ​ប្រកាស​ពន្ធ​ដោយ​ខ្លួនឯង និង​ត្រូវ​បង់ពន្ធ​ដោយ​ខ្លួនឯង ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏​មាន​មន្ត្រី​ចុះ​ធ្វើ​ការងារ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា តើ​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ បាន​បង់ពន្ធ​ត្រឹមត្រូវ​ឬទេ ។ បើ​ពួក​គេ​មិន​បង់ពន្ធ និង​មិន​ធ្វើ​តាម​នីតិវិធី​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ពួក​គេ​នឹង​ត្រូវ​រង​ការ​ពិន័យ​តាម​សភាព​ជាក់ស្តែង ។

ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​ក៏​បាន​លើកលែង​ពន្ធ​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​ប្រាក់​ចំណូល​ចាប់ពី​២៥០​លាន​រៀល​ចុះ​ផង​ដែរ ។

សេដ្ឋវិទូ​កម្ពុជា​បាន​អបអរសាទរ និង​លើក​ឡើង​ហាក់​ប្រុង​ប្រយ័ត្ន​ពី​កំណើន​នៃ​ការ​ប្រមូល​ពន្ធ​នេះ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា យើង​ពិបាក​យល់​ពេល​និយាយ​ពី​ការ​ប្រមូល​ពន្ធ និង​ពន្ធ​ប្រមូល​បាន ប៉ុន្តែ​អ្វី​ដែល​លោក​កត់សម្គាល់​ឃើញ គឺថា​ទំហំ​នៃ​ពន្ធ​ប្រមូល​បាន មិន​សម​ស្រប​នឹង​ទំហំ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​កម្ពុជា​នៅឡើយ ។ កម្ពុជា​ត្រូវការ​ប្រាក់​ច្រើន​ដើម្បី​មាន​លទ្ធភាព​វិនិយោគ​ដោយ​ខ្លួនឯង ព្រោះ​កន្លង​មក​យើង​តែង​សុំ​គេ និង​ខ្ចី​ទុន​ពី​គេ ។ ដូច្នេះ​យើង​ត្រូវ​ពង្រឹង​ការ​ប្រមូល​ពន្ធ​ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​គេ​ច្រើន​ពេក និង​គួរ​រៀន​រស់​ដោយ​ខ្លួនឯង ។

លោក​បន្ត​ថា ការ​បង្កើន​ការ​ប្រមូល​ពន្ធ ក៏​ត្រូវ​ពិនិត្យ​មើល​លើ​ទិដ្ឋភាព​បី​គឺ ១-​តើ​វា​សម​ស្រប​នឹង​តម្រូវការ​របស់​សេដ្ឋកិច្ច​ឬ​អត់ ព្រោះ​ជួនកាល ការ​ពង្រឹង​ការ​ប្រមូល​ពន្ធ វា​ជា​ការ​សម្លាប់​សេដ្ឋកិច្ច ។ ២-​យើង​ត្រូវធ្វើ​អ្វី​តាម​តម្រូវការ​របស់​ជាតិ និង​ត្រូវ​គិត​ពី​ការ​យក​ប្រាក់​មក​ធ្វើ និង​ជំរុញ​គោលនយោបាយ​សេដ្ឋកិច្ចជាតិ និង​៣-​ធ្វើ​យ៉ាងណា ឲ្យ​ការ​យកពន្ធ​មាន​ភាព​សមធម៌ អ្នកមាន​យក​ប៉ុណ្ណា ហើយ​អ្នក​ក្រីក្រ​យក​កម្រិត​ណា ។

លោក​បន្ត​ថា ៖ « ការងារ​ប្រមូល​ពន្ធ​កន្លង​មក​មានការ​ខិតខំ និង​ធ្វើការ​ងារ​បាន​ច្រើន​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​គប្បី​គួរ​ឲ្យ​លើកទឹកចិត្ត ។ ការងារ​នេះ គឺ​មានការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ណាស់​ពី​ប្រធាន​ស្ថាប័ន មាន​ធនធានមនុស្ស និង​សម្ភារ​បរិក្ខារ​គ្រប់គ្រាន់ » ៕