ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​ផ្សារ​បណ្តែត​ទឹក​លើក​ដំបូង​នៅ​ត្រីមាស​ទី​2​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កម្ពុជា​នឹង​មាន​ផ្សារ​បណ្តែត​ទឹកជា​លើក​ដំបូង ដែល​គ្រោង​បើក​ឲ្យ​ដំណើរការ​នៅ​អំឡុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ប្រសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ ។​
លោក​ឧកញ៉ា ស្រី ចាន់​ថន អគ្គនាយក

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កម្ពុជា​នឹង​មាន​ផ្សារ​បណ្តែត​ទឹកជា​លើក​ដំបូង ដែល​គ្រោង​បើក​ឲ្យ​ដំណើរការ​នៅ​អំឡុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ប្រសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ ។​   
លោក​ឧកញ៉ា ស្រី ចាន់​ថន អគ្គនាយក​ក្រុមហ៊ុន SKYLAND ដែល​បាន​និង​កំពុង​រៀបចំ​សហការ​ជាមួយ​អ្នកជំនាញ និង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ថៃ ដើម្បី​វិនិយោគ​លើ​ផ្សារ​បណ្តែត​ទឹកជា​លើក​ដំបូង​នៅ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​ថា ការ​ឌី​សាញ​ប្លង់​ផ្សារ​បណ្តែត​ទឹក​នេះ​បាន​ចាប់ផ្តើម​ហើយ និង​គ្រោង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ។

លោក​បន្ត​ថា ៖ « ដី​ក្នុង​គម្រោង​នេះ​មាន​ទំហំ​២០​ហិ​កតា ដោយ​១០​ហិ​កតា​នឹង​រៀបចំ​ជា​ភ្នំ​សិប្បនិម្មិត ថ្ម កន្លែង​ដើរ​កម្សាន្ត និង​ចំណត​យានយន្ត ។ ចំណែក​១០​ហិ​កតា​ទៀត​បែក​ចែក​ជា​២​ជំហាន​បន្ថែម ហើយ​បច្ចុប្បន្ន ការ​រៀបចំ​ដី​បាន​និង​កំពុង​ចាប់ផ្តើម​ហើយ » ។

អ្នកជំនាញ​មក​ពី​ប្រទេស​ថៃ​ចំនួន​៩​នាក់ នឹង​មក​រៀបចំ​ប្លង់​មេ និង​បែបបទ​នីតិវិធី​ដើម្បី​រៀបចំ​ផ្សារ​បណ្តែត​ទឹក​នេះ ដែល​នៅ​ទី​បញ្ចប់​គម្រោង​នេះ​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​រហូត​ដល់​៣០​ហិ​កតា ។

លោក​ឧកញ៉ា ស្រី ចាន់​ថន បន្ថែម​ថា ផ្សារ​បណ្តែត​ទឹក​នេះ​នឹង​រៀបចំ​ឲ្យ​មាន​ទូក​លក់ទំនិញ និង​ផ្ទះ​ដែល​រៀបចំ និង​រចនា​ឡើង​តាម​រចនាបថ​ខ្មែរ​សុទ្ធ និង​ទូក​ធំ​ៗ​មាន​ប្រវែង​រហូត​ដល់​៤០​ម៉ែត្រ​ផង​ដែរ ។ ក្រុមហ៊ុន​រៀបចំ​គម្រោង​នេះ ដោយ​អាច​ទទួល​មនុស្ស​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​ពេល​សាងសង់​រួច ចន្លោះ​ពី​១ ទៅ​២​ម៉ឺន​នាក់ ដោយសារ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ផ្សារ​បណ្តែត​ទឹក​បែប​នេះ​នៅឡើយ​ទេ ហើយ​អ្វី​ដែល​លោក​រៀបចំ គឺ​ធ្វើ​ឡើង​ដោយ​ច្នៃប្រឌិត និង​មាន​ចំណែក​ខ្លះ ក្រុមហ៊ុន​យក​លំនាំ​មក​ពី​ប្រទេស​ថៃ ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ថ្លែង​ថា ការ​រៀបចំ​ទម្រង់​ផ្សារ​បែប​នេះ​ទាមទារ​ឲ្យ​មាន​អ្នកជំនាញ​ចូលរួម​កាន់តែ​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​គម្រោង និង​យុទ្ធសាស្ត្រ​ទីផ្សារ​ច្បាស់លាស់ និង​ទទួល​បាន​ជោគជ័យ​ប្រកបដោយ​និរន្តរភាព ។ លោក​បន្ត​ថា នេះ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត ដែល​កម្ពុជា​គួរ​មានការ​វិនិយោគ​បន្ថែម ព្រោះ​កម្ពុជា​មាន​កន្លែង​កម្សាន្ត​តិច​នៅឡើយ ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា ដែល​ធ្លាប់​បាន​ដឹកនាំ​ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍​ធំ​ៗ​មួយ​ចំនួន​ទៅ​ទស្សនកិច្ច​នៅ​តំបន់ SKYLAND កន្លង​មក​ថ្លែង​ថា ភាព​ជោគជ័យ​របស់​គម្រោង​នេះ​គឺ​អាស្រ័យ​លើ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ភាព​ទាក់ទាញ សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​តំបន់​នោះ ដែល​ក្រុមហ៊ុន​បាន​និង​កំពុង​រៀបចំ​បណ្តើរ​ៗ​ហើយ ។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​មាន​ភាព​ទាក់ទាញ​ជា​ច្រើន គួប​ផ្សំ​នឹង​បរិស្ថាន​អំណោយផល ពិតជា​ទាក់ទាញ​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែ​ច្រើន​ទៅ​ទស្សនា​នៅ​តំបន់​នោះ​នា​ពេល​អនាគត ។

លោក​បន្ត​ថា ៖ « តំបន់​នោះ​មាន​ភាព​ទាក់ទាញ ឬ​មាន​សក្តានុពល​សម្រាប់​ទាក់ទាញ ដោយសារ​តំបន់​នោះ​មាន​ព្រែកជីក និង​ស្ទឹង​ធម្មជាតិ ដែល​មាន​ភាព​អំណោយផល​លើ​បរិស្ថាន​។ ប្រសិនជា​ស្ពាន​ឆ្លងកាត់​ពី​តំបន់​ជ្រោយចង្វា ទៅ​កាន់​តំបន់​ស្វាយ​ជ្រុំ​បាន​សាងសង់​រួចរាល់ នឹង​ធ្វើ​ឲ្យ​តំបន់​នោះ​នៅ​ជិត​ទីក្រុង​ភ្នំពេញ និង​ធ្វើ​ឲ្យ​គម្រោង​នោះ​ទាក់ទាញ​បាន​នូវ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ » ៕