ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីធ្លី​នៅ​ខេត្តកំពត​មាន​សញ្ញា​ល្អ​ក្នុង​ឆ្នាំ​2017 ខណៈ​វិនិយោគិន​ស្វែងរក​ដី​សម្រាប់​វិនិយោគ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ ភាគច្រើន​គឺ​ផ្តោត​ទៅ​លើ​តែ​ក្នុង​តំបន់​រាជធានី​ភ្នំពេញ ដោយឡែក នៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហាក់​ពុំ​សូវ​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​ឡើយ

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ ភាគច្រើន​គឺ​ផ្តោត​ទៅ​លើ​តែ​ក្នុង​តំបន់​រាជធានី​ភ្នំពេញ ដោយឡែក នៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហាក់​ពុំ​សូវ​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​ឡើយ ប៉ុន្តែ​បើសិនជា​មានការ​អារម្មណ៍​នោះ គឺ​វិនិយោគិន​សម្លឹង​មើល​តែ​ខេត្ត​ណា​ដែល​សម្បូរ​ទៅ​ដោយ​រមណីយដ្ឋាន​ច្រើន​ដូច​ជា ខេត្ត​ព្រះ​សីហ​នុ កំពត និង​សៀមរាប​ជាដើម ។ ពេល​នេះ កោះសន្តិភាព​សូម​លើកយក​ខេត្ត​មួយ​នៅ​ជាប់​តំបន់​សមុទ្រ មក​និយាយ​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ ដែល​ផ្តោត​ទៅ​លើ​ដីធ្លី​តែ​ម្ដង ។

លោក សុខ គែន អ្នកគ្រប់គ្រង​ក្រុមហ៊ុន​វាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ Kampot Property បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៧​នេះ បើ​និយាយ​ពី​វិស័យ​ដីធ្លី​នៅ​ខេត្តកំពត ហាក់​មាន​សញ្ញា​ល្អ ព្រោះ​វិនិយោគិន​មួយ​ចំនួន​ស្វែងរក​ដី​សម្រាប់​វិនិយោគ ទាំង​ដី​នៅ​មាត់សមុទ្រ ដី​នៅ​ជិត​គម្រោង​អភិវឌ្ឍន៍ និង​ដី​កសិកម្ម​ផង​ដែរ ។ លោក​និយាយ​ថា ៖ «បន្ទាប់​ពី​មាន​គម្រោង​មួយ​ចំនួន​វិនិយោគ​នៅ​ក្នុង​ទឹកដី​ខេត្តកំពត សកម្មភាព​ពុះ​ដី​ឡូត៍​សម្រាប់​លក់​បន្ត​មាន​ច្រើន ។ ដូចនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ការ​ស្វែងរក​ដី​សម្រាប់​ពុះ​លក់​នោះ ក៏​ច្រើន​ដែរ » ។

លោក​បន្ត​ថា ដីធ្លី​នៅ​ក្បែរ​តំបន់​គម្រោង​អភិវឌ្ឍន៍​នៅ​ខេត្តកំពត​នោះ បាន​ទាក់ទាញ​វិនិយោគិន​ជា​ច្រើន​មក​រក​ទិញ​ដី​ដើម្បី​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ ជា​ពិសេស សម្រាប់​ពុះ​ជា​ឡូត៍​លក់​បន្ត ដែល​ធ្វើ​ឲ្យ​ដីធ្លី​នៅ​តំបន់​ក្បែរ​ៗ​នោះ ឡើងថ្លៃ​គួរ​ឲ្យ​កត់សម្គាល់ ។ កាលពីមុន តម្លៃ​នៅ​តំបន់​ក្បែរ​គម្រោង​នោះ​មិនជា​ថ្លៃ​ប៉ុន្មាន​ទេ តែ​ក្រោយ​ពី​មាន​គម្រោង​មក ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើន​រហូត​ដល់​ចន្លោះ​ពី​៨០ ទៅ​២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រការ៉េ ហើយ​សឹងតែ​រក​ទិញ​មិន​បាន​ផង ។

លោក គែន បន្ថែម​ថា ៖ « ក្នុង​ឆ្នាំ​២០១៧​នេះ ខ្ញុំ​គិត​ថា កំណើន​អ្នក​វិនិយោគ​ស្វែងរក​ទិញ​ដីធ្លី​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​មាន​ច្រើន ហើយ​សកម្មភាព​ទិញ​លក់​ដីធ្លី វា​មមាញឹក​តាំងពី​ចុងឆ្នាំ​២០១៦ ពោល​គឺ​ចាប់ពី​ខែ​១០ ខែ​១១ និង​ខែ​១២​មក​ម្ល៉េះ ។ ចំពោះ​ការ​ទិញ​ដីធ្លី​នា​ពេល​កន្លង​មកនេះ ភាគច្រើន​អ្នកទិញ​ស្វែងរក​នៅ​តំបន់​ជិត​ឆ្នេរសមុទ្រ ហើយ​អភិវឌ្ឍន៍​ជា​ផ្ទះ​លំហែកាយ ដែល​ធ្វើ​ឲ្យ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ដីធ្លី​នៅ​ជិត​ៗ​មាត់​ឆ្នេរ​កាលពី​ពេល​កន្លង​មក ហើយ​រហូត​មក​ដល់​ពេល​នេះ ក៏​នៅ​តែ​មាន​តម្រូវការ​ខ្ពស់​ផង​ដែរ»។

លោក​បន្ថែម​ទៀត​ថា ក្រៅពី​ដីធ្លី​នៅ​តំបន់​មាត់សមុទ្រ ដី​ប្រភេទ​កសិកម្ម​ក៏​មាន​អ្នករក​ទិញ​ច្រើន​ណាស់​ដែរ ប៉ុន្តែ​មិនមែន​ទិញ​សម្រាប់​អភិវឌ្ឍន៍​ខ្លួនឯង​ផ្ទាល់​ទេ ភាគច្រើន​អ្នក​ដែល​ទិញ​គឺ​ទិញ​រក្សា​ទុក​មួយ​រយៈ​រង់ចាំ​ឲ្យ​ដី​ឡើងថ្លៃ នឹង​លក់​ចេញ​វិញ​ទៅ​ឲ្យ​អ្នក​ដែល​ត្រូវការ​អភិវឌ្ឍន៍ ឬ​សម្រាប់​ដាំ​ម្រេច ឬ​ក៏​ដំណាំ​ផ្សេង​ៗ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ខេត្តកំពត កាលពី​ពេល​កន្លង​មក​ក៏​មាន​លេចឮ​នូវ​គម្រោង​អភិវឌ្ឍន៍​កំពង់​ផែ​ទឹក​ជ្រៅ​សម្រាប់​នាំ​ចេញ និង​នាំ​ចូល​ផង​ដែរ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​មាន​វិនិយោគិន​មួយ​ក្រុម​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​លើ​ការ​វិនិយោគ​ក្នុង​ខេត្ត​នេះ ដោយ​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ខ្ទង់ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ទោះជា​យ៉ាងណា នៅ​មិន​ទាន់​ច្បាស់​ពី​គម្រោង​នឹង​ចាប់ផ្ដើម​ពេល​ណា​នោះ​ទេ ៕