ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ អា​វី​ហ្សា ទៅ​ពិនិត្យ​ខ្ទង់ច្រមុះ​របួស​ដោយ​កណ្តាប់ដៃ​សង្សារ​នៅ​ថៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ពេជ្រ អា​វី​ហ្សា បាន​ចេញ​ទៅ​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​មើល​ខ្ទង់ច្រមុះ​របស់​នាង​ដែល​របួស​ដោយ​អតីត​សង្សារ​វាយ​នោះ ។
កញ្ញា​ពេជ្រ អា​វី​ហ្សា បាន​វិល​មក​ពី​ជួប

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ពេជ្រ អា​វី​ហ្សា បាន​ចេញ​ទៅ​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​មើល​ខ្ទង់ច្រមុះ​របស់​នាង​ដែល​របួស​ដោយ​អតីត​សង្សារ​វាយ​នោះ ។

កញ្ញា​ពេជ្រ អា​វី​ហ្សា បាន​វិល​មក​ពី​ជួប​ពិគ្រោះ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​កែ​សម្រស់​នៅ​ប្រទេស​ថៃ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ តារា​ស្រី​ដែល​ធ្លាប់​រង​កណ្តាប់ដៃ​អតីត​សង្សារ​រូប​នេះ​បញ្ជាក់​ថា​ច្រមុះ​របស់​នាង​មិន​មាន​អ្វី​គួរ​ព្រួយបារម្ភ​ទេ​ក្រោយ​ពី​ពិនិត្យ​យ៉ាង​ដិត​ដល់​រួច​មក ។

អា​វី​ហ្សា បាន​ចេញដំណើរ​ទៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១១ ខែមករា ២០១៧ ដើម្បី​ជួប​ជាមួយ​អ្នកជំនាញ​ផ្នែក​កែ​សម្រស់​ឱ្យ​ត្រួតពិនិត្យ​ខ្ទង់ច្រមុះ​ដែល​ធ្វើទុក្ខ​ក្រោយ​ពី​រង​កណ្តាប់​ដៃ​របស់​អតីត​គូស្នេហ៍ ។ ក្រោយ​ជួប​ជាមួយ​អ្នកជំនាញ​ផ្នែក​កែ​សម្រស់ ពិសេស​ត្រួតពិនិត្យ​ខ្ទង់ច្រមុះ​រួច​មក ក្រុម​វេជ្ជបណ្ឌិត​ប្រទេស​ថៃ​លើក​ឡើង​ថា​មិន​មាន​អ្វី​ដែល​ប៉ះពាល់​ធ្ងន់​រហូត​ដល់​ដក​ខ្ទង់ច្រមុះ​សិប្បនិមិត្ត ចេញ​ទេ ។

ពេជ្រ អា​វី​ហ្សា​បញ្ជាក់​ថា​«​ក្រោយ​ការ​ពិនិត្យ យ៉ាង​យកចិត្តទុកដាក់​មក គឺ​មិន​មាន​សញ្ញា​មាន​បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ឡើយ ។ ច្រមុះ​របស់ខ្ញុំ​នឹង​វិល​មក​កាន់​ភាព​ប្រក្រតី​ឡើង​វិញ ក្រោយ​ពី​ទទួលយក​ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​ផ្សះ​របួស​ដែល​តម្រូវ​ឱ្យ​នាង​ខ្ញុំ​លេប​ប្រមាណ​ត្រឹម​១០​ថ្ងៃ​ប៉ុណ្ណោះ ។ ពេល​នេះ​ការ​ឈឺ​ចុកចាប់​នៅ​ត្រង់​មុខរបួស​ហាក់​ធូរស្រាល​ច្រើន​ជាង​មុន​» ។

ទាក់ទិន​នឹង​ស្ថានភាព​រស់នៅ​កញ្ញា​ពេជ្រ អា​វី​ហ្សា ថា​មិន​មានការ​ព្រួយបារម្ភ​អ្វី​ទេ​ព្រោះតែ​នាង និង​អតីត​សង្សារ​បាន​បញ្ចប់​ការ​ទាក់ទង​គ្នា​ទាំងស្រុង​ហើយ ។ មុន​ទៅ​ប្រទេស​ថៃ នាង​បាន​ទៅ​បំភ្លឺ​ជុំវិញ​ករណី​ប្រើប្រាស់​ហិង្សា​ធ្ងន់​លើ​នាង​ពី​អតីត​សង្សារ​រូប​នោះ ។ នាង​នៅ​តែ​រក្សា​ជំហរ​មិន​ប្តឹង​អតីត​សង្សារ​ទេ ព្រោះ​នាង​ចង់​អហោសិកម្ម​ឱ្យ​គេ​គ្រប់យ៉ាង ដែល​ធ្លាប់​មាន​ជាមួយ​គ្នា​ឱ្យ​ចប់​ទាំងអស់ កុំឱ្យ​មានកម្ម​ពៀរ​ជាមួយ​គ្នា​តទៅ​ទៀត ។ នាង​ក៏​មិន​ចង់​ទទួល​បាន​សំណង​អ្វី​ពី​អតីត​គូស្នេហ៍​ទេ ក្រៅ​តែ​ពី​ចង់​បញ្ចប់​បញ្ហា ដោយ​សន្តិវិធី ។

ពេជ្រ អា​វី​ហ្សា ត្រូវ​អតីត​គូស្នេហ៍​របស់​ខ្លួន​វាយ​ឱ្យ​របួសធ្ងន់​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៦​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ សាលាដំបូង​ខេត្ត​បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​លោក​គៀង ហេង ជា​អតីត​សង្សារ​នាង​ពេជ្រ អា​វី​ហ្សា ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

តារា​សម្តែង​ពេជ្រ អា​វី​ហ្សា ប្រាថ្នា​ថា​ប្រសិនបើ​មាន​គូស្នេហ៍​ថ្មី​ទៀត សូម​ព្រះ​ប្រទាន​បុរស​ចិត្តល្អ ចិត្ត​ស្មោះ​ប្រកបដោយ​ធម៌ ចេះ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ៕