ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ដ​កើនឡើង​ច្រើន​នៅ​អំឡុង​បុណ្យចូលឆ្នាំ​ចិន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​ទស្សនា​នៅ​តំបន់ឆ្នេរ និង​ខេត្តសៀមរាប​មាន​កំណើន​ខ្ពស់​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម កាលពី​ចុងស​ប្តា​ហ៍​មុន​នេះ ។

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​ទស្សនា​នៅ​តំបន់ឆ្នេរ និង​ខេត្តសៀមរាប​មាន​កំណើន​ខ្ពស់​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម កាលពី​ចុងស​ប្តា​ហ៍​មុន​នេះ ។

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​នៅ​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត​មានការ​កើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ពី​តួលេខ​នៅឡើយ​ទេ ដោយ​រង់ចាំ​បូក​សរុប​លទ្ធផល​សិន ។ ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​មក ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​ខេត្តកំពត មាន​ជាង​៦​ម៉ឺន​នាក់ ដោយ​គ្រាន់តែ​ក្នុង​ថ្ងៃ​ទី​២៩ មក​រា មាន​រថយន្ត​ជាង​៥​ពាន់​គ្រឿង​បាន​មក​កាន់​ខេត្តកំពត ។

លោក​បន្ត​ថា ៖ « ខេត្តកំពត​បច្ចុប្បន្ន​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​២៣​កន្លែង ក្នុង​នោះ​មាន​រមណីយដ្ឋាន​បែប​អេកូ​ទេសចរណ៍​៤​កន្លែង រមណីយដ្ឋាន​ឡើង​ភ្នំ កន្លែង​ជិះ​ខ្សែ​រ៉​ត​ឆ្លង​ព្រែក​កំពត និង​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ទៀត​។  បច្ចុប្បន្ន ខេត្តកំពត​មានផ្ទះ​សំណាក់ និង​សណ្ឋាគារ​សរុប​ចំនួន​២.៥០០​បន្ទប់ » ។

លោក សយ ស៊ី​ណុ​ល បន្ត​ទៀត​ថា ៖ «​ដោយសារ​ចំនួន​បន្ទប់​មាន​កម្រិត បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ​តាម​ដងព្រែក​កំពត ខ្លះ​បោះ​តង់ ខ្លះ​ចង​មុង និង​សម្រាក​ក្នុង​រថយន្ត​ផង​ដែរ​។ ហេតុនេះ លោក​សូម​ស្នើ​ឲ្យ​វិស័យ​ឯកជន​ចូល​មក​វិនិយោគ​លើ​សេវា​បដិសណ្ឋារកិច្ច​ដូច​ជា ផ្ទះសំណាក់ និង​សណ្ឋាគារ​ក្នុង​ខេត្ត​បន្ថែម​ទៀត » ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ លោក តាំង សុចិត្រ​គ្រឹះ​ស្នា ថ្លែង​ថា ខេត្ត​ព្រះ​សីហ​នុ ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​៨​ម៉ឺន​៣​ពាន់​នាក់ កើនឡើង​១២,១៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ខេត្ត​នេះ​មាន​សណ្ឋាគារ​ចំនួន​៧៧ ផ្ទះសំណាក់​៣០៣ ដែល​មាន​បន្ទប់​សរុប​ចំនួន​ជាង​៨​ពាន់​បន្ទប់ ។

លោក​បន្ត​ថា សេវា​បន្ទប់ និង​ចំណីអាហារ​បាន​កើនឡើង​ក្នុង​រយៈពេល​នេះ ប៉ុន្តែ​ស្ថិត​ក្នុង​តម្លៃ​អាច​ទទួលយក​បាន ។

លោក ព្រុំ គ​ន្ឋិ នាយក​រដ្ឋបាល​សាលាខេត្ត​កែប បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​មក ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ខេត្ត​កែប មាន​ចំនួន​៥៧.៨៨២​នាក់ កើន​ឡើង​តិចតួច បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​បរទេស​១.៩៥៥​នាក់​។ ខេត្ត​នេះ​មាន​សណ្ឋាគារ​ចំនួន​១០ សរុប​២៥៤​បន្ទប់ និង​មានផ្ទះ​សំណាក់​៥៦ ស្មើនឹង​៦២០​បន្ទប់ ។

ខេត្ត​កែប​មាន​រមណីយដ្ឋាន​ដែល​ភ្ញៀវ​អាច​ទៅ​កម្សាន្ត​បាន​ចំនួន​៦​កន្លែង រួម​មាន កោះទន្សាយ ឆ្នេរ​លេង​ទឹក ឆ្នេរ​អង្កោល ភ្នំ​វល្ល​រ៍ ស្រែអំបិល និង​រមណីយដ្ឋាន​វប្បធម៌​ភ្នំ​សរសៀរ​។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ថ្លែង​ថា តំបន់ឆ្នេរ និង​តំបន់​តាម​រមណីយដ្ឋាន​នានា​បាន​ទទួលភ្ញៀវ​ទេសចរ​កើនឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ។

ដោយឡែក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ដែល​ជា​ពេល​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិចិន និង​វៀតណាម ចំនួន​ភ្ញៀវ​ទេសចរ​បាន​បន្ត​កើនឡើង​ផង​ដែរ ជា​ពិសេស បណ្តា​ខេត្ត​តាម​តំបន់ឆ្នេរ ដែល​ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ឆ្នេរ​ស្អាត ទីក្រុង​ល្អ ។

លោក​បន្ត​ថា ៖ « ជាមួយនឹង​កំណើន​កើនឡើង​នេះ នៅ​តាម​បណ្តា​ឆ្នេរ និង​កោះ​នានា​ក៏​ប្រឈម​មុខ​នឹង​ការ​បំពុលបរិស្ថាន​ផង​ដែរ ។ ហេតុនេះ សូម​អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​អនាម័យ រក្សា​សន្តិសុខ សុវត្ថិភាព​ដល់​ភ្ញៀវ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ជា​ពិសេស ផ្តោត​លើ​បញ្ហា​បរិស្ថាន និង​អនាម័យ​ឲ្យ​បាន​ល្អ​ប្រសើរ » ៕