ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ល្អ​6​យ៉ាង​របស់​អ្នក​វិនិយោគ​អចលនទ្រព្យ

7 ឆ្នាំ មុន

ពាក្យ​ថា «​អ្នក​វិនិយោគ​អចលនទ្រព្យ​» គឺជា​អ្វី​ដែល​អ្នក​ណា​ៗ​ក៏​ចង់​ធ្វើ ចង់​មាន​ខុន​ដូ​ឬ​ផ្ទះ​សម្រាប់​ជួល និង​ចង់​មាន​ដី​ទុក​កេង​ចំណេញ ប៉ុន្តែ​មិន​មាន​ន័យ​ថា អាច​ធ្វើ​ទៅ​បាន​គ្រប់​គ្នា​នោះ​ទេ ។ ការ​វិនិយោគ ត្រូវ​មាន​ប្រាក់​គង់វង្ស

ពាក្យ​ថា «​អ្នក​វិនិយោគ​អចលនទ្រព្យ​» គឺជា​អ្វី​ដែល​អ្នក​ណា​ៗ​ក៏​ចង់​ធ្វើ ចង់​មាន​ខុន​ដូ​ឬ​ផ្ទះ​សម្រាប់​ជួល និង​ចង់​មាន​ដី​ទុក​កេង​ចំណេញ ប៉ុន្តែ​មិន​មាន​ន័យ​ថា អាច​ធ្វើ​ទៅ​បាន​គ្រប់​គ្នា​នោះ​ទេ ។ ការ​វិនិយោគ ត្រូវ​មាន​ប្រាក់​គង់វង្ស ហើយ​ចំណុច​សំខាន់ គឺ​មាន​ទម្លាប់​សមជា​អ្នក​វិនិយោគ​អចលនទ្រព្យ​ដ៏​ល្អ ដើម្បី​ជួយ​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​វិនិយោគ​ឱ្យ​បាន​តិច​បំផុត ។

ការ​វិនិយោគ​អចលនទ្រព្យ គឺ​ត្រូវ​ប្រើប្រាស់​ប្រាក់​ក្នុង​ចំនួន​ច្រើន​លាន​ឡើង​ទៅ ។ ដូច្នេះ បើសិនជា​មិន​គិត​ឱ្យ​ល្អ ឬ​វិនិយោគ​ដោយ​ល្អិតល្អន់​ទេ វា​អាច​នឹង​បាត់បង់​ច្រើន​ជាង​ទទួល​បាន ។

នេះ​ជា​ទម្លាប់​ល្អ​៦​យ៉ាង​របស់​អ្នក​វិនិយោគ​អចលនទ្រព្យ ។ សាកល្បង​ពិនិត្យ​មើល​ថា ខ្លួន​អ្នកមាន​ទម្លាប់​ទាំងនេះ​ឬទេ បើសិនជា​ចំណុច​ណា​ដែល​អ្នក​គ្មាន ចូរ​ធ្វើ​វា​ឱ្យ​ក្លាយជា​ទម្លាប់ ។

១-​ស្គាល់​ពី​ការ​ធ្វើ​ផែនការ ៖
អ្នក​វិនិយោគ​ល្អ​ត្រូវ​ស្គាល់​ពី​ការ​ធ្វើ​ផែនការ​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង ឬ​រហូត​ដល់​ផែនការ​បន្ទាន់​ដែល​កើតឡើង​ដោយ​មិន​បាន​គិត​ទុក ព្រោះ​ការ​វិនិយោគ​អចលន​ទ្រព្យ​មាន​ហានិភ័យ​ខ្ពស់ និង​អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ងាយ​ពី​កត្តា​ផ្សេង​ៗ មិន​ថា​សេដ្ឋកិច្ច​ក្នុង​ប្រទេស និង​នយោបាយ គឺ​សុទ្ធតែ​ប៉ះពាល់​ដល់​អចលនទ្រព្យ​ទាំងអស់ ។ ដូច្នេះ កត្តា​ខាងក្រៅ​ទាំងនេះ​ជា​រឿង​ដែល​យើង​គ្រប់គ្រង​មិន​បាន​ឡើយ ។ វិធី​ល្អ​បំផុត គឺ​ការ​ដាក់​ផែនការ​សម្រាប់​ពេល​មាន​ហេតុការណ៍​ទាំងនេះ​កើតឡើង ។

២-​ស្ទង់​មើល​ទីផ្សារ និង​គូប្រជែង​ជា​រឿយ​ៗ ៖
ក្រៅពី​ការ​ធ្វើ​ផែនការ​រួច​ហើយ ការ​ស្ទង់​មើល​ទីផ្សារ និង​គូប្រជែង គឺជា​រឿង​ដែល​ចាំបាច់​មិន​ចាញ់​គ្នា​ឡើយ ព្រោះ​បើសិនជា​យើង​ស្គាល់​ពី​ការ​បត់បែន​របស់​ទីផ្សារ និង​គូប្រជែង នឹង​ធ្វើ​ឱ្យ​យើង​កែតម្រូវ​ខ្លួន​ទាន់ ។ ជំនួញ​អចលនទ្រព្យ​ត្រូវ​អាស្រ័យ​លើ​ទីផ្សារ​ជា​និច្ច ហើយ​ការ​ស្ទង់​មើល​ទីផ្សារ នឹង​ធ្វើ​ឱ្យ​យើង​ដឹង​ថា ពេល​នេះ​ទីផ្សារ​កំពុង​ឡើង​ឬ​ចុះ ពេល​ណា​គួរ​លក់ ឬ​ពេល​ណា​គួរ​ជួល និង​ក្នុង​តម្លៃ​ប៉ុន្មាន ។

៣-​ស្មោះត្រង់ ៖
មនុស្ស​មួយ​ចំនួន នៅ​ពេល​មាន​ទិន្នន័យ និង​ចំណេះដឹង​លើស​អ្នក​ដទៃ គឺ​រមែង​យក​ប្រៀប និង​រក​ប្រយោជន៍​ពី​អ្នក​ដែល​គ្មាន​ព័ត៌មាន ។  អចលនទ្រព្យ ជា​មុខ​ជំនួញ​ដែល​ពិបាក​ស្វែងរក​ព័ត៌មាន និង​ភាន់ច្រឡំ​ជាង​ជំនួញ​ផ្សេង​ៗ ។ ដូច្នេះ អ្នក​វិនិយោគ​គ្រប់​រូប​ត្រូវ​មានគុណ​ធម៌  និង​មិន​យក​ប្រៀប ។ ភាព​ស្មោះត្រង់ ជា​អ្វី​ដែល​អ្នក​វិនិយោគ​គ្រប់​រូប​គួរតែ​មាន​ជាប់​ខ្លួន មិន​សំដៅ​តែ​អ្នក​វិនិយោគ​អចលនទ្រព្យ​នោះ​ទេ ។

៤-​រៀនសូត្រ​ជា​និច្ច ៖
ការ​រៀនសូត្រ​មិន​មាន​ចុងបញ្ចប់​ទេ មិន​ថា​អ្នកជា​បុគ្គល​វិនិយោគ​ដែល​ឆ្លាត និង​ទទួល​បាន​ជោគជ័យ​ច្រើន​ប៉ុនណា​ក្តី ចូរ​កុំ​បញ្ឈប់​ការ​រៀនសូត្រ និង​រក​ចំណេះដឹង​ថ្មី​ៗ​ជា​និច្ច ដូច​ជា​ច្បាប់ ឬ​និន្នាការ​សេដ្ឋកិច្ច ដែល​នឹង​ជួយ​ឱ្យ​យើង​ស្គាល់ និង​យក​មក​ប្រើប្រាស់​កែតម្រូវ​វា ។

៥-​ស្គាល់​ពី​ហានិភ័យ និង​រក​ផ្លូវ​ចៀសវាង ៖
គ្រប់ការ​វិនិយោគ​តែង​មាន​ហានិភ័យ ការ​វិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ​ក៏​ដូច​គ្នា គឺ​ហានិភ័យ​អាច​កើតឡើង​គ្រប់ពេលវេលា ។ ហានិភ័យ ជា​អ្វី​ដែល​ត្រូវ​នឹក​ដល់​ដំបូង​ក្នុង​ការ​ប្រកប​មុខ​ជំនួញ ប៉ុន្តែ​វា​មិន​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ឡើយ ខណៈ​មនុស្ស​ភាគច្រើន​តែង​សម្លឹង​តែ​ផ្លូវ​ល្អ​នៃ​មុខ​ជំនួញ​ថា នឹង​ទទួល​បាន​ផល​តបស្នង​តាម​ចិត្ត​ត្រូវការ ហើយ​អ្នកខ្លះ​មើល​ថា ហានិភ័យ​ជា​រឿង​នៅ​ឆ្ងាយ​ពី​ខ្លួន និង​មិនកើត​ឡើង​ចំពោះ​គេ ។ អ្នក​ដែល​គិត​បែប​នេះ នឹង​បញ្ចប់​មិនល្អ​ប៉ុន្មាន​ទេ ។ បើ​ជ្រើសរើស​វិនិយោគ​ក្នុង​ផ្នែក​អចលន​ទ្រព្យ​ហើយ អ្នក​ត្រូវ​សិក្សា និង​យល់​ពី​ហានិភ័យ​ដែល​នឹង​អាច​កើតឡើង ព្រមទាំង​រក​វិធី​កែប្រែ ។

៦-​បង្កើត Connection ៖
អ្វី​ដែល​អ្នក​វិនិយោគ​គ្រប់​រូប​គួរ​មាន គឺ Connection ដ៏​ច្រើន ព្រោះ​អចលនទ្រព្យ​ជា​ជំនួញ​ពាក់ព័ន្ធ​នឹង​អាជីព មិន​ថា​ផ្នែក​សាងសង់​, ច្បាប់​, ទីផ្សារ និង​អាជីព​ផ្សេង​ទៀត ។ ការ​ស្គាល់​មនុស្ស​មាន​អាជីព​ទាំងនេះ នឹង​ជា​ការ​ល្អ​ដល់​អ្នក​សម្រាប់​ពេល​ត្រូវការ​ជំនួយ ឬ​សមត្ថភាព​ខ្លះ គឺ​ត្រូវការ​អ្នកមាន​ជំនាញ​ទាំងនេះ ដូច​ជា បើ​ត្រូវការ​ពង្រីក​ថែមថយ​ផ្ទះ គឺ​ត្រូវ​ទៅ​រក​អ្នក​ទទួល​សាងសង់​ម៉ៅ​ការ​ល្អ​ៗ​ដែល​អាច​ទុកចិត្ត​បាន ។ នៅ​ពេល​ចុះ​កិច្ចសន្យាជួល គឺ​ត្រូវ​ប្រឹក្សា​ជាមួយ​អ្នក​ច្បាប់​ដែល​ឈ្លាសវៃ ។ ដូច្នេះ វា​នឹង​ល្អ​បំផុត បើ​អ្នក​ស្គាល់​មនុស្ស​មក​ពី​ច្រើន​អាជីព ដែល​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន ៕