ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​រុះរើ​អគារ​មង្គលការ​នៅ​កោះ​ពេជ្រ​ទៅ​ទីតាំង​ថ្មី​នៅ​ចុងឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម្ចាស់​អភិវឌ្ឍន៍​គម្រោង​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ បាន​ឲ្យ​ដឹង​ថា អគារ​រៀបចំ​មង្គលការ​នៅ​កោះ​ពេជ្រ​ទាំងអស់ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​ថ្មី​នៅ​ចុងឆ្នាំ​នេះ ដើម្បី​សម្រួលការ​កកស្ទះ​នៅ​ទីក្រុង

រាជធានី​ភ្នំពេញ ៖ ម្ចាស់​អភិវឌ្ឍន៍​គម្រោង​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ បាន​ឲ្យ​ដឹង​ថា អគារ​រៀបចំ​មង្គលការ​នៅ​កោះ​ពេជ្រ​ទាំងអស់ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​ថ្មី​នៅ​ចុងឆ្នាំ​នេះ ដើម្បី​សម្រួលការ​កកស្ទះ​នៅ​ទីក្រុង​កោះ​ពេជ្រ នៅ​ពេល​មាន​ពិធី​មង្គលការ​ច្រើន​នៅ​ទីនោះ​។ ការ​ផ្លាស់​ប្ដូរ​ទីតាំង​ថ្មី​នេះ ក៏​ដើម្បី​លើកកម្ពស់​សក្ដានុពល​នៃ​តំបន់​ថ្មី​នោះ​ឱ្យ​មាន​សកម្មភាព​ខ្លាំង​ឡើង​ផង​ដែរ ។

អ្នកឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា បានឱ្យ​ដឹង​ថា អគារ​មង្គលការ​នៅ​កោះ​ពេជ្រ នឹង​ត្រូវ​លើក​ទៅ​ដាក់​នៅ​គម្រោង​ទីក្រុង​រណប​ជ្រោយ​ចង្វារ គឺ​ដាក់​នៅ​ក្នុង​បុរី​រុងរឿង​តែ​ម្ដង ដើម្បី​ឱ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​មានការ​ងារ​ធ្វើ​ច្រើន និង​ដើម្បី​កែប្រែ​តំបន់​នោះ​ឱ្យ​កាន់តែ​មមាញឹក​ក្នុង​អាជីវកម្ម​ថែម​ទៀត​។ លោក​ថ្លែង​ថា ៖ « យើង​នឹង​ផ្ទេរ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ មក​កន្លែង​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ជា​ពិសេស​នៅ​ក្នុង​គម្រោង​បុរី​រុងរឿង​នេះ ពីព្រោះ​នៅ​កោះ​ពេជ្រ ឱ្យ​តែ​មាន​ពិធី​មង្គលការ​ច្រើន​ម្ដង​ៗ ឃើញ​ថា​ចរាចរណ៍​មានការ​កកស្ទះ​ខ្លាំង ដូចនេះ​យើង​ចង់​ផ្ទេរ​ឱ្យ​អ្នក​រៀប​ការ​មក​ជួល​អគារ​នៅ​កន្លែង​ថ្មី​ដែល​យើង​ត្រៀម​ធ្វើ​សម្រាប់​ជួល​ឱ្យ​ពួក​គាត់ » ។

អ្នកឧកញ៉ា​បន្ត​ថា នៅ​ពេល​ដែល​គម្រោង​អគារ​មជ្ឈមណ្ឌល​សម្រាប់​ជួល​ជា​អគារ​ធ្វើ​រួចរាល់ ប្រាកដជា​មាន​អ្នក​ជួល​ច្រើន ហើយ​នៅ​ពេល​នោះ តំបន់​នោះ​នឹង​ក្លាយជា​តំបន់​អ៊ូអរ ហើយ​ពេល​នោះ ប្រជាពលរដ្ឋ​នៅ​ក្នុង​បុរី​រុងរឿង និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទាំងមូល នឹង​កាន់តែ​មានឱកាស​ក្នុង​ការ​រក​ទទួលទាន ។ លោក​បន្ត ៖ « ពេល​នេះ​យើង​ត្រៀម​បញ្ជូន​កម្មករ​ពី​កោះ​ពេជ្រ​ប្រមាណ​១.០០០​នាក់​នៅ​ក្នុងឆ្នាំនេះ ទៅ​តំបន់​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ដើម្បី​ធ្វើ​ការងារ​អភិវឌ្ឍន៍​គម្រោង​ជា​បណ្ដើរ​ៗ ហើយ​នៅ​ពេល​អនាគត នឹង​ផ្ទេរ​ពី​កោះ​ពេជ្រ​ទៅ​តំបន់​នោះ​ទាំងអស់ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​ទីក្រុង​រណប​ជ្រោយចង្វារ​មានការ​អភិវឌ្ឍន៍​ដូច​ទីក្រុង​កោះ​ពេជ្រ​ដែរ » ។

លោក​បន្ថែម​ថា ៖« យើង​កំពុង​មាន​គម្រោង​ធំ​មួយ​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ គឺ​គម្រោង​ផ្សារ​ធំ​មួយ ដូចនឹង​ផ្សារ​ទំនើប​អុ​ី​អន​អីចឹង​ដែរ ហើយ​នៅ​ពេល​ដែល​គម្រោង​ផ្សារ​នោះ​ចេញ​ជា​រូបរាង នោះ​តម្លៃ​ដីធ្លី​ផ្ទះសម្បែង នឹង​បន្ត​ឡើងថ្លៃ​ទៀត ដូចនេះ​អ្នកមាន​ផ្ទះ​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​នេះ​ស្រាប់ នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ថែម​ទៀត គឺ​ផ្ទះ​នឹង​ឡើងថ្លៃ​ទ្វេ​ជា​ពីរ​ជា​បី​» ។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​( OCIC ) បានឱ្យ​ដឹង​ដែរ​ថា ការ​ផ្ទេរ​អគារ​រៀបចំ​ពិធី​មង្គលការ​ពី​កោះ​ពេជ្រ​ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ នឹង​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​នេះ​ហើយ ដូចនេះ​អាច​និយាយ​ថា រយៈពេល​ពីរ​ឆ្នាំ​ទៀត ពោល​គឺ​នៅ​ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ អាច​ជួល​អគារ​រៀបចំ​ពិធី​មង្គលការ​ទទួល​ភ្ញៀវ​បាន ។ លោក​និយាយ​ថា ៖ « ការ​រុះរើ​ចេញពី​កោះ​ពេជ្រ​ទៅ​ជ្រោយចង្វារ​ដូច​អ្នកឧកញ៉ា​មាន​ប្រសាសន៍​អីចឹង ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​ខ្លាំង​ពេក​នៅ​កោះ​ពេជ្រ នៅ​មាន​ការ​ជួល​ការ​ម្ដង​ៗ ហើយ​ការ​រុះរើ​ចេញ​នេះ ក៏​យើង​មិន​ទាន់​មាន​គម្រោង​អភិវឌ្ឍន៍​អ្វី​នៅឡើយ » ។

លោក​បន្ត​ថា ពេល​នេះ​ប្រជាពលរដ្ឋ​នៅ​តែ​អាច​ជួល​អគារ​កោះ​ពេជ្រ​សម្រាប់​ធ្វើ​ពិធី​មង្គលការ​បាន ព្រោះ​ក្រុមហ៊ុន​មិន​ទាន់​មាន​គម្រោង​បិទ​ការ​ជួល​ទាំងស្រុង​នោះ​ទេ ។
បើ​តាម​អ្នក​វាយតម្លៃ​អចលនវត្ថុ​នៅ​កម្ពុជា​ជា​ច្រើន​បាន​បញ្ចេញមតិ​ស្រ​ដៀង​គ្នា​ថា តម្លៃ​ដីធ្លី​នៅ​តំបន់​ជ្រោយចង្វារ​នោះ​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ហើយ​នៅ​ពេល​នេះ​នៅ​តំបន់​ជ្រោយចង្វារ​មាន​គម្រោង​ជា​ច្រើន​កំពុង​សាងសង់ និង កំពុង​ដំណើរការ​សាងសង់​នៅ​ពេល​ខាង​មុខ​ទៀត ។

គួរ​បញ្ជាក់​ថា តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល អភិវឌ្ឍន៍​ជាទី​ក្រុង​រណប ដោយ​ក្រុមហ៊ុន​OCIC​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​៣០០​ហិ​កតា និង​បាន​បោះទុន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ប្រែក្លាយ​តំបន់​នោះ ឱ្យទៅ​ជាទី​ក្រុង​ថ្មី​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ ៕