ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​១០០​គ្រួសារ​ លើកគ្នា​មក​តវ៉ា​ដល់​សាលា​ស្រុក​​​ស្ទឹង​ហាវ !

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​ដែល​ជា​អ្នកនេសាទ​សមុទ្រ និង​ខ្លះ​ទៀត​ជា​កម្មករ កម្មការិនី​រោង​ចក្រ​ធ្យូងថ្ម​រស់នៅ​ចំណុច​ព្រែក​២ ស្ថិត​ក្នុងភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ស្នើ​សុំ​ដល់​សម្ដេច​តេ​ជោ…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​ដែល​ជា​អ្នកនេសាទ​សមុទ្រ និង​ខ្លះ​ទៀត​ជា​កម្មករ កម្មការិនី​រោង​ចក្រ​ធ្យូងថ្ម​រស់នៅ​ចំណុច​ព្រែក​២ ស្ថិត​ក្នុងភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ស្នើ​សុំ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​ដែល​កំពុង​រង​គ្រោះ​នៅ​ក្នុង​ជម្លោះ​ដណ្តើម​កាន់​កាប់​ដីធ្លី​នៅ​ក្នុង​ដែន​សហគមន៍​នេសាទ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ដែល​បង្ក​ឡើង​ដោយ​ការ​ឃុបឃិត​ពី​សំណាក់​អ្នកមាន​ប្រាក់ និង​អំណាច​មក​ពី​រាជធានី​ភ្នំពេញ​ឈ្មោះ​លោក​ស្រី ហៀ​ង គឹ​ម​ហួយ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០២២ កន្លង​មកនេះ ប្រជាពលរដ្ឋ​ដែល​មានមុខរ​បរជា​អ្នកនេសាទ​សមុទ្រ​និង​ជា​កម្មករ បម្រើ​ការងារ​នៅ​រោងចក្រ​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​លំនៅ​ឋាន ស្ថិត​នៅ​ចំណុច​ព្រែក​២ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​លើ​ទីតាំង​ដី​លំនៅ​ឋាន ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប្រើប្រាស់​កម្លាំង​មក​គំរាមកំហែង​បង្ក​ភាព​ភ​យ័​ខ្លាច និង​បាន​រុះរើ​ផ្ទះសម្បែង​បង្ខំ​ឲ្យ​ចាក​ចេញពី​ទីតាំង​ដី​ដែល​ពួក​គាត់​បាន​រស់នៅ​អា​ស្រ​យ័​ផល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។

ប្រភព​ផ្តល់​ព័​ត័​មាន​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ប្រជា​នេសាទ និង​ជា​កម្មករ កសិករ​នៅ​ទីនោះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ប្រជាពលរដ្ឋ​ដែល​មាន​ដី​លំនៅ​ឋាន​លើ​ទីតាំង​ដី​ដែល​កំពុង​មាន​វិវាទ​ជាង​១០០​គ្រួសារ​លើ​ផ្ទៃដី​ជាង​២៥​ហិ​កតា និង​មានផ្ទះ​ជាង​៦០​ខ្នង​ផ្ទះ និង​រស់នៅ​ជាក់ស្ដែង​ជាង​៦០​គ្រួសារ​។ ប្រជាពលរដ្ឋ​ទាំងនោះ​លើក​ឡើង​ថា គាត់​រស់នៅ​ទី​នេះ​អាស្រ័យ​ផល​មាន​ដាំ​ដំណាំ​វិល​ជុំ​មាន​ដូច​ជា​ដំឡូង​មី​ដំឡូងជ្វា ននោង ត្រឡាច ចេក ។​ល​។

ដើម្បី​ដោះ​ដូរ​ជីវភាព​ប្រចាំ​ថ្ងៃ និង​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​មួយ​ចំនួន​មាន​ដូច​ជា​ស្វាយ ខ្នុរ ស្វាយចន្ទី ។ ក្រៅពី​ដាំ​ដំណាំ​អាស្រ័យ​ផល​លើ​ដី​នេះ ពួក​គាត់​បាន​ប្រកប​របរ​នេសាទ​សមុទ្រ​ខ្នាត​តូច​យក​ត្រី​សាច់​ទាំងនោះ​ទៅ​ដោះ​ដូរ​នៅ​ទីផ្សារ​យក​ប្រាក់​ទិញ​អង្ករ​ផ្គត់ផ្គង់​ជីវភាព និង​អ្នកខ្លះ​ទៀ​បាន​ទៅ​ធ្វើ​ជា​កម្មករ​រោងចក្រ​ធ្យូងថ្ម​យក​ប្រាក់ខែ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ។ ប្រជា​នេសាទ​បាន​លើក​ឡើង​ថា ទើបតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ស្រាប់តែ​មាន​បុគ្គល​មិន​ស្គាល់​អត្តសញ្ញាណ​បាន​មក​បំ​ផិត​បំភ័យ​ពួក​គាត់​ដោយ​ចោទ​ថា ពួក​គាត់​មក​រស់នៅ​លើ​ដី​របស់​គេ​ទៅ​វិញ ។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​រៀបរាប់​ទាំង​អួល​ដើម​.​កថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២២ កន្លង​មកនេះ កូនស្រី​បង្កើត​របស់​គាត់​ឈ្មោះ សំ អោយ អាយុ​៥១​ឆ្នាំ និង​ឈ្មោះ​ផែង ច​ន្ទ្រា អាយុ​៣៦​ឆ្នាំ ភេទ​ស្រី​.​ប្រកប​រប​នេសាទ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បញ្ឆោត​ឲ្យ​ដឹក​ត្រី​យក​ទៅ​ឲ្យ​បុរស​០៤​នាក់​នៅ​រង់ចាំ​ឯ​ឆ្នេរ​កំសាន្ត​ថ្ម​យក្ស​ក្នុងស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ពេល​កូន​គាត់​ដឹក​ត្រី និង​មាន់​មក​ដល់​ចំណុច​រង្វង់​មូល ក្នុង​ឃុំ​អូរ​ត្រេះ ត្រូវ​បាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​០៤​នាក់​នោះ​ឃាត់ខ្លួន​ចាប់​ដាក់​ក្នុងរថយន្ត​ដឹក​មក​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្តង​។

ក្រោយមក ពេល​ឃុំខ្លួន​កូនស្រី​របស់​គាត់​អស់​រយៈពេល​ពីរ​យប់ និង​បី​ថ្ងៃ​បង្ខិតបង្ខំ​ឲ្យ​កូនស្រី​តប​ស់​គាត់​ព្រមព្រៀង​ផ្តិត​មេដៃ​លើ​ឯ​សារ ដើម្បី​រុះរើ​ផ្ទះ​ចេញពី​ទីតាំង​ដី​ដែល​ធ្លាប់​រស់នៅ​នោះ​ទៅ​ទើប​គេ​ដោះ​លែងកូន​។ ស្ត្រី​វ័យ​ចំណាស់​រូប​នោះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​ឮ​ថា គេ​ចាប់ខ្លួន​កូនស្រី​ហើយ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ទើប​គេ​ដោះ​លែង​កូន​គាត់ រូប​គាត់​ឮ​ដូច្នេះ ក៏​ភ័យ​ពេក​ហើយ​ក៏​ធ្វើការ​រុះរើ​ផ្ទះ​ដែល​ធ្លាប់​រស់នៅ​រាល់ថ្ងៃ​ថ្នូរ​នឹង​ការ​ដោះ​លែង​កូនស្រី​គាត់​តែ​ម្តង​។

ស្ត្រី​រូប​នេះ បាន​បញ្ជាក់​ថា ក្រោយ​រុះរើ​ផ្ទះ​រួចរាល់​គេ​ឱ្យ​ថត​ផ្ទះ​នោះ​ផ្ញើ​ទៅ​គេ ទើប​គេ​ដោះ​លែង​កូនស្រី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ បើ​មិន​ធ្វើ​តាម​គេ​នោះ​ទេ​គេ​មិន​លែង​កូន​គាត់​ឡើយ ។ ស្ត្រី​រូប​នោះ​បាន​បន្ត​ទៀត​ថា ដោយ​មានការ​ភ័យ​ខ្លាំង​ពេក ក៏​សម្រេចចិត្ត​ធ្វើ​តាម​គេ​រុះរើ​ផ្ទះ​នោះ ដើម្បី​ឱ្យ​កូន​បាន​វិល​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ ហើយ​ក្រោយ​គាត់​បាន​រុះរើ​ផ្ទះសម្បែង​និង​ថតរូប​ភាព​ផ្ញើ​ឲ្យ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​កូនស្រី​គាត់​ក៏​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ។

ទាក់ទិន​ជុំវិញ​បញ្ហា​ទំនាស់​ដីធ្លី​ខាងលើ​នេះ លោកស្រី ធិ​ន ច​ន្ថា និង​លោកស្រី តូច សុខ​សា​វឿ​ន ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​នៅ​ទីនោះ​បាន​រៀបរាប់​ស្រ​ដៀង​គ្នា​ថា រូប​គាត់​បាន​មក​រស់នៅ​ទី​នេះ​ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ ពុំដែល​មាន​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​នេះ ជាមួយ​បុគ្គល​ណា​នោះ​ឡើយ ហើយ​គាត់​រស់នៅ​លើ​ដី​នេះ​គឺជា​ដី​សហគមន៍​មាន​ផែនទី​គ្រប់គ្រង​ដោយ​សហគមន៍​នេសាទ​ការពារ​ព្រៃ​លិច​ទឹក ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

ដោយ​មានការ​ទទួលស្គាល់​នឹង​ចុះហត្ថលេខា​ដោយ​លោក គី​ម ហាក់ ប្រធាន​សហគមន៍​នេសាទ​ទំនប់​រលក​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០០៦ នឹង​ឯកភាព​ចុះហត្ថលេខា​បោះត្រា​ដោយ​ចៅ​សង្កាត់​ទំនប់​រលក​លោក ហ៊ីង សុវណ្ណ កាលពី​ថ្ងៃ​ទី​១២​ខែកញ្ញា​ឆ្នាំ​២០០៦ បាន​ឯកភាព​នឹង​ចុះ​ហត្ថលេខា​បោះត្រា​ដោយ​លោក ម៉ី គាំង អភិបាលស្រុក​ស្ទឹង​ហាវ​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០០៦ បាន​ឯកភាព​ចុះហត្ថលេខា​ពី​ប្រធាន​ការិយាល័យ​ជលផល​ក្រុងព្រះសីហនុ​លោក ដួង សំអាត នៅ​ថ្ងៃ​ទី​២៧​ខែកញ្ញា​ឆ្នាំ​២០០៦ បាន​ឯកភាព​ចុះហត្ថលេខា​បោះត្រា​ដោយ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ក្រុងព្រះសីហនុ​លោក កែ ផា នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០០៦​និង​ចុង​ក្រោយ​ឯកភាព​ចុះហត្ថលេខា​ដោយ​អភិបាល​ក្រុងព្រះសីហនុ​នៅ​ថ្ងៃ​ទី​១៧ ខែមករា​ឆ្នាំ ២០០៧​ដែល​ជា​ភស្តុ​តាង​បង្ហាញ​ថា​ដី​ដែល​ពួក​គាត់​កំពុង​កាន់កាប់​រស់នៅ​អាស្រ័យ​ផល​គឺជា​ដី​សហគមន៍​ពិតប្រាកដ​មិនមែន​រស់នៅ​លើ​ដី​បុគ្គល​ណា​នោះ​ឡើយ​។

ជា​ចុង​ក្រោយ ប្រជា​នេសាទ​ដែល​ជា​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ទីតាំង​ខាងលើ ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន សែន មេត្តា​ជួយ​រក​យុត្តិធម៌ និង​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គាត់​ដែល​ជា​ប្រជា​ពលរដ្ឋ​ក្រីក្រ​ប្រកប​មុខរបរ​នេសាទ​សមុទ្រ​ខ្នាត​តូច និង​អ្នកខ្លះ​ទៀត​ជា​កម្មករ​រោងចក្រ​ដូច​បាន​​រៀបរាប់​ខាងលើ​ដោយ​ក្តី​គោរព​ពី​កូនចៅ ។ ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក ឆាយ សុគន្ធ​ដា អភិ​បាលស្រុក​ស្ទឹង​ហាវ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា​ឆ្នាំ ២០២២​កន្លង​ទៅ លោក​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ដី​ទីតាំង​នោះ​គឺជា​ដី​របស់​គេ ហើយ​គេ​មាន​លិខិត​កាន់កាប់​។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំងនោះ បាន​ទៅ​រស់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​គេ ។

តែ​ទោះជា​យ៉ាងណា ប្រជា​នេសាទ​ទាំងនោះ​ស្នើ​សុំ​ឲ្យ​បុគ្គល​ដែល​អះអាង​ថា ដី​របស់​ខ្លួន​ហើយ​មាន​លិខិត​កាន់កាប់​សូម​ចេញ​មុខ​មក​តតាំង​គ្នា​នៅ​សាលាស្រុក​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​យក​លិខិត​កាន់កាប់​មក​បង្ហាញ​ទល់មុខ​គ្នា​នៅ​មុខ​អាជ្ញា​ធម៌​ស្រុក ទើប​ពួក​គាត់​អស់ចិត្ត​និង​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​កុំ​ប្រើ​ល្បិច​ចាប់បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ផ្តិត​មេដៃ​រុះរើ​ផ្ទះ​ចេញពី​ទីតាំង​ដី​ដែល​ពួក​គាត់​បាន​កាន់កាប់​អាស្រ័យ​ផល​កន្លង​មក​ជា​យូរ​ឆ្នាំ​ឲ្យ​ចាកចេញ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ដូច្នេះ​។

ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មក​ប្រមូលផ្តុំ​នៅ​ខាង​មុខ​សាលា​ស្រុក​ស្ទឹង​ហាវ តាម​ការ​ណាត់​របស់​អ្នក​ដែល​អះអាង​ថា ជា​តំណាង​ម្ចាស់​ដី តែ​គួរ​ឱ្យ​សោកស្ដាយ​ពេល​ប្រជាពលរដ្ឋ​មក​ដល់​សាលាស្រុក​ស្ទឹង​ហាវ​បែរជា​តំណាង​ម្ចាស់​ដី​មិន​បាន​មក​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​តាម​ការ​ណាត់​ទៅ​វិញ ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ខកចិត្ត និង​សោកស្តាយ​យ៉ាង​ខ្លាំង ដោយ​​ពួក​គាត់​លើក​ឡើង​ថា ការ​ណាត់​របស់​ភាគី​ដែល​អះអាង​ថា ដី​របស់​ខ្លួន​បែរជា​មិន​ចូលខ្លួន​មក​ជួប​ទៅ​វិញ ។

ដោយឡែក លោកស្រី ហៀ​ង គឹ​ម​ហួយ មាន​ទីលំនៅ​ឯ​រាជធានី​ភ្នំពេញ ដែល​ប្រជាពលរដ្ឋ​ថា​តាំង​ខ្លួន​ជា​ម្ចាស់​ដី​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ខាងលើ អ្នក​សារព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោកស្រី​បាន​ទេ​ជុំវិញ​បញ្ហា​ខាងលើ​នេះ​។ ដោយឡែក លោក គិ​ម ហាក់ ប្រធាន​សហ​គមន៍​នេសាទ​ទំនប់​រលក ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ដោយសារ​លោក​មិន​លើក​ទូរ​សព្ទ័​។

ព័ត៌មានបន្ថែម កោះ​សន្តិភាព​នឹង​មានផ្សាយជូនបន្ត ​។

អត្ថបទសរសេរ ដោយ