ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ប្រធាន​ក្រុមហ៊ុន Kolao Group

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ មក​រា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​អោយ លោក Oh Sei Yong

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ មក​រា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​អោយ លោក Oh Sei Yong ប្រធាន​ក្រុមហ៊ុន Kolao Group មក​ពី​សាធារណៈរដ្ឋ​កូរ៉េ​ចូល ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​វិនិយោគ​នៅ​វិមាន​សន្តិភាព​។

លោក Oh Sei Yong អរគុណ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​ផ្តល់​ឱកាស​ដល់​រូប​លោក​ចូល​ជួប​ពិភាក្សា​។ លោក​ប្រធាន​ក៏​បាន​ជម្រាប​សម្តេច​តេ​ជោ ដែល​រូប​លោក​ផ្ទាល់​បានឃើញ​អំពី​ការ​រីក​ចម្រើន នៃ​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច រួម​មាន កសិកម្ម សំណង់ ឧស្សាហកម្ម និង​វិស័យ​ផ្សេង​ៗ​ទៀត​។ ស្ថានភាព​នយោបាយ​ល្អ និង​កំណើន​សេដ្ឋ​កម្ពុជា​សព្វថ្ងៃ​ ​ធ្វើ​អោយ​លោក​មាន​ជំនឿ​ជឿជាក់​យ៉ាង​ខ្លាំង​លើ​រាជរដ្ឋាភិបាល ហើយ​បាន​សម្រេច​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​តែ​ម្តង​។

ក្រុមហ៊ុន Kolao Group គឺ​មាន​បំណង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ក្នុង​នោះ​នឹង​រៀបចំ​អោយ​មាន​ជា​រោងចក្រ​ដំឡើងរថយន្ត​គ្រប់​ប្រភេទ​រួម​ទាំង​ម៉ូតូ​ផង​ដែរ​។ ក្រៅពី​នេះ លោក​ក៏​នឹង​មាន​គម្រោង​បើក​ជា​ធនាគារ​ដើម្បី​អោយ​អតិថិជន​ខ្ចី​លុយ​ទិញ​រថយន្ត​ពី​ក្រុមហ៊ុន​លោក​តែ​ម្ដង​។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន Kolao Group នឹង​មានការ​ផលិត​ជា​គ្រឿ​បន្លាស់​រថយន្ត​ផង​ដែរ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។ ក្រុមហ៊ុន Kolao Group គឺ​ធ្វើ​ស្រប​ទៅ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​។ លោក​ប្រធាន​ក្រុម​ក៏​បាន​គោរព​ស្នើ​សុំ សម្ដេច​តេ​ជោ​មេត្តា​ជួយ​គាំទ្រ​គម្រោង​វិនិយោគ​របស់​លោក​នៅ​ប្រទេស​កម្ពុជា​អោយ​ទទួល​បាន​ជោគជ័យ​។

សម្ដេច​តេ​ជោ ហ៊ុន សែន រីករាយ​ស្វាគមន៍ និង​គាំទ្រ​លើ​គម្រោង​វិនិយោគ​ដែល​បាន​សិក្សា​រួច​មួយ​ចំនួន​ហើយ​។ សម្តេច​តេ​ជោ បាន​លើកទឹកចិត្ត​អោយ​បន្ត​ធ្វើការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដើម្បី​រៀបចំ​អោយ​កើត​ចេញ​ជា​រូបរាង​ឆាប់​ៗ​។ គម្រោង​វិនិយោគ​ក្នុង​ការ​ផលិត​រថយន្ត និង​ម៉ូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​នឹង​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​រថយន្ត​ជជុះ​មានឱកាស​ទិញ​រថយន្ត​ថ្មី​ប្រើប្រាស់​ជាមួយ​តម្លៃ​សមរម្យ ហើយ​ក៏​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ខាងក្រៅ​បាន​ទៀត​ផង​។ ទន្ទឹម​នឹង​នេះ គឺ​រោងចក្រ​នឹង​ផ្តល់​ការងារ​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១​ម៉ឺន​នាក់​នា​ពេល​អនាគត​ខាង​មុខ​៕