ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​កម្ពុជា​អាច​រក្សា​បាន​កំណើន​ក្នុង​រង្វង់​7% នៅ​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ព្យាករ​ថា នៅ​ឆ្នាំ​២០១៧​នេះ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​នៅ​មាន​ស្ថិរ​ភាពល្អ ហើយ​កំណើន​ផលិតផល​សរុប​ក្នុងស្រុក (​ផ​.​ស​.​ស​) នឹង​អាច​សម្រេច​បាន​ក្នុង​រង្វង់​៧%

រាជធានី​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ព្យាករ​ថា នៅ​ឆ្នាំ​២០១៧​នេះ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​នៅ​មាន​ស្ថិរ​ភាពល្អ ហើយ​កំណើន​ផលិតផល​សរុប​ក្នុងស្រុក (​ផ​.​ស​.​ស​) នឹង​អាច​សម្រេច​បាន​ក្នុង​រង្វង់​៧% និង​អតិផរណា​ស្ថិត​ក្នុង​កម្រិត​ក្រោម​៥% ។

ការ​រក្សា​បាន​នូវ​កំណើន​៧%​ដូច​ឆ្នាំ​២០១៦ ត្រូវការ​ពឹងផ្អែក​ទៅ​លើ​ការ​សម្រេច​បាន​នូវ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន ។

លោក ឈាង វ​ណ្ណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​សារពើពន្ធ​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ក្នុង​វេទិកាសាធារណៈ ស្តី​ពី «​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៧» កាលពី​ថ្ងៃ​ទី​២៣ មក​រា ថា វិស័យ​កសិកម្ម​អាច​នឹង​សម្រេច​បាន​កំណើន​១,៩៦% ដោយសារ​កត្តា​អាកាសធាតុ​អំណោយផល និង​ការ​បង្កើន​ចំណាយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​គាំទ្រ​វិស័យ​នេះ ។ កំណើន​នេះ​អាច​សម្រេច​បាន​លុះត្រាតែ​មានការ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​គោលនយោបាយ និង​ការ​ចំណាយ​។ វិស័យ​ឧស្សាហកម្ម​អាច​នឹង​មាន​កំណើន​ថមថយ​បន្តិចបន្តួច​ប្រមាណ​១០,៦៦% ដោយសារ​កំណើន​យឺត​នៃ​វិស័យ​សំណង់ ប៉ុន្តែ​នឹង​ត្រូវ​ជួយ​បំពេញបន្ថែម​ដោយ​ផលិតកម្ម​ក្នុងស្រុក ។

ដើម្បី​សម្រេច​បាន​កំណើន​នៃ​ផលិតផល​ក្នុងស្រុក​នេះ ទាមទារ​ឱ្យ​មានការ​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​។ វិស័យ​សេវាកម្ម​អាច​នឹង​មាន​កំណើន​ប្រមាណ​៦,២៩% ដោយសារ​ការ​បន្ត​ថមថយ​នៃ​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​អាច​នឹង​ជួយ​បំពេញបន្ថែម​បាន​ខ្លះ​ដោយ​ការ​ងើបឡើង​បន្តិច​នៃ​វិស័យ​ទេសចរណ៍ ស្រប​ជាមួយ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ការ​បង្កើន​ជើងហោះហើរ ។

ទន្ទឹម​នឹង​ក្រសួង​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​រក្សា​បាន​កំណើន​៧% ប៉ុន្តែ​កម្ពុជា​អាច​នឹង​ជួប​បញ្ហា​ប្រឈម ។ លោក ឈាង វ​ណ្ណា​រិ​ទ្ធ គូសបញ្ជាក់​ថា ៖ « ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក ខណៈ​ដែល​ភូមិសាស្ត្រ​នយោបាយ​មាន​ភាព​តឹងតែង​, ភាព​មិន​ប្រាកដប្រជា​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក​, ការ​ថមថយ​នៃ​សេដ្ឋកិច្ច​ចិន​, ការ​រឹត​បន្តឹង​គោលនយោបាយ​រូបិយ​វត្ថុ​របស់​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឱ្យ​អត្រា​ការ​ប្រាក់ និង​ប្រាក់​ដុល្លារ​ឡើងថ្លៃ ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​, ការ​ថមថយ​សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​កត្តា​ភូមិសាស្ត្រ​នយោបាយ » ។

លោក​លើក​ឡើង​ថា ដើម្បី​រក្សា​បាន​អត្រាកំណើន​សេដ្ឋកិច្ច​ឱ្យ​ស្ថិត​នៅ​៧% គឺ​ត្រូវ​រក្សា​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច ដោយ​បន្ត​លើកកម្ពស់​ការ​វិនិយោគ​ក្រៅប្រទេស និង​ក្នុងស្រុក ជា​ពិសេស ជំរុញ​ការ​វិនិយោគ​ឱ្យ​ចំ​ទិស​ដៅ​, បន្ត​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ ឱ្យ​មាន​ប្រសិទ្ធភាព បង្កើន​សង្វា​ក់​ផលិតកម្ម​មាន​តម្លៃបន្ថែម​ខ្ពស់​ក្នុង​វិស័យ​កាត់ដេរ ម្ហូបអាហារ ភេសជ្ជៈ គ្រឿង​ម៉ាស៊ីន គ្រឿង​អេ​ឡិច​ត្រូ​និក និង​ឧស្សាហកម្ម​ថ្មី​ៗ​ទៀត​ជាមួយ​ការ​បន្ត និង​ពង្រីក​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​, បន្ត​ពង្រីក និង​ពង្រឹងគុណភាព​នៃ​ការ​អប់រំ ជំនាញ​រឹង និង​ទន់ និង​បច្ចេកវិទ្យា​ដើម្បី​លើកកម្ពស់​សមត្ថភាព និង​ចំណេះដឹង​, រៀបចំ​ផែនការមេ​ក្នុង​ការ​អភិវឌ្ឍ​រចនា​សម្ព័ន្ធ ឡូ​ជី​ស្ទីក រួម​ទាំង​ការ​កាត់​បន្ថយ​នូវ​តម្លៃ​អគ្គិសនី ក្នុង​គោលដៅ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ចូល​ក្នុង​ទីផ្សារ​តំបន់​និង​អន្តរជាតិ និង​បន្ត​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​ដើម្បី​បង្កើន​ទិន្នផល និង​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម ជា​ពិសេស បន្ត​ពង្រឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​ថា ៖ «​កំណើន​៧%​នេះ​សម្រាប់​ស្តង់ដា​ពិភពលោក នា​ពេល​សព្វថ្ងៃ​គឺ​ខ្ពស់​មែនទែន មាន​ប្រទេស​តិច​ណាស់​ដែល​មាន​កំណើន​៧% ។ យើង​មាន​កំណើនសេដ្ឋកិច្ច​៧%​យូរ​មក​ហើយ តាំងពី​គេ​នៅ​១០% ឥឡូវ​ប្រទេស​ដែល​មាន​កំណើន​១០% រហូត​ធ្លាក់​មក​៥%​ឬ​៦% ប៉ុន្តែ​កម្ពុជា​នៅ​រក្សា​បាន​៧% ស្រប​នឹង​បរិ​ការ​សព្វ​ថ្ងៃនេះ គឺជា​មោទនភាព​មួយ​ដែរ » ៕