ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោភា ទេពី ត្រឹម​១៨​ឆ្នាំ​ពាក់​ស័​ក្ត​២ រង​ការ​រិះគន់​ខ្លាំង​ៗ ក្រោយ​បកស្រាយ​បទ​ចម្រៀង​ជា​ភាសា​វៀត​ណាម

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ស្រី​ស្រស់​ស្អាត​ដែល​តែងតែ​លេចមុខ​យ៉ាង​សកម្ម​លើ​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក គឺ​កញ្ញា សោភា ទេពី ដែល​ល្បី​ថា​វ័យ​ទើប​១៨​ឆ្នាំ​នោះ ពេល​នេះ​កំពុង​តែ​ទទួល​រង​ការ​រិះគន់ និង​វែកញែក​ឡើង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ក្រោយ​ពី​នាង

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ស្រស់​ស្អាត​ដែល​តែងតែ​លេចមុខ​យ៉ាង​សកម្ម​លើ​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក គឺ​កញ្ញា សោភា ទេពី ដែល​ល្បី​ថា​វ័យ​ទើប​១៨​ឆ្នាំ​នោះ ពេល​នេះ​កំពុង​តែ​ទទួល​រង​ការ​រិះគន់ និង​វែកញែក​ឡើង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ក្រោយ​ពី​នាង​បាន​គ្រង​ឈុត​សម្លៀក​បំពាក់​ឯកសណ្ឋាន​ទាហាន​ពាក់​ស័​ក្ត​២ និង​បកស្រាយ​ចម្រៀង​មួយ​បទ​ជា ភាសា​វៀតណាម​។

ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ខ្លះ​បាន​ចែកចាយ​វី​ដេ​អូ​ចម្រៀង​ដែល​នាង​បកស្រាយ​ជា​ភាសា​វៀតណាម ដោយ​អម​ជាមួយនឹង​សារ​បង្ហាញ​ការ​ហួសចិត្ត​ថា «​ត្រឹម​១៨​ឆ្នាំ​ពាក់​ស័​ក្ត​២» និង​មាន​មតិ​ខ្លះ​ទៀត​បាន​លើក​ឡើង​ប្រៀបធៀប​ថា «​កញ្ញា សោភា ទេពី ជា​ជនជាតិ​វៀតណាម ឬ​ក៏​ជាប់សែស្រឡាយ​ជនជាតិ​វៀតណាម បានជា​បកស្រាយ​បទ​ចម្រៀង​ជា​ភាសា​វៀតណាម​»​។ ហើយ​ចំពោះ​ការ​រិះគន់​របស់​មហាជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង TikTok ទៀត​សោត ភាគច្រើន​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​នោះ​ទេ​។

ឆ្លើយ​តប​នឹង​ការ​រិះគន់​ដែល​ពោរពេញ​ដោយ​ពាក្យ​សម្តី​ពិបាក​ទទួលយក​បាន និង​មាន​លក្ខណៈ​ជាន់ពន្លិច​នោះ កញ្ញា សោភា ទេពី បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​នា​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២​នេះ​ថា កញ្ញា​មិន​មាន​ប្រតិកម្ម ឬ​ខឹង​តបត​ទៅ​មហាជន​ឡើយ ក្នុង​នោះ​កញ្ញា​បាន​បញ្ជាក់​ថា ការ​លើកយក​បទ​ចម្រៀង «​វៀតណាម​» មក​បកស្រាយ​នេះ គឺ​ដើម្បី​ច្រៀង​ទទួល​គណៈប្រតិភូ​វៀត​ណាម​នៅ​កន្លែង​ការងារ​របស់​ខ្លួន ដែល​នាង​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ទាហាន​។ សោភា ទេពី បន្ត​ថា នាង​គ្រង​ឯកសណ្ឋាន គឺ​មិន​ខុស​នោះ​ទេ ព្រោះ​ក្នុង​នាម​នាង​ជា​ទាហាន​មាន​ក្រប​ខណ្ឌ​ពេញ​សិទ្ធិ គឺ​មិន​បាន​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​សង្គម​ឡើយ​។

មាន​សម្បុរ​.​ស​ខ្ពស់ កញ្ញា សោភា ទេពី ក៏​បាន​បញ្ជាក់​បន្ថែម​ថា គ្រួសារ​របស់​នាង រួម​ទាំង​ខ្លួន​កញ្ញា​ផ្ទាល់ គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ ឬ​ជាប់សែស្រឡាយ​ជនជាតិ​វៀតណាម ដូច​ការ​ចោទប្រកាន់​នោះ​ទេ តែ​មូលហេតុ​ដែល​កញ្ញា​លើកយក​បទ​ចម្រៀង​ជា ភាសា​វៀតណាម មក​បកស្រាយ ព្រោះថា​កញ្ញា​ជា​អ្នកសិល្បៈ​មួយ​រូប ដែល​អាច​ចេះ​ច្រៀង​ចម្រៀង​បានជា​ច្រើន​ភាសា មាន​ដូច​ជា ៖ ឥណ្ឌូ​នេ​ស៊ី ថៃ ឡាវ វៀតណាម ចិន អង់គ្លេស បារាំង និង​នៅ​ភាសា​ជា​ច្រើន​ទៀត​ផង​ដែរ​។

កញ្ញា សោភា ទេពី បាន​លើក​ឡើង​បន្ត​ថា ខ្លួន​កញ្ញា​ផ្ទាល់​មិន​បាន​គិតដល់​ចំណុច​រិះគន់​ពី​បណ្ដា​អ្នកលេង​បណ្ដាញ​សង្គម​ឡើយ ព្រោះ​ការ​លើកយក​បទ​ចម្រៀង​ទាំងនោះ​មក​ច្រៀង ក៏​ព្រោះតែ​នាង​ជា​អ្នកសិល្បៈ និង​ជា​បទ​ចម្រៀង​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត និង​ចង់​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ខណៈ​កញ្ញា​មិន​ដែល​រើសអើង ឬ​ប្រកាន់​ជាតិ​សាសន៍​ណាមួយ​ឡើយ​។

យ៉ាងណាមិញ ក្នុង​ការ​បញ្ចេញមតិ​រិះគន់​ជា​ច្រើន​នោះ ក៏​មាន​មតិ​ខ្លះ​បាន​ចោទសួរ​ទៅ​ថា សោភា ទេពី ទើប​មាន​វ័យ​ទើប​១៨​ឆ្នាំ​សោះ តែ​អាច​មាន​តួនាទី​ជា​ទាហាន​ពាក់​ស័​ក្ត​២ ពិតជា​មិនធម្មតា​មែន ហើយ​ត្រង់​ចំណុច​នេះ ក៏​មានការ​សំណូមពរ​អោយ​កញ្ញា​ធ្វើការ​បកស្រាយ​ជា​សាធារណៈ​ផង​ដែរ ។

ទោះជា​យ៉ាងណា ត្រង់​ចំណុច​នេះ​ដែរ សោភា ទេពី បាន​បញ្ជាក់​ថា «​នាង​មិន​អាច​បកស្រាយ​បាន​ឡើយ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​កន្លែង​ការងារ តែ​ទោះជា​យ៉ាងណា កញ្ញា​ក៏​បាន​បញ្ជាក់​ដដែល​ៗ​ថា ការ​លើកយក​បទ​ចម្រៀង «​វៀតណាម​» មក​បកស្រាយ​នោះ គឺ​ដើម្បី​ទទួល​ស្វាគមន៍​គណៈប្រតិភូ​វៀតណាម ក្នុង​នាម​ជា​ទាហាន​យោធា​មាន​ក្រប​ខណ្ឌ​ពេញ​សិទ្ធិ​ប៉ុណ្ណោះ​។

សូម​រំលឹក​ផង​ដែរ​ថា កញ្ញា សោភា ទេពី គឺជា​អតីត​បេក្ខភាព​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​៣ ផង​ដែរ​។ បច្ចុប្បន្ន​នេះ កញ្ញា​ជា​តារាចម្រៀង​ស្រី​មួយ​រូប​ដែល​លេចមុខ​យ៉ាង​សកម្ម​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ដោយ​កញ្ញា​មាន​សមត្ថភាព​អាច​បកស្រាយ​បទ​ចម្រៀង​បាន​ច្រើន​ភាសា ដូច​ជា ៖ ឥណ្ឌូ​នេ​ស៊ី ថៃ ឡាវ វៀតណាម ចិន អង់គ្លេស បារាំង និង​នៅ​ភាសា​ជា​ច្រើន​ទៀត​ជា​ច្រើន​ផង​ដែរ​។ នេះ​ជា​ការ​បញ្ជាក់​ពី​កញ្ញា សោភា ទេពី ផ្ទាល់​តែ​ម្ដង​។ ហើយ​មួយទៀត កញ្ញា​ក៏​ជា​ទាហាន​យោធា​មាន​ក្រប​ខណ្ឌ​ពេញ​សិទ្ធិ​នៅ​សិល្បៈ​ស្នងការ​ឃោសនា​ព័ត៌មាន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ