ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋវិទូ​មាន​សុទិដ្ឋិនិយម ចំពោះ​កម្ពុជា​ធ្វើ​ប្រធាន​សម្របសម្រួល​ក្រុមប្រទេស​អភិវឌ្ឍន៍​តិចតួច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ចាប់ពី​ខែកុម្ភៈ​ខាង​មុខ​នេះ​ហើយ ក្នុង​នោះ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​សេដ្ឋវិទូ​នានា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ចំពោះ​តួនាទី​ដ៏​មាន​

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ចាប់ពី​ខែកុម្ភៈ​ខាង​មុខ​នេះ​ហើយ ក្នុង​នោះ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​សេដ្ឋវិទូ​នានា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ចំពោះ​តួនាទី​ដ៏​មាន​សារសំខាន់​មួយ​នេះ និង​រំពឹង​ថា អាច​ទទួល​បាន​ប្រយោជន៍​យ៉ាងច្រើន ។

លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា កន្លង​មក​ថា បន្ទាប់​ពី​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​សម្របសម្រួល​នៃ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ឲ្យ​កាន់​តំណែង​នេះ​នៅ​ក្នុង​ខែមករា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ក្នុង​នាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​បាន​ប្តេជ្ញា​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ជំរុញ​ការ​នាំ​ចេញ​នូវ​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យ​កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និង​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ។

លោក​បញ្ជាក់​ថា ៖ « វិស័យ​ពាណិជ្ជកម្ម​កម្ពុជា នឹង​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​នេះ​ក្នុង​ការ​ជំរុញ​ទៅ​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ការ​នាំ​ចេញ​របស់​សហគ្រាស​ក្នុងស្រុក​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស ការ​ធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស ។ លើស​ពី​នេះ ក្នុង​នាម​ជា​ប្រធាន​សម្របសម្រួល នឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​ដើម្បី​ជំរុញ​ផលិតផល​របស់​កម្ពុជា មាន​អង្ករ និង​ផលិតផល​ជា​ច្រើន​ទៀត​ចូល​ទីផ្សារ​អន្តរជាតិ » ។

ក្នុង​តួនាទី​នេះ កម្ពុជា​មាន​កាតព្វកិច្ច​ដឹកនាំ និង​សម្របសម្រួល​ក្រុម​ប្រទេស (LDCs) ដើម្បី​ធ្វើការ​ចរចា​យ៉ាង​ស្វិតស្វាញ​ជាមួយ​បណ្តា​រដ្ឋ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) ទាំង​៣៦​ប្រទេស និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) ជា​អ្នក​សង្កេតការណ៍​ចំនួន​៨​ប្រទេស ដើម្បី​ឆ្ពោះទៅ​រក​ការ​ទទួល​បាន​ជោគជ័យ​រួម​នៃ​ការ​ចរចា​ថ្នាក់​រដ្ឋមន្ត្រី ក្នុង​សន្និសីទ​លើក​ទី​១១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ ដល់​១៤ ធ្នូ ឆ្នាំ​២០១៧ នៅ​ទីក្រុង​ប៊ូ​អេ​ណូ​ស អែ​រេស (Buenos Aires) ប្រទេស​អា​ហ្ស​ង់​ទី​ន ។

សេដ្ឋវិទូ​នានា​សុទ្ធតែ​សម្តែង​នូវ​សុទិដ្ឋិនិយម ចំពោះ​ភាព​ជា​អ្នកដឹកនាំ​របស់​កម្ពុជា លើ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា កាលពី​អតីតកាល ដោយសារ​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក យើង​បាន​ប្រឹងប្រែង​ធ្វើការ​កែទម្រង់​តាម​លក្ខខណ្ឌ​របស់​អង្គការ​នេះ ។ ជា​លទ្ធផល កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ហេតុនេះ ការ​បាន​ក្លាយជា​ប្រទេស​សម្របសម្រួល​លើ​បណ្តា​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច ជា​រឿង​ល្អ តែ​វា​មិន​ចំណេញ​លុយ​ភ្លាម​ៗ​នោះ​ទេ តែ​ជា​ឥទ្ធិពល​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ផ្សេង​ៗ​ស្គាល់​កម្ពុជា។

លោក​បន្ត​ថា ៖ « វា​ជា​រឿង​ពាណិជ្ជកម្ម​ផង ការទូត​ផង និង​ទំនាក់ទំនង​អន្តរជាតិ​ផង​។ ដូច្នេះ ពេល​យើង​និយាយ គេ​ស្តាប់​យើង​ថា គួរ​ធ្វើ​បែប​ណា ឬ​ធ្វើ​បែប​នោះ ។

ថ្នាក់ដឹកនាំ​របស់​យើង​និយាយ​មាន​ឥ​ទិ្ធ​ពល គេ​ស្តាប់​យើង ដោយសារ​យើង​ធ្លាប់​ជួប​ការ​លំបាក ហើយ​អភិវឌ្ឍន៍​ប្រទេស​បាន​កម្រិត​នេះ » ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែង​ថា ការ​ដែល​កម្ពុជា​បាន​ក្លាយជា​ប្រធាន​សម្រប​ស​ម្រួ​ប​នៃ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដោយសារ​កម្ពុជា ជា​ប្រទេស​បាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បាន​ល្អ​ប្រសើរ​ក្នុង​រយៈពេល​វែង ហើយ​កម្ពុជា​អាច​ទទួល​បាន​ផល​ចំណេញ​ច្រើន​ដូច​ជា ៖

១-​អាច​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក​ថា កម្ពុជា​មាន​កាលានុវត្តភាព និង​សក្តានុពល​អ្វីខ្លះ ។
២-​កម្ពុជា​មានឱកាស​ប្រមូល​ព័ត៌មាន និង​យុទ្ធសាស្ត្រ​ពី​ការ​អភិវឌ្ឍ​ប្រទេស​យក​មក​អនុវត្ត​បន្ថែម​នៅ​កម្ពុជា ។
៣-​កម្ពុជា​អាច​មើល ឬ​ចាប់​ឱកាស​នៅ​តាម​បណ្តា​ប្រទេស​តិចតួច​នានា​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​តាម​បណ្តា​ប្រទេស​ទាំងនោះ ។
៤-​អ្នក​វិនិយោគ​ចូល​មក​ប្រទេស​របស់​យើង​អាច​ស្វែងរក​ឱកាស​វិនិយោគ និង​ចាប់​ដៃគូ​ជាមួយ​អ្នក​ធុរកិច្ច​ក្នុងស្រុក​ដើម្បី​វិនិយោគ​នៅ​កម្ពុជា ៕