ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ត្រូវ​បាន​បង្ក្រាប ! ដុះ​ស្លែ​នៅ​ក្នុង​ព្រៃ​កៅស៊ូ​យូរហើយ

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង​ …

ខេត្តកំពង់ចាម ៖ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង​ដុះ​ស្លែ​មួយ​កន្លែង​នៅ​ក្នុង​ព្រៃ​កៅស៊ូ ត្រង់​ចំណុច​ព្រំប្រទល់​N៥ ស្ថិត​ក្នុង​ឃុំ​តា​អុង ស្រុក​ចំការលើ ។

លោក​វរសេនីយ៍ឯក ចាន់ ហោ នាយ​រង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្ត ថា ត្រង់​ចំណុច​ខាងលើ​មាន​គេ​លួច​លេង​បញ្ជល់មាន់ ព្រមទាំង​បង្កប់​ដោយ​វង់​អាប៉ោង​លេង​ធំ​ៗ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោកស្នងការ​បាន​ចាត់​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ជា​សម្ងាត់​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ដោយ​មាន​សម្របសម្រួល​ពី​លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ជា​បន្ទាន់ ។

លោក​វរសេនីយ៍ឯក ចាន់ ហោ ឲ្យ​ដឹង​ទៀត​ថា​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ជិត​ដល់​កន្លែង​នោះ ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​បាន​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត​គេចខ្លួន​បាត់​អស់​មួយ​ចំនួន​ធំ នៅ​ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់​ក៏​បាន​ធ្វើការ​ចាប់ខ្លួន តែ​ដោយ​មានការ​ប្រតាយប្រតប់​គ្នា​ទើប​អ្នក​ញៀន​ល្បែង​ទាំងនោះ​បាន​រត់គេច​ខ្លួន​រត់​ចូល​ទៅ​ក្នុង​ព្រៃ​អស់​មួយ​ចំនួន​ទៀត ។

លោកនាយ​រង​បញ្ជាក់​ថា ទោះជា​យ៉ាងណា​ក្តី នៅ​ទីបំផុត​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​៣​នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្នុង​នោះ​មាន ១-​ឈ្មោះ សាម វុ​ធ​ដា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​រកា​គយ ស្រុក​កងមាស​, ២-​ឈ្មោះ ស៊ា​ង ភាស់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចំការលើ និង ៣-​ឈ្មោះ ជុច សេត ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិក​ន្ទំ ឃុំ​ច្រនាង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន មាន់គក​៣​ក្បាល​, កន្ត្រក​ដាក់​មាន់​៥, ជើងម៉ា​២០, ជញ្ជឹង​ថ្លឹង​មាន់​១, ហាន់​តោ​អាប៉ោង​១, ស្កុ​តរុំ​ជើងមាន់​៣០​ដុំ និង ម៉ូតូ​ចំនួន​៨០​គ្រឿង  ។

ក្រោយ​ពេល​កើតហេតុ អ្នក​ញៀន​ល្បែង និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ទីតាំង​ខាងលើ​ត្រូវ​បាន​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ និង​អាប៉ោង លួច​លេង​ជា​ច្រើន​ខែ​មក​ហើយ ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​ក្នុង​ព្រៃ​កៅស៊ូ តាម​ធម្មតា​កម្រ​មាន​អ្នក​ណា​ដឹង​ណាស់ ៕