ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ! អាវុធហត្ថ​ចម្រុះ​ឡោម​ព័ទ្ធ​ផ្ទះ​មួយ​នៅ​ចាក់​អង្រែ​លើ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នេះ កម្លាំង​កង​រាជ​អាវុធ​ចម្រុះ មាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ អាវុធហត្ថ​ខណ្ឌចំការមន និង​អាវុធហត្ថ​ខណ្ឌមានជ័យ …

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នេះ កម្លាំង​កង​រាជ​អាវុធ​ចម្រុះ មាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ អាវុធហត្ថ​ខណ្ឌចំការមន និង​អាវុធហត្ថ​ខណ្ឌមានជ័យ ដោយ​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សហការ​គ្នា​បើក​ប្រតិបត្តិការ​ចុះ​ឡោម​ព័ទ្ធ​ទីតាំង​ផ្ទះ​គ្មាន​លេខ​មួយ​កន្លែង ក្នុងភូមិ​ព្រែក​តា​នូ​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដែល​ជា​ផ្ទះ​របស់​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ដែល​បាន​ធ្វើ​សកម្មភាព​ប្រើ​កាំភ្លើង​ភ្ជង់​ប្លន់​ម៉ូតូ​បាន​សម្រេច​នៅ​ក្នុង​ទឹកដី​ខណ្ឌចំការមន​កាលពី​រំលង​អា​ធ្រា​ត្រ​យប់មិញ ។

សូម​បញ្ជាក់​ថា ការ​កំណត់​ទីតាំង​របស់​ជនសង្ស័យ​ច្បាស់លាស់​នេះ​គឺ​ដោយសារ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​ប្លន់​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ GPS ទើប​កម្លាំង​ជំនាញ​កង​រាជ​អាវុធ​ស្រាវជ្រាវ​រហូត​ចុះ​មក​ឡោម​ព័ទ្ធ​បង្ក្រាប​តែ​ម្តង ។ ខណៈ​ពេល​ដែល​កម្លាំង​ចុះ​មក​ឡោម​ព័ទ្ធ ផ្ទះ​របស់​ជនល្មើស​បាន​ចាក់សោ​ទ្វារ ដូច្នេះ​ហើយ​កម្លាំង​អាវុធ​បាន​បង្ខំចិត្ត​កាត់​សោ​ចូល​ទៅ​ខាងក្នុង ក៏​ប្រទះ​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ជនល្មើស​ប្លន់​បាន​សម្រេច​កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​យប់មិញ រួម​និង​វត្ថុ​តាង​មួយ​ចំនួន ។

ក្នុង​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ខាងលើ​នេះ កម្លាំង​អាវុធហត្ថ​បាន​រក​ឃើញ​ម៉ូតូ​២​គ្រឿង ១​គ្រឿង​ជា​របស់​ជន​រង​គ្រោះ​ម៉ាក  Zommer X ពណ៌​ទឹកក្រូច​លា​យស ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GA-5043 និង​១​គ្រឿង​ទៀត​ជា​ម៉ូតូ​របស់​ជនសង្ស័យ​ដែល​ជិះ​ធ្វើ​សកម្មភាព ម៉ាក​ស៊ុ​យ​ស៊ី​គី​និ​ច ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1GC-1343 រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ធំ​ផង​ដែរ ។ យ៉ាងណាមិញ ប្រតិបត្តិការ​ខាងលើ​នេះ ជនសង្ស័យ​បានដឹង​ខ្លួន​មុន ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ។

គួរ​រម្លឹក​ថា កាលពី​វេលា​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​ពី​នារី​ម្នាក់​បាន​សម្រេច​នៅ​ចំណុច​ក្បែរ​សាលា​អង្គអេង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។ ក្រោយ​ប្លន់​បាន​សម្រេច ជនសង្ស័យ​បាន​យក​ម៉ូតូ​ទៅ​ទុក​នៅ​ចំណុច​ទីតាំង​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ។ ដោយ​ម៉ូតូ​ជន​រង​គ្រោះ​មាន​ភ្ជាប់​ប្រព័ន្ធ GPS ជា​ហេតុ​ធ្វើ​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ងាយស្រួល​ក្នុង​ការ​តាម​រក​តម្រុយ​របស់​ជនសង្ស័យ ទើប​សហការ​គ្នា​ចុះ​ទៅ​ឡោម​ព័ទ្ធ​ទីតាំង​ផ្ទះ​ជនសង្ស័យ​តាំងពី​វេលា​ម៉ោង​២​ទៀប​ភ្លឺ​ថ្ងៃខែ​ឆ្នាំ​ដដែល ខណៈ​ទ្វារផ្ទះ​ត្រូវ​បាន​ចាក់សោ​ពី​ខាងក្រៅ ។ លុះ​ព្រឹក​ឡើង​ទើប​សម្រេច​សុំ​គោលការណ៍​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​សោ​ចូល​ឆែកឆេរ​តែ​ម្តង ប៉ុន្តែ​ជនសង្ស័យ​បានដឹង​ខ្លួន​មុន ហើយ​រត់គេច​បាត់​ស្រមោល​អស់​ទៅ​ហើយ ៕