ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អចលនទ្រព្យ​បរទេស​ចូល​មក​ទីផ្សារ​កម្ពុជា​កាន់តែ​ច្រើន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អចលនទ្រព្យ​មក​ពី​បណ្តា​ប្រទេស​នានា​បាន​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​កាន់តែ​ច្រើន ស្រប​ពេល​វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អចលនទ្រព្យ​មក​ពី​បណ្តា​ប្រទេស​នានា​បាន​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​កាន់តែ​ច្រើន ស្រប​ពេល​វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។​

លោក គុយ វ៉ា​ត អគ្គនាយក​ក្រុមហ៊ុន​VTRUST GROUP ដែល​បាន​ទិញ Franchise ឬ​កម្មសិទ្ធិបញ្ញា​ក្រុមហ៊ុន Century21 Cambodia ពី​សហរដ្ឋអាមេរិក​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២ មក​រា កន្លង​មក​ថា ក្រុមហ៊ុន​បរទេស​បាន​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន ហើយ​ស្រប​ពេល​និន្នាការ​បែប​នេះ​កើតឡើង លោក​បាន​និង​កំពុងធ្វើការ​ពង្រឹងសមត្ថភាព​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ចំណេះដឹង និង​បទ​ពិសោធន៍​អាច​ឈរជើង​នៅ​ក្នុង​ទីផ្សារ​ដែល​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​នេះ។

លោក​បន្ត​ថា ៖ « ការ​ចូល​មក​របស់​ក្រុមហ៊ុន​បរទេស​ទាំង​តូច ទាំង​ធំ គឺជា​ការ​ល្អ ព្រោះ​ពួក​គេ​អាច​ជួយ​គ្នា​ដើម្បី​ជំរុញ​ឲ្យ​ទីផ្សារ​នេះ​កាន់តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត ។

នៅ​ពេល​ក្រុមហ៊ុន​ធំ​ៗ​ចូល​មក​ច្រើន មាន​ន័យ​ថា ពួក​គេ​កាន់តែ​មាន​ទំនុកចិត្ត និង​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់តែ​មាន​ទំនុកចិត្ត​ថែម​ទៀត » ។

លោក គុយ វ៉ា​ត បន្ថែម​ថា ក្នុង​ស្ថានភាព​បែប​នេះ ការ​ស្វែងរក​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បរទេស​មាន​សារសំខាន់​ដើម្បី​អាច​ឈរជើង​នៅ​ក្នុង​ទីផ្សារ​នេះ​បាន និង​អាច​ប្រកួតប្រជែង​ជាមួយ​គេ​ផង​ដែរ ។

លោក លី សែន​លាភ អគ្គនាយក​ក្រុមហ៊ុន​FURI Real Estate បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​មក​ពី​ក្រៅប្រទេស​បាន​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​ច្រើន​នៅ​ឆ្នាំ​នេះ ដោយសារ​ទីផ្សារ​របស់​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ជាទី​ផ្សារ​មួយ​ស្ថិត​ក្នុង​ក្រសែភ្នែក​វិនិយោគិន​។ ទោះបី​កម្ពុជា​ស្ថិត​នៅ​ក្នុង​ឆ្នាំ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​វិនិយោគិន​ថ្មី​ៗ​នៅ​តែ​ចូល​មក​កម្ពុជា ដោយសារ​គេ​ឃើញ​សក្តានុពល​នៃ​ទីផ្សារ​នេះ និង​ស្ថិរភាព​នយោបាយ​ដែល​កម្ពុជា​នឹង​រក្សា​បាន ។

លោក​បន្ត​ថា ៖ « នៅ​ពេល​ក្រុមហ៊ុន​បរទេស​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន ការ​ប្រកួតប្រជែង​នឹង​កើនឡើង ។ ហេតុនេះ ទាមទារ​ឲ្យ​ក្រុមហ៊ុន​តូច​ៗ​ពង្រឹងសមត្ថភាព ជា​ពិសេស ធ្វើការ​តាម​ឯកទេស​របស់​ខ្លួន កុំ​ស្រវា​ចាប់​គ្រប់​ផ្នែក ប្រសិនជា​មិន​ដូច្នេះ​ទេ ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ទីផ្សារ ។ ខ្ញុំ​មិន​មានការ​ព្រួយបារម្ភ​ទេ ដោយសារ​ក្រុមហ៊ុន​របស់ខ្ញុំ​បាន​ទទួល​ជោគជ័យ និង​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​ដើម្បី​ឈរជើង​នៅ​លើ​ទីផ្សារ​នេះ » ។

ក្រុមហ៊ុន​ដែល​ហូរ​ចូល​មក​កម្ពុជា​ភាគ ច្រើន មក​ពី​ប្រទេស​ចិន កោះ​តៃវ៉ាន់ ហុងកុង កូរ៉េ ជប៉ុន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គី​ម ហ៊ា​ង ថ្លែង​ថា ពិត​ណាស់ ក្រុមហ៊ុន​មក​ពី​ក្រៅប្រទេស​បាន​ហូរ​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន ដែល​មួយ​ផ្នែក​បណ្តាល​មក​ពី​សមាហរណកម្ម​អាស៊ាន និង​មួយ​ផ្នែក​មក​ពី​ទីផ្សារ​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ​។ ហេតុនេះ ទាមទារ​ឲ្យ​ក្រុមហ៊ុន​តូច​ៗ​ក្នុងស្រុក​ពង្រឹងសមត្ថភាព​របស់​ខ្លួន ធ្វើការ​សហការ​គ្នា ឬ​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​អាច​ឈរជើង​នៅ​ក្នុង​ទីផ្សារ​នេះ​បាន ។

លោក​បន្ត​ថា ៖ « ពី​មុន គេ​និយាយ​ពី​ត្រី​ធំ​ស៊ី​ត្រី​តូច តែ​ពេល​នេះ​ត្រី​តូច​ៗ​រួម​បញ្ចូល​គ្នា​អាច​ស៊ី​ត្រី​ធំ​វិញ​បាន ។ ប្រសិនជា​ក្រុមហ៊ុន​តូច​ៗ​ធ្វើ​តាម​ជំនាញ​ឯកទេស​របស់​ខ្លួន ហើយ​សហការ​គ្នា ឬ​ច្របាច់​បញ្ចូល​គ្នា​នឹង​ទទួល​ជោគជ័យ ប៉ុន្តែ​ប្រសិនជា​ពួក​គេ​មិន​ច្របាច់​បញ្ចូល​គ្នា មិន​សហការ​គ្នា ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ការ​ក្ស័យ​ទុន ឬ​បិទទ្វារ » ។

សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មាន​ក្រុមហ៊ុន​ជាតិ​-​អន្តរជាតិ​ប្រមាណ​១០០​ក្រុមហ៊ុន រួម​ទាំង​ភ្នាក់ងារ​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ​ជាង​១.២០០​នាក់ ៕