ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីទេសចរណ៍ បន្តផ្សព្វផ្សាយច្បាប់ ស្ដីពី ទេស​ចរណ៍” និង​យន្តការផ្ដល់អាជ្ញាបណ្ណ នៅ​អង្គភាព​ច្រកចេញចូលតែមួយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នេះ បានបន្ត​ផ្សព្វផ្យាយ​ច្បាប់ ស្ដីពី ទេសចរណ៍ និងយន្តការផ្ដល់អាជ្ញាបណ្ណ…

រាជធានីភ្នំពេញ៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នេះ បានបន្ត​ផ្សព្វផ្យាយ​ច្បាប់ ស្ដីពី ទេសចរណ៍ និងយន្តការផ្ដល់អាជ្ញាបណ្ណ នៅអង្គភាពច្រកចេញចូលតែមួយ រួមទាំង​ការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី។

ពិធីនេះ បានធ្វើទ្បើងនៅសាលាខណ្ឌសែនសុខ ​ក្រោមវត្តមានលោក ម៉ម វាសនា ប្រធានមន្ទីរ​ទេសចរណ៍រាជធានីភ្នំពេញ និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ មន្ត្រីរាជការ​រដ្ឋបាលខណ្ឌ និងម្ចាស់អាជីវកម្មទាំងអស់ ដែលមានមូលដ្ឋានក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

លោក ម៉ម វាសនា បានរំលឹកទ្បើងវិញអំពីតួនាទីសំខាន់នៃវិស័យទេសចរណ៍ ដែលបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារជាង៦៣ម៉ឺននាក់ដល់ប្រជាពលរដ្ឋ។ ប៉ុន្តែរយពេល ៣ឆ្នាំកន្លងទៅនេះ វិស័យទេសចរណ៍ ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ ដែលធ្វើអោយ ចំនួនអ្នកទេសចរថយចុះប្រមាណ ៨០% នឹងបាត់បង់ចំណូលថវិការជាតិយ៉ាងច្រើនលើសលប់។

លោកប្រធានមន្ទីរបញ្ជាក់ថា ស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាគឺបានយកចិត្ត ទុកដាក់ដោះស្រាយវិបត្តិជាប់គាំងនេះយ៉ាងខ្លាំង ដោយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូន​ប្រជាពលរដ្ឋដោយឥតគិត​ថ្លៃ និងបានផ្ដល់ជាការឧបត្ថម្ភជាច្រើនជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ចេញ​នូវវិធានការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានចំនួន១០ជុំរួចហើយ ដែលបានលើកលែងការបង់ពន្ធប្រចាំខែ, លើកលែងការបង់ថ្លៃ​បន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ និងផ្ដល់​ប្រាក់ឧបត្ថម្ភ ៤០ដុល្លាក្នុងមួយខែ ជូននិយោជិតដែលព្យួរការងារក្នុងវិស័យទេសចរណ៍ ក៏ដូចជាបានបង្កើតកម្មវិធីសហហិញ្ញប្បទានស្ដារ និងជំរុញកំណើនវិស័យទេសចរណ៍ក្នុងទំហំទឹកប្រាក់ ១៥០លានដុល្លារអាមេរិក ដើម្បីជួយដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍។

លោកថា ទាំងអស់នេះ ជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្ដារសេដ្ឋកិច្ច​ក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩នេះ។ ជាមួយនឹងការខិតខំប្រឹងប្រែងនេះ ប្រជាពលរដ្ឋគឺបានទទួលវ៉ាក់សាំងគ្រប់ៗគ្នា ដែលនាំឱ្យមានភាពស៊ាំក្នុងសហគមន៍ស្របជាមួយ នឹងការចូលរួមអនុវត្ត ៣កុំ ៣ការពារ ពីប្រជាពលរដ្ឋបានយ៉ាងល្អផងនោះ រាជរដ្ឋាភិបាលក៏អនុញ្ញាតឱ្យមានដំណើរការ លើគ្រប់វិស័យស្របតាមការរស់នៅ​បែបប្រក្រតីភាពថ្មី។

លោក ម៉ម វាសនា បានឲ្យដឹងទៀតថា មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងរាជធានីភ្នំពេញ ជាច្រើនគឺត្រូវរងផលប៉ះពាល់ពីវិបត្តិនេះដែលនាំអោយ មានការបិទផ្អាកអាជីវកម្មជាច្រើន។ទន្ទឹមនោះសម្រាប់អាជីវកម្មដែលមានដំណើរការកន្លងមក មន្ទីរទេសចរណ៍ តែងតែបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងមូលដ្ឋានអាជីវកម្ម ទេសចរណ៍ ដើម្បីណែនាំឱ្យអាជីវកម្មទាំងអស់អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពទេសចរណ៍ និងវិធានការរដ្ឋបាលនានារបស់រដ្ឋបាល​រាជធានីភ្នំពេញ ដែលបានដាក់ចេញនាពេលកន្លងមក។

លោកបន្តថា ដោយមានការចូលរួមពីម្ចាស់អាជីវកម្មនិងភាគីពាក់ព័ន្ធនានា គឺឃើញថាអាជីវកម្មក្នុង​រាជធានីភ្នំពេញ បានអនុវត្តតាម វិធានការសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍ និងវិធានការរដ្ឋបាលរបស់រាជធានីភ្នំពេញបានយ៉ាងខ្ជាប់ខ្ជួន ព្រោះក្នុងដំណាក់កាលនេះអាជីវកម្ម ដែលអាចដំណើរការទទួលភ្ញៀវគឺត្រូវតែអនុវត្តវិធានការនានានិងរក្សាអោយ បាននូវសុវត្ថិភាពអនាម័យជូនភ្ញៀវ។

លោកប្រធានមន្ទីរ បានបញ្ជាក់ឲ្យដឹងដែរថា តាមរយៈការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍​ដំណាក់កាលទី១ កាលពីខែមិថុនា ឆ្នាំ២០២០ មានមូលដ្ឋានអាជីវកម្មចំនួន ៩៨.៩៨% ដែលទទួលបានឡាបិលវិធានសុវត្ថិភាពទេសចរណ៍ដំណាក់កាលទី១នេះ។ ដោយទ្បែក កាលពី ខែសីហា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានដាក់ចេញនូវ នីតិវិធី អនុវត្តស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី និងបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ដែលតម្រូវអោយ​អាជីវកម្មទេសចរណ៍ទាំងអស់អនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន។ ដោយសារនេះ ជាកាតព្វកិច្ច ដែលអាជីវកម្មទាំងអស់ដែលកំពុងមានដំណើរការក្នុងបរិបទបែបប្រក្រតីភាពថ្មីនេះ ត្រូវតែអនុវត្តតាម និងជាលក្ខខណ្ឌភ្ជាប់សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ​អាជីវកម្មទេសចរណ៍ផងដែរនោះ យើងឃើញថាអាជីវកម្មក្នុងរាជធានីភ្នំពេញ ជាង៦០០ទីតាំង បានចូលរួមអនុវត្ត បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធី អនុវត្តស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី បានយ៉ាងល្អ។

ផ្តើមពីនោះ លោកសង្ឃឹមថាម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ក្រោយពីបានស្ដាប់នូវ​បទបង្ហាញរួចមក នឹងចូលរួមអនុវត្តច្បាប់ស្ដីពីទេសចរណ៍ និង វិធានសុវត្ថិភាពទេសចរណ៍ ដើម្បីអាចដំណើរការអាជីវកម្មប្រកបដោយសុវត្ថិភាព លទ្ធភាព មិនមានការរំខាន។ យ៉ាងណាក៏ដោយលោកប្រធានក៏បានស្នើឲ្យម្ចាស់មូលដ្ឋានអាជីវកម្ម ទេសចរណ៍ទាំ ងអស់មេត្តាមកទាក់ទងដាក់ពាក្យស្នើសុំច្បាប់ប្រកបអាជីវកម្ម “អាជ្ញាបណ្ណទេសចរណ៍” និងការវាយតម្លៃវិធានសុវត្ថិភាពទេសចរណ៍អោយបានគ្រប់ៗគ្នាចាប់ពីពេលនេះតទៅ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ