ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​វិនិយោគ​នៅ​កម្ពុជា​កើន​ជិត​1​ពាន់​ក្រុមហ៊ុន​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា បាន​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ដោយ​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦​កន្លង​មក ក្រុមហ៊ុន​ជប៉ុន​ទាំង​តូច​ទាំង​ធំ​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា មាន​ចំនួន​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា បាន​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ដោយ​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦​កន្លង​មក ក្រុមហ៊ុន​ជប៉ុន​ទាំង​តូច​ទាំង​ធំ​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា មាន​ចំនួន​រហូត​ដល់​៩៦៧​ក្រុមហ៊ុន ។

លោក អិុ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ជា​ធនាគារ​ដើរតួ​នាទី​ជា​អ្នក​ផ្តល់​សេវាកម្ម​ទូទាត់​សាច់ប្រាក់ ជាមួយ​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មក​រា ម្សិលមិញ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​មុន មាន​ក្រុមហ៊ុន​សាជីវកម្ម​ជប៉ុន​ធំ​ៗ​ចំនួន​២៨៩​ក្រុមហ៊ុន កើនឡើង​១៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ដែល​មាន​ក្រុមហ៊ុន​សាជីវកម្ម​ជប៉ុន​ធំ​ៗ​វិនិយោគ​នៅ​កម្ពុជា​ចំនួន​២៤៧​ក្រុមហ៊ុន​ប៉ុណ្ណោះ ។ ចំណែក​ក្រុមហ៊ុន​តូច​ៗ​ជា​លក្ខណៈ​ឯកត្តជន បាន​កើន​ពី​៣៦៩​ក្រុមហ៊ុន​កាលពី​ឆ្នាំ​២០១៥ ដល់​ចំនួន​៦៧៨​ក្រុមហ៊ុន​នៅ​ដំណាច់ឆ្នាំ​មុន ស្មើនឹង​កំណើន​៨៣,៧៣% ។

លោក​បន្ត​ថា ៖ « នៅ​ឆ្នាំ​២០១៧​នេះ ខ្ញុំ​រំពឹង​ថា អ្នក​វិនិយោគ​ជប៉ុន​នឹង​ចូល​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​ជាង​មុន ដោយសារ​កម្ពុជា​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ក្នុង​កំណើន​៧%​ប្រចាំឆ្នាំ និង​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម ហើយ​ការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​របស់​ជប៉ុន​មក​កម្ពុជា ក៏​ជា​ការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​ជប៉ុន​កាន់តែ​ច្រើន​មក​កម្ពុជា​ផង​ដែរ » ។

ក្រុមហ៊ុន​ជប៉ុន ដែល​មក​វិនិយោគ​នៅ​កម្ពុជា​បាន​ផ្តោត​លើ​សេវាកម្ម​ចម្រុះ​ដូច​ជា អចលនទ្រព្យ សណ្ឋាគារ ភោជនីយ​ក​ដ្ឋា​ន សេវាកម្ម គ្រឿងបន្លាស់ គ្រឿងសម្អាង និង​ផលិតផល​ជា​ច្រើន​ទៀត ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អិុ​ន ចាន់​នី ។

លោក​បន្ត​ថា ការ​មក​ដល់​របស់​ក្រុមហ៊ុន​ផ្សារ​ទំនើប AEON Mall បាន​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​តូច​ៗ​ជា​ច្រើន​ទៀត​ចូល​មក​កាន់​កម្ពុជា ព្រោះ​ក្រុមហ៊ុន​ផ្សារ​ទំនើប​នេះ​ជា​ក្រុមហ៊ុន​ធំ​មួយ និង​មាន​ដៃគូ​ជា​ច្រើន​ដែល​បាន​ប្រើប្រាស់​សេវាកម្ម​របស់​ពួក​គេ ។

សេដ្ឋវិទូ​កម្ពុជា​បាន​សម្តែង​ការ​ស្វាគមន៍​ផង​ដែរ ចំពោះ​ការ​វិនិយោគ​របស់​វិនិយោគិន​ជប៉ុន​នៅ​កម្ពុជា ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា តាម​ព័ត៌មាន​លោក​ទទួល​បាន វិនិយោគិន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា មិនសូវ​មាន​ចំនួន​ច្រើន​នោះ​ទេ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​ពួក​គេ​នៅ​តែ​ចូល​មក ដោយសារ​ការ​មក​ដល់​នៃ​អាកាសចរណ៍​ជប៉ុន ព្រោះ​ការ​ភ្ជាប់​ជើងហោះហើរ​របស់​ក្រុមហ៊ុន ANA របស់​ជប៉ុន ជា​ការ​ផ្លាស់​ប្តូរ​ប្រវត្តិសាស្ត្រ ក្នុង​ទំនាក់ទំនង​ជាមួយ​ជប៉ុន លើ​វិស័យ​ពាណិជ្ជកម្ម ។

លោក​បន្ត​ថា ៖ « អ្នក​វិនិយោគ​ជប៉ុន​មុន​នឹង​មក​វិនិយោគ​នៅ​ប្រទេស​ណាមួយ ពួក​គេ​សិក្សា​ច្បាស់លាស់​ណាស់ មុន​ពួក​គេ​សម្រេចចិត្ត​ចូល​មក ហើយ​ពេល​ពួក​គេ​ចូល​មក គឺ​ពួក​គេ​ផ្តោត​លើ​ការ​វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​។ បច្ចុប្បន្ន ជប៉ុន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ហើយ សម្រាប់​ផ្តល់​ឲ្យ​ពួក​គេ​រស់នៅ និង​វិនិយោគ​រយៈពេល​វែង​នៅ​ទី​នេះ » ៕