ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បើក​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ឡាវ​ជា​កា​រត​ភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដ៏​មាន​សក្ដានុពល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​បើក​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ឡាវ គឺជា​កា​រត​ភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដ៏​មាន​សក្ដានុពល និង​ជា​កា​រត​ភ្ជាប់​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​បណ្ដាញ​គមនាគមន៍
ត​ភ្ជាប់​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ព្រមទាំង

រាជធានី​ភ្នំពេញ ៖ ការ​បើក​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ឡាវ គឺជា​កា​រត​ភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដ៏​មាន​សក្ដានុពល និង​ជា​កា​រត​ភ្ជាប់​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​បណ្ដាញ​គមនាគមន៍
ត​ភ្ជាប់​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ព្រមទាំង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​មេគង្គ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​សម្ពោធ​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ ត្រពាំង​ក្រៀល​-​ណ​ង​ណុ​ក​ខៀន ព្រំដែន កម្ពុជា​-​ឡាវ កាលពី​ថ្ងៃ​ទី​១០ មក​រា ម្សិលមិញ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​បន្ដ​ថា ការ​អភិវឌ្ឍ​បណ្ដាញ​ត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ ព្រម​ជាមួយនឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ត្រួតពិនិត្យ​ការ​ចេញចូល​ឆ្លងកាត់​ព្រំដែន​ប្រកបដោយ​ភាព​ងាយស្រួល គឺ​ពិតជា​បាន​ចូលរួម​បង្កើន​ទំហំ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ការ​បង្កើន​លំហូរ​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ប្រទេស​ទី​៣​ឆ្លងកាត់​ព្រំដែន ព្រមទាំង​ជួយ​សម្រួល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទំនិញ កសិផល ការ​បង្កើន​ទំនាក់ទំនង​ផ្សារ​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ស្រប​តាម​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ថ្នាក់ដឹកនាំ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឡាវ ។

នៅ​ក្នុង​ឱកាស​នោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ថា ចាប់ពី​ខែមករា ឆ្នាំ​២០១៧​នេះ​តទៅ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ឡាវ បាន​អនុញ្ញាត​ឲ្យ​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ព្រំដែន​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​សម្រាប់​ជា​ឯកសារ​ផ្លូវការ ក្នុង​ការ​ចេញចូល​ឆ្លងកាត់​ព្រំដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជា​ផ្លូវការ​នូវ​តំបន់​ព្រំដែន​ដែល​បាន​កំណត់ ដើម្បី​ជួយ​សម្រួល និង​ផ្សារ​ភ្ជាប់​គ្នា​រវាង​ប្រជាជន និង​ប្រជាជន​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ​ក៏​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​កងកម្លាំង​មាន​សមត្ថកិច្ច​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន​អំពី​ការ​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​នេះ ។

ដើម្បី​ជួយ​ជំរុញ និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ឡាវ ដែល​ជា​ប្រទេស​មាន​ភូមិ​ផង​របង​តែ​មួយ ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ និង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​នានា​ជា​ច្រើន​លើ​គ្រប់​វិស័យ ព្រម​ជាមួយនឹង​ការ​សហការ​រៀបចំ​យន្ដការ​សហប្រតិបត្តិការ​គ្នា​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ។

សម្ដេច​ថ្លែង​ថា ៖ « ខ្ញុំ​សូម​ជំរុញ និង​លើកទឹកចិត្ត​ដល់​ក្រសួង ស្ថាប័ន ក៏​ដូច​ជា​យន្ដការ​សហប្រតិបត្តិការ​នានា​ដែល​បាន​បង្កើត​ឡើង ព្រមទាំង​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ បន្ដ​សហការ​គ្នា​អនុវត្ត​ឲ្យ​សម្រេច​បាន​នូវ​លទ្ធផល​ស្រប​តាម​ការ​ព្រមព្រៀង​គ្នា ។ ក្នុង​នោះ ខ្ញុំ​សូម​ជំរុញ និង​លើកទឹកចិត្ត​ដល់​កម្លាំង មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បន្ដ​សហការ​គ្នា​ឲ្យ​កាន់តែ​ប្រសើរ​ក្នុង​ការ​គ្រប់គ្រង ការ​ចេញចូល​ឆ្លង​កាត់​ព្រំដែន ដើម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ការពារ​បទល្មើស និង​ឧក្រិដ្ឋកម្ម​ឆ្លងកាត់​ព្រំដែន​គ្រប់​ប្រភេទ ព្រមទាំង​ខិតខំ​សម្របសម្រួល​រួម​គ្នា​ដោះស្រាយ​បញ្ហា​នានា​ដែល​កើត​ឡើង​តាម​ព្រំដែន​ឲ្យ​បាន​ទាន់​ពេលវេលា និង​ដោយ​សន្ដិវិធី ឈរ​លើ​ស្មារតី​មិត្តភាព​ជា​ប្រពៃណី ភាព​ជា​បងប្អូន​ភូមិ​ផង​របង​តែ​មួយ សំដៅ​រួម​គ្នា​ពង្រឹង ពង្រីក​ទំនាក់ទំនង​សហ​ប្រតិ​បត្តិការ​រវាង​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ស្ថិតស្ថេរ រឹង​មាំ និង​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ជា​និច្ច​និរន្ដរ៍​តទៅ » ៕