ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចោទ​ថា​រថយន្ត​បុក កំពុង​សម្រាក​ព្យាបាល​នៅ​ថៃ អាច​ផ្លាស់​ចេញពី​ប៉ោយ​ប៉ែ​ត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍ កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ ដែល​កន្លងមកធ្វើ​ឱ្យ​រំជើបរំជួល​ដោយ​គេ​ចោទ​ថា

ខេត្តបន្ទាយមានជ័យ ៖ លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍ កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ ដែល​កន្លងមកធ្វើ​ឱ្យ​រំជើបរំជួល​ដោយ​គេ​ចោទ​ថា ​បាន​ដួល​មុខ​រថយន្ត​ហើយ​ចោទប្រកាន់​លោក ឌិន ពុ​ទ្ធី ថា​បើករថយន្ត​បុក​បង្ក​របួស គ្រោង​នឹង​ផ្លាស់​ប្តូរ​ចេញពីច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ស្ងប់​អារម្មណ៍ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​អភិបាលខេត្ត ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព នៅ​រសៀល​ថ្ងៃ​ទី​៩ មក​រា នៅ​សាល​ប្រជុំ​សាលាខេត្ត ។

ក្នុង​កិច្ចប្រជុំ​នេះ លោក សួន បវរ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០១៦ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ករណី​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ចោទប្រកាន់​លោក ឌិន ពុ​ទ្ធី ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ថា បើករថយន្ត​បុក​បណ្តាល​ឱ្យ​របួស​ភ្លៅ​ស្តាំ និង​ក រហូត​ដួល​សន្លប់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ ។ ភ្លាម​ៗ​នោះ​ដែរ កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន​លោក ឌិន ពុ​ទ្ធី ប្រគល់​ទៅ​កម្លាំង​នគរបាល​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​តុលាការ បាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ហើយ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ ។ រហូត​ដល់​ថ្ងៃ​ទី​២៩ ធ្នូ សាច់ញាតិ និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បង្ក​ឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ទៀត​ផង ។

លោក សួន បវរ បាន​លើក​ឡើង​ទៀត​ថា ដើម្បី​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់ ថ្នាក់ដឹកនាំ​បានឱ្យ​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​នៅឡើយ​នោះ​ត្រូវ​មក​ធ្វើការ​ដោះស្រាយ និង​សម្របសម្រួល​ជាមួយ​លោក ឌិន ពុ​ទ្ធី ដើម្បី​បញ្ចប់រឿង ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ស្ងប់​អារម្មណ៍ គឺ​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ អនុ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត អាច​ប្រឈម​ការ​ផ្លាស់​ប្តូរ​ចេញ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ។

មុន​នេះ​លោក ឌិន ធី​រិ​ទ្ធ ប្អូនប្រុស​បង្កើត​របស់​លោក ឌិន ពុ​ទ្ធី ដែល​ត្រូវ​បាន​ជាប់​ឃុំ ព្រោះតែ​រឿង​ក្តី​រថយន្ត​បុក​ប៉ូលិស​ដ៏​ចម្រូងចម្រាស បាន​ព្រមាន​ថា សាច់ញាតិ និង​អ្នកគាំទ្រ​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត ​ដើម្បី​ធ្វើការ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​រក​យុត្តិធម៌ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត យ៉ាង​យូរ​នៅ​ថ្ងៃ​ទី​១៧ មក​រា​ខាង​មុខ ប្រសិនបើ​តុលាការ​មិន​ផ្ដល់​យុត្តិធម៌​ដើម្បី​ឲ្យ​បងប្រុស​របស់​លោក ​មាន​សេរីភាព​ឡើង​វិញ​ទេ​នោះ ។

ការ​ព្រមាន​តវ៉ា​បែប​នេះ បន្ទាប់​ពី​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​កោះហៅ​សាក្សី​ចំនួន​៣​នាក់​ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មក​រា ក្រោយ​ពី​សាក្សី​ចំនួន​៣​នាក់​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​២ មក​រា​កន្លង​ទៅ ដើម្បី​ទៅ​បំភ្លឺ​ដោះ​បន្ទុក​ពី​ការ​ចោទប្រកាន់​មក​លើ​លោក ឌិន ពុ​ទ្ធី ។

គួរ​រំឭក​ថា ការ​តវ៉ា​ដំបូង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ គេ​ឃើញ​មាន​មនុស្ស​មិន​ដល់​២០​នាក់​ទេ ហើយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​នាំ​គ្នា​រុញច្រាន​ឱ្យទៅ​ធ្វើ​លើ​ចិញ្ចើម​ផ្លូវ មុខ​អតីត​ខ្លោងទ្វារ​កាស៊ីណូ ហ្គោ​ល​ដឹ​ន​ក្រោ​ន នៅ​ខាងកើត​ខ្លោងទ្វារ​ប្រាសាទ​កំពូល​៣ ច្រក​ទ្វារ​ព្រំដែន​ប្រហែល​៧០​ម៉ែត្រ ។ ក្រោយមក​ចំនួន​អ្នកចូលរួម​ក៏​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ ដល់​រាប់រយ​នាក់ និង​ស្រែក​ទាមទារ​រក​យុត្តិធម៌​យ៉ាង​កងរំពង ។ មិនតែប៉ុណ្ណោះ​ក្រុម​អ្នក​តវ៉ា​បាន​ព្យាយាម​សំរុក​ទៅ​ធ្វើការ​តវ៉ា​នៅ​លើ​ស្ពាន​ព្រំដែន​ម្តង​ហើយ​ម្តងទៀត ទើប​សមត្ថកិច្ច​បន្ថែម​កម្លាំង​ជា​ច្រើន​នាក់ មាន​ទាំង​នគរបាល​ការពារ​ព្រំដែន​គោក​ខាងជើង និង​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ (​វរ​៨៩១ និង​៩១១) ដើម្បី​ទប់ស្កាត់​រុញច្រាន​មិន​ឱ្យ​ក្រុម​អ្នក​តវ៉ា​បិទ​ស្ពាន​ព្រំដែន ព្រោះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនិញ សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ។

លោក ឌិន ពុ​ទ្ធី ជា​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា CIERA មាន​ទីស្នាក់ការ និង​លំនៅ​ឋាន​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ។ ប្រធាន​សមាគម​រូប​នេះ រង​ការ​ចោទប្រកាន់​ថា បាន​បើករថយន្ត​បុក​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ កន្លង​ទៅ​នេះ ដែល​ករណី​ខាងលើ បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​យក​ទៅ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចោទ​ថា នាយ​រង​ប៉ុស្តិ៍​រូប​នោះ​ធ្វើ​ពុត​ជា​ដួល​សន្លប់​គួរ​ឱ្យ​ហួសចិត្ត ខណៈ​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ទៀត​បង្ហោះ​ថា លោក ឈាន ពិសិដ្ឋ រង​របួសធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​ថៃ ៕​