ចិនបានបញ្ឍប់កិច្ចសហប្រតិបត្តិការជាមួយអាមេរិកលើវិស័យសំខាន់ៗជាច្រើនរួមមាន បញ្ហាប្រែប្រួលអាកាសធាតុ វិស័យយោធា និងកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិ.ដ្ឋកម្មអន្តរជាតិ។

វិធានការថ្មីរបស់ចិនកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។
ចិនចាត់ទុកដំណើរទស្សនកិច្ចនោះជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ចិនក៏បានប្រកាសដាក់ទណ្ឌកម្មលើលោកស្រី Nancy Pelosi និងគ្រួសាររបស់គាត់ផងដែរ។

ចំណាត់ការទាំងនេះត្រូវបានប្រកាសដោយក្រសួងការបរទេសចិនកាលពីថ្ងៃសុក្រ ទី ៥ សីហា។ ក្រសួងនិយាយថា ការសន្ទនារវាងមន្ត្រីអាមេរិក និងចិននឹងត្រូវលុបចោល ខណៈកិច្ចសហប្រតិបត្តិការលើការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ត្រឡបមកវិញ បញ្ហាអាកាសធាតុ និងការស៊ើបអង្កេតលើឧក្រិ.ដ្ឋកម្មអន្តរជាតិនឹងត្រូវផ្អាក។
ក្រសួងការបរទេសចិននិយាយក្នុងសេចក្តីប្រកាសថា ការសម្រេចចិត្តបញ្ឍប់កិច្ចសហប្រតិបត្តិការនេះធ្វើឡើង ដោយសារតែលោកស្រី Pelosi ធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដោយមិនអើពើនឹងការប្រឆាំងរបស់ចិន។ ចិនក៏បានចោទប្រកាន់គណៈប្រតិភូអាមេរិក និងលោកស្រី Pelosi ពីបទបង្កហេតុធ្ងន់ធ្ងរផងដែរ។

នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying បានរិះគន់គោលនយោបាយការបរទេសរបស់អាមេរិក ដោយប្រៀបធៀបវាទៅនឹងការសម្លាប់លោក George Floyd ពីសំណាក់ប៉ូលីសកាលពីឆ្នាំ ២០២០ ដែលបង្កឲ្យមានការតវ៉ាទូទាំងពិភពលោក។
អ្នកនាំពាក្យចិនសរសេរថា «យើងមិនអាចអនុញ្ញាតិឲ្យអាមេរិកធ្វើខ្លួនជាប៉ូលីសពិភពលោកនោះទេ និងចាត់ទុកប្រទេសផ្សេងៗជាលោក George Floyd ដែលអាមេរិកអាចធ្វើបាប និងច្របាច់កតាមចិត្តនោះទេ» ។
នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃសុក្រ ទី ៥ សីហា លេខាធិការសារព័តមានរបស់សេតវិមានអាមេរិក លោកស្រី Karine Jean-Pierre បាននិយាយថា លោកស្រី Pelosi មានសិទ្ធិគ្រប់យ៉ាងដើម្បីទៅតៃវ៉ាន់ និងបាននិយាយថា វិធានការថ្មីរបស់ចិនគ្មានការទទួលខុសត្រូវជាមូលដ្ឋាន។
លោកស្រីថ្លែងថា «យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីរក្សាទំនាក់ទំនងបើកចំហរជាមួយទីក្រុងប៉េកាំង ខណៈពេលដែលការពារផលប្រយោជន៍ និងតម្លៃរបស់យើង» ៕ (យោងតាមប្រភព៖ BBC)

ចែករំលែកព័តមាននេះ