រាជធានីភ្នំពេញ ៖ បើនិយាយដល់សែរាជវង្សវ័យក្មេងដែលមានព្រះសមត្ថភាព មានស្នាមព្រះហស្ថ ខ្ពស់លេចធ្លោអស្ចារ្យនោះ ប្រិយមិត្ត ពុកម៉ែបងប្អូនប្រាកដជានឹកឃើញដល់ព្រះនាងតូច នរោត្ដម ជេនណា ជាក់ជាមិនខានឡើយ ដែលទ្រង់កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីមហាជនទាំងក្នុងប្រទេសកម្ពុជា រួមទាំងបណ្ដាប្រទេសនានា តាមរយៈព្រះសមត្ថភាព ស្នាមព្រះហស្ថលើវិស័យសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរ និងសង្គមជាតិក្នុងប្រទេសកម្ពុជា ។

មិនត្រឹមតែមានសមត្ថភាពលេចធ្លោប៉ុណ្ណោះទេ តែព្រះនាងក៏មានរូបសម្បត្តិស្រស់សោភា សមសួនជាកុលធីតាខ្មែរ ដែលជាសែស្រឡាយរាជវង្សវ័យក្មេងមានចរិយាសម្បត្តិគួរឱ្យគោរពស្រឡាញ់ណាស់ ។
ហើយមុនឈានដល់ការនិយាយរៀបរាប់អំពីចំណុចពិសេស និងព្រះរាជសមត្ថភាពរបស់ព្រះនាងតូចនរោត្ដម ជេនណា សារព័ត៌មានកោះសន្តិភាពសូមរំលឹកពីជីវប្រវត្តិរបស់កុលធីតាខ្មែររូបនេះបន្តិច «ព្រះនាងតូចនរោត្ដម ជេនណា ប្រសូត្រនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ នាទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានគោរម្យងារផ្លូវការ ជាអក្សខ្មែរ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា និងភាសាផ្លូវការអន្តរជាតិ «Princess Jenna Norodom» ជាសមាជិកនៃ ព្រះរាជវង្សានុវង្សកម្ពុជា។

ព្រះនាងតូចជាបុត្រីទី២ របស់ព្រះបាទនរោត្តម បុប្ផារី ព្រះបិតារបស់ព្រះអង្គជាជនជាតិបារាំង ហើយជាចៅស្រីរបស់សម្ដេចក្រុមព្រះនរោត្តម ចក្រពង្ស និងជាចៅស្រីដ៏ឧត្តុង្គឧត្តមរបស់ ព្រះបាទនរោត្តម សីហនុ និងជាចៅរបស់ព្រះបាទ នរោត្តម សីហមុនី ផងដែរ ។ នៅឆ្នាំ២០១៥ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា មានព្រះជន្មាយុ៤ ព្រះវស្សា ព្រះនាងនិងក្រុមគ្រួសារក៏បានត្រឡប់មករស់នៅដែនដីសុវណ្ណភូមិព្រះរាជាណាចក្រកម្ពុជាវិញ ។

ថ្ងៃនេះកោះសន្តិភាព សូមលើកយកចំណុចពិសេស ព្រះសមត្ថភាព ស្នាមព្រះហស្ថ និងភាពលេចធ្លោមួយចំនួនរបស់ព្រះនាងតូចនរោត្ដម ជេនណា ដែលមានគោរម្យងារផ្លូវការ ជាអក្សខ្មែរ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា និងភាសាផ្លូវការអន្តរជាតិ «Princess Jenna Norodom» ដោយគិតត្រឹមព្រះជន្មាយុ១០ព្រះវស្សាចុះមកក្រោម ដើម្បីយកមកចែកជូនប្រិយមិត្តអោយបានដឹង និងស្គាល់ ហើយប្រិយមិត្តខ្លះក៏បានដឹង និងស្គាល់ហើយផងដែរ។

១- ចំណុចពិសេសរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា ក្នុងព្រះជន្ម ៥ ព្រះវស្សា ព្រះនាងអាចនិយាយបានដល់ទៅ៥ភាសា គឺ ភាសាបារាំង ភាសាចិន ភាសាថៃ និងភាសាអង់គ្លេស យ៉ាងស្ទាត់ជំនាញ រួមទាំងភាសាខ្មែរជាភាសាជាតិខ្មែរ និងជាភាសាដើមកំណើតរបស់ទ្រង់ផងដែរ ។ ហើយបើទោះបីជាយ៉ាងណា ចំពោះភាសាខ្មែរដែលជាភាសាដើមកំណើតរបស់ទ្រង់ក៏ពិតមែន តែទ្រង់និយាយភាសាជាតិខ្មែរមិនសូវបានច្បាស់នោះឡើយ មូលហេតុដោយសារទ្រង់មិនបានប្រសូត្រនៅព្រះរាជាណាចក្រកម្ពុជាឡើយ គឺប្រសូត្រនៅទីក្រុង ប៉ារីសប្រទេសបារាំង ។ហើយនៅឆ្នាំ២០១៥ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា មានព្រះជន្មាយុ៤ ព្រះវស្សា ទើបទ្រង់និងក្រុមគ្រួសារត្រឡប់មករស់នៅដែនដីសុវណ្ណភូមិព្រះរាជាណាចក្រកម្ពុជាវិញ ខណៈពេលរស់នៅប្រទេសបារាំង ទ្រង់បានចោះភាសាចំនួន៥ផងដែរ ដែលភាសាខ្មែរទ្រង់និយាយមិនសូវបានច្បាស់ល្អ ចំពោះភាសាខ្មែរនេះដែរ ក៏មានប្រជាជនកម្ពុជាជាច្រើនបានសំណូមពរអោយទ្រង់ខិតខំពង្រឹងចំពោះព្រះសមត្ថភាពបន្ថែមទៀត ក្នុងការនិយាយអោយបានច្បាស់ល្អជាងនេះ ។

២- ចំណុចពិសេសក្នុងវិស្ស័យសិល្បៈ យើងសង្កេតឃើញថា ព្រះនាងតូចមានព្រះសមត្ថភាពលេចធ្លោខ្លាំងតាមរយៈបទចម្រៀង Original ជាច្រើនបទរបស់ទ្រង់ មិនថាបទចម្រៀងខ្មែរ ឬបទចម្រៀងជាភាសាបរទេសឡើយ ជាពិសេសបទចម្រៀង និង MV ប្រពៃណីខ្មែរ បទចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌជាដើម ដែលសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនកម្ពុជា និងបណ្ដាប្រទេសនានា។ ចំពោះបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍ និងមើលទៅលេចធ្លោនោះ រួមមានដូចជា ៖ បទចម្រៀង «មាគា៍អង្គរ» ដែលជាបទ Original song របស់ទ្រង់ហើយបទនេះដែរ ទ្រង់បានធ្វើឡើងដើម្បីអបអរសាទរក្នុងព្រះរាជពិធីចម្រើនព្រះជន្មវស្សា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតតម្កល់លើត្បូង។
រីឯបទចូលឆ្នាំខ្មែរមានដូចជា ៖ បទ«កន្ត្រឹមខែចេត» , «ឈូងស្អំបេះដូង» , «តាលុងផ្ដាំស្នេហ៍« , «ដេញចាប់ក្រមុំ» , «ចូលឆ្នាំស្រទំភូមិយើង» , «នាងឆ្ងល់» ទ្រង់ច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀងប្រុសលោក ថេណា ដែលបទចម្រៀងទាំងនេះ ទ្រង់បានលើកឡើងអបអរបុណ្យចូលឆ្នាំខ្មែរ ក្នុងឆ្នាំ២០២២នេះតែម្ដង។ មួយវិញទៀត ទ្រង់ក៏ជាអ្នករាំរបាំអប្សរាលើវិថីសិល្បៈ និង ឆាកមហោស្រពបានយ៉ាងគួរឱ្យស្ងើចសរសើរផងដែរ។

៣- ចំណុចពិសេសក្នុងការសម្ដែងខ្សែភាពយន្ត យើងសង្កេតឃើញថា ទ្រង់មានព្រះសមត្ថភាពអស្ចារ្យខ្លាំងក្នុងការរសម្ដែងខ្សែភាពយន្តរឿងភាគខ្មែរ ដែលទទួលបានចំនួនទស្សនិជនតាមដានច្រើនគួរអោយកត់សម្គាល់ មាន២រឿងដូចជា ៖ រឿង «ទេពធីតាព្កុលមាស» និង «នគរមាស» ដែលបានចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ CTN ជាដើម។
៤- ចំណុចពិសេសក្នុងការលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ មហាជនប្រាកដជាបានដឹង និងតែងតែឃើញហើយតាមរយៈបណ្ដាញសង្គមរបស់ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា ដែលមានឈ្មោះថា Jenna Norodom គឺទ្រង់តែងតែលើកយកមកបង្ហាញ ដើម្បីអោយប្រជាជនខ្មែរក្មេងចាស់ ប្រុសស្រី និងយុវជនជំនាន់ក្រោយបានឃើញបានដឹង និងស្គាល់ តាមរយៈការបង្ហាញឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ដែលទាក់ទងទៅនឹងប្រវត្តិពីដើម និងនិយាយរៀបរាប់ពាក់ព័ន្ធពីប្រវត្តិឈុតនីមួយៗ ដើម្បីជម្រាបជូនអ្នកគាំទ្រ ក៏ដូចជាបងប្អូនខ្មែរទាំងអស់ផងដែរ។
៥- ភាពអស្ចារ្យរបស់ទ្រង់ក្នុងការជួយសង្គមជាតិនៅប្រទេសកម្ពុជាទាំងវ័យក្មេង ដូចជា ៖ ការចុះជួយផ្ទាល់ដល់ជនទីទ័លក្រ ក្មេងកំព្រា ចាស់ជរាគ្មានទីពឹង ដោយឧបត្ថមជាថវិកា គ្រឿងបរិភោគ ឧបត្ថមថវិកាដល់មន្ទីរពេទ្យ និងកិច្ចការងារសប្បុរសធម៌ផ្សេងៗជាច្រើនតានរយៈគ្រប់រូបភាពតែម្ដង។
៦- គិតមកទល់បច្ចុប្បន្ន ព្រះនាងតូចនរោត្ដម ជេនណា ដែលមានគោរម្យងារផ្លូវការ ជាអក្សខ្មែរ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា និងភាសាផ្លូវការអន្តរជាតិ «Princess Jenna Norodom» បានក្លាយជាព្រះរាជទូតសុឆន្ទៈ ឯកអគ្គរាជទូតសុឆន្ទៈ តំណាងអោយក្រុមហ៊ុនធំៗជាច្រើននៅកម្ពុជា ដូចជាក្រុមហ៊ុន «Royal Brand Cellcard» «ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា)» «សហព័ន្ធកីឡារាំកម្ពុជា» «ក្រុមហ៊ុន Papa John’s Pizza Cambodia» និងក្រុមហ៊ុនធំៗផ្សេងទៀតផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះដែរ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា ព្រះនាងមានកម្ពស់១.៥២សង់ទីម៉ែត្រ ក្នុងព្រះជន្មាយុ១០ព្រះវស្សា និងជាសែរាជវង្សខ្មែរដំបូងគេ ដែលមានវ័យក្មេងបំផុត កំពុងមានប្រជាប្រិយខ្លាំងក្លា និងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាជនកម្ពុជានាសតវត្សរ៍ទី២១ លើដែនដីសុវណ្ណភូមិ នៃកម្ពុជាយើង។

















ចែករំលែកព័តមាននេះ