ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិនិយោគបរទេស នៅកម្ពុជា ចាប់ពី ២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋាន​អង្គរ ដោយមិនចាំបាច់ទិញសំបុត្រឡើយ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ រាជរដ្ឋាភិបាល បានផ្តល់គោលនយោបាយលើកទឹកចិត្ត សម្រាប់ការទិញសំបុត្រ​ចូល​រមណីយដ្ឋានអង្គរ ដោយបន្ថែមចំនួនថ្ងៃចូលទស្សនា ក្នុងនោះ៖ ទិញបណ្ណប្រភេទ ១ថ្ងៃ អាចចូលទស្សនាបានរយៈពេល ២ថ្ងៃ,…

ខេត្តសៀមរាប៖ រាជរដ្ឋាភិបាល បានផ្តល់គោលនយោបាយលើកទឹកចិត្ត សម្រាប់ការទិញសំបុត្រ​ចូល​រមណីយដ្ឋានអង្គរ ដោយបន្ថែមចំនួនថ្ងៃចូលទស្សនា ក្នុងនោះ៖ ទិញបណ្ណប្រភេទ ១ថ្ងៃ អាចចូលទស្សនាបានរយៈពេល ២ថ្ងៃ, សុពលភាពរយៈពេល ៥ថ្ងៃ ទិញបណ្ណប្រភេទ ៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល ៥ថ្ងៃ សុពលភាពរយៈពេល ១០ថ្ងៃ ទិញបណ្ណប្រភេទ ៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល ១០ថ្ងៃ សុពលភាពរយៈពេល ១ខែ។ សម្រាប់អ្នកវិនិយោគ​នៅកម្ពុជា ចាប់ពី ២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរបាន ដោយមិនចាំបាច់​ទិញសំបុត្រឡើយ។

គោលការណ៍ខាងលើនេះ ត្រូវបា​នលើកឡើង ក្នុងពិធី​ប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងទី១ ខែសីហា ឆ្នាំ២០២២​។

​​រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញយន្តការអនុវត្តការងារ និងផែនការសកម្មភាព​គន្លឹះសំខាន់ៗ ដែលចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បង្កើនការមកទស្សនាខេត្តសៀមរាបឡើងវិញ​។

គួរជម្រាបថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលក៏បានអនុម័តនូវ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» រួចមកហើយ ជាមួយគ្នាក៏បានសម្រេចគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

​​ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍​សៀមរាប-អង្គរ (តាមរយៈវីដេអូ Zoom) ដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.អ.ទ.ស. ព្រមទាំងការ​ចូលរួម​តាមរយៈវីដេអូ Zoom ពីសំណាក់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាននៃ គ.អ.ទ.ស.។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនអង្គប្រជុំអំពីយន្តការការងារនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) សំដៅទ្រទ្រង់ការអនុវត្តផែនការមេអភិវឌ្ឍន៍​ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលមានដូចខាងក្រោម៖

ទី១. គណៈប្រតិបត្តិជាសេនាធិការប្រចាំការ ដើម្បីដឹកនាំការអនុវត្តបទបញ្ជា និងការណែនាំនានា​របស់​ប្រធាន គ.អ.ទ.ស. ពិសេសដឹកនាំនិងសម្របសម្រួលការអនុវត្តផែនការសកម្មភាព​នៃផែនការមេ។

ទី២. អនុគណៈកម្មការចំនួន៥ រួមមាន៖ * អនុគណៈកម្មការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ * អនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ * អនុគណៈកម្មការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍ * អនុគណៈកម្មការគ្រប់គ្រងបរិស្ថាន * អនុគណៈកម្មការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់។

ទី៣. អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក សម្រាប់តំបន់អាទិភាពទាំង៦ រួមមាន៖ តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ទេសចរណ៍ ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់​បេតិកភណ្ឌអង្គរ តំបន់ក្រុងសៀមរាប តំបន់បឹងទន្លេសាប តំបន់ទេសចរណ៍សៀមរាបថ្មី។

ទី៤. លេខាធិការដ្ឋាន ដើម្បីសម្របសម្រួលអនុវត្តរាល់សកម្មភាពការងារប្រចាំថ្ងៃរបស់ គ.អ.ទ.ស.។

ឯកឧត្ដមរដ្ឋមន្ត្រី បានជម្រាបអំពីទិសដៅសម្រាប់រយៈពេលខ្លីចំពោះមុខនេះ គឺត្រូវរួមគ្នាបន្ត​អភិវឌ្ឍន៍​ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព ថ្លៃសមរម្យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អនៅតាមតំបន់អាទិភាពទាំង៦ ពង្រឹងគុណភាពសេវាឱ្យបានល្អប្រសើរ និងរៀបចំកញ្ចប់ទស្សនកិច្ចជាមួយតម្លៃសមរម្យមក​កាន់ខេត្តសៀមរាប ទាំងសម្រាប់ទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការ​ទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia Year 2023)។

ជាមួយគ្នានោះ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.អ.ទ.ស. បានគាំទ្រការរៀបចំនូវយន្តការអនុវត្តការងារចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងបានប្រកាសជាផ្លូវការនូវសមាសភាព​គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដែលត្រូវបានតែងតាំង​ដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កន្លងទៅ, សមាសភាពគណៈប្រតិបត្តិ, សមាសភាពអនុគណៈកម្មការ, សមាសភាពលេខាធិការដ្ឋាន ព្រមទាំងអង្គភាពគ្រប់គ្រងគោលដៅ​ទេសចរណ៍ដោយឡែក (Sub-DMO) សម្រាប់តំបន់អាទិភាពទាំង៦ រួមមាន៖

១. តំបន់ឧទ្យានជាតិភ្នំគូលែន ត្រូវដឹកនាំដោយក្រសួងបរិស្ថាន

២. តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប

៣. តំបន់បេតិកភណ្ឌអង្គរ ជាការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា

៤. តំបន់ក្រុងសៀមរាប ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប

៥. តំបន់បឹងទន្លេសាប ត្រូវដឹកនាំដោយគ្រឹះស្ថានអង្គរ

៦. តំបន់ទេសចរណ៍សៀមរាបថ្មី ត្រូវដឹកនាំដោយក្រសួងទេសចរណ៍។

ទន្ទឹមនឹងការប្រកាសដាក់ឱ្យអនុវត្ត «ផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​សៀមរាប ឆ្នាំ២០២២-២០២៣» នេះ ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍​ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តល់នូវ​អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១. ក្រសួង-ស្ថាប័នពាក់ព័ន្ធចំណុះឱ្យយន្តការនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍​សៀមរាប-អង្គរ ចូលរួមអនុវត្តតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាឱកាសពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

ទី២. បន្តអភិវឌ្ឍកំពង់ផែចុងឃ្នាស ឱ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ និងត្រូវសិក្សារៀប​ចំប្លង់ និងផែនការអភិវឌ្ឍន៍កំពង់ផែចុងឃ្នាស សម្រាប់រយៈពេលខ្លី មធ្យម និងវែង។

ទី៣. ក្រសួងទេសចរណ៍ត្រូវសិក្សា កំណត់ទីតាំង និងអភិវឌ្ឍតំបន់ទេសចរណ៍សៀមរាបថ្មី។

ទី៤. គណៈប្រតិបត្តិត្រូវរៀបចំគម្រោងថវិកាសម្រាប់ ឆ្នាំ ២០២២-២០២៣ ដើម្បីជូនក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច។

ទី៥. អនុគណៈកម្មការទាំង៥ ដែលទើបត្រូវបានបង្កើតឡើង ត្រូវរៀបចំកម្មវិធីការងាររបស់ខ្លួន និងសហការជាមួយលេខាធិការដ្ឋាន ដើម្បីអនុវត្តផែនការសកម្មភាពរបស់ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

ទី៦. លេខាធិការដ្ឋានត្រូវរៀបចំវគ្គបណ្តុះបណ្តាលអំពី ផែនការមេអភិវឌ្ឍន៍ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ ដល់ភាគីពាក់ព័ន្ធ ពិសេសអង្គភាពគ្រប់គ្រងគោលដៅ​ទេសចរណ៍​ដោយឡែក អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន និងសហគមន៍ពាក់ព័ន្ធ។

ទី៧. អនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍នៃគណៈប្រតិបត្តិ ត្រូវពិភាក្សា និងសហការជាមួយរដ្ឋបាលខេត្ត និងវិស័យឯកជនក្នុងខេត្តសៀមរាប ដើម្បីរៀបចំជាបន្ទាន់ នូវយុទ្ធសាស្ត្រផ្សព្វផ្សាយ សម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាបដោយឡែកមួយ ឱ្យបានរហ័សស្របតាមមាគ៌ាចង្អុលផ្លូវដែលបានកំណត់ក្នុង ផែនការមេអភិវឌ្ឍន៍​ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

ទី៨. បន្តពង្រឹងលក្ខណសម្បត្តិរបស់ខេត្តសៀមរាបក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈ៖ ការបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដា​អប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ជំរុញពិពិធកម្មគោលដៅ ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ នៅក្នុងតំបន់អាទិភាពទាំង៦ និងជំរុញការផ្សព្វផ្សាយ​តាមប្រព័ន្ធឌីជីថល ការពន្លឿនការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនសមត្ថភាពផ្ទុក សម្រាប់អ្នកដំណើរតាមផ្លូវអាកាសមកកាន់ខេត្តសៀមរាប លើកទឹកចិត្តដល់ការបន្តខិតខំអភិវឌ្ឍក្រុងសៀមរាប និងតំបន់អាទិភាពទាំងអស់ ជាក្រុងទេសចរណ៍ឆ្លាត និងគោលដៅទេសចរណ៍ឆ្លាត និងរដ្ឋបាលខេត្តសៀមរាប ត្រូវរៀបចំសណ្តាប់ធ្នាប់ សម្អាត និងថែរក្សាអនាម័យក្នុងក្រុង ទីប្រជុំជន និងតាមគោលដៅទេសចរណ៍ ឱ្យបានល្អប្រសើរ។

ទី៩. បន្តពង្រឹងគុណភាព និងវិសាលភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិត នៅខេត្តសៀមរាប ពិសេសនៅតាមតំបន់អាទិភាព និងគោលដៅទេសចរណ៍ដាច់ស្រយាល ដើម្បីជំរុញរំហូរ​ទេសចរជាតិ និងទាក់ទាញទេសចរអន្តរជាតិបន្ថែម។

ទី១០. គ្រឹះស្ថានអង្គរបន្តសិក្សា និងដាក់ចេញគោលនយោបាយសំបុត្រចូលទស្សនា​រមណីយដ្ឋានអង្គរ ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

ទី១១. គណៈប្រតិបត្តិ ត្រូវសិក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំ និងដាក់ចេញកញ្ចប់ទស្សនកិច្ច​ពិសេស ដែលមានការសម្រួលថ្លៃ និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការទស្សនា​កម្ពុជាឆ្នាំ២០២៣ (Visit Cambodia Year 2023)។

បើតាមឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាអនុប្រធានប្រចាំការនៃ គណៈប្រតិបត្តិ នៃគ.អ.ទ.ស. ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ទទួលបានទេសចរអន្តរជាតិប្រមាណ៦ម៉ឺននាក់ កើនឡើងក្នុងអត្រា ១ ០២៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងទេសចរផ្ទៃក្នុង​ប្រមាណជាង១លាននាក់ កើនឡើងក្នុងអត្រា ៧៩៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះជើងហោះហើរមកកាន់ខេត្តសៀមរាបមានចំនួន៣៨៧ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។ ខេត្តសៀមរាប នឹងទទួលបានទេសចរអន្តរជាតិ ប្រមាណជាង ១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនឹងកើនដល់ប្រមាណ ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ដោយនឹងស្រូបយក ១/៤ នៃភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ខណៈដែល​ភ្ញៀវទេសចរផ្ទៃក្នុងជាង ២លាននាក់ នឹងមកទស្សនាខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ ៤លាននាក់ នៅក្នុងឆ្នាំ២០២៣៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ