រាជធានីភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េ កំពុងបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ តាមរយៈការផ្លាស់ប្តូរសិល្បៈ បទពិសោធ និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ខណៈការសម្តែងសិល្បៈ «The Film Delivery Man» ត្រូវបានចាត់ទុកជាផ្នែកមួយនៃការបង្កើនការយល់ដឹង និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ថ្លែងក្នុងឱកាសអញ្ជើញបើកព្រឹត្តិការណ៍នេះ នៅសាលសន្និសីទចតុម្មុខ នារាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងក្ដីសោមនស្សរីករាយ និងកោតសរសើរចំពោះស្ថានទូតកូរ៉េ សិល្បករ និងដៃគូពាក់ព័ន្ធ ដែលបានរួមចំណែករៀបចំការសម្តែងនេះ។ លោកជំទាវបានបញ្ជាក់ថា ការផ្លាស់ប្តូរវប្បធម៌តាមរយៈតន្ត្រី របាំ ភាពយន្ត ល្ខោន និងសិល្បៈចម្រុះ គឺជាមធ្យោបាយសំខាន់ក្នុងការនាំប្រជាជនប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងយល់ពីគ្នាកាន់តែច្បាស់។
«The Film Delivery Man» ក៏បានបង្ហាញពីសក្តានុពលនៃឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត តាមរយៈការរួមបញ្ចូលក្បាច់រាំ Street Dance សៀក និងបទចម្រៀងពីខ្សែភាពយន្តល្បីៗ បង្កើតជាផ្ទាំងទស្សនីយភាពរស់រវើក។ សម្រាប់កម្ពុជា ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ច្នៃប្រឌិត ត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ការថែរក្សាបេតិកភណ្ឌ ទន្ទឹមនឹងការបង្កើតឱកាសឱ្យយុវជន សិល្បករ និងអ្នកជំនាញ បង្កើតស្នាដៃថ្មី និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។
កិច្ចសហប្រតិបត្តិការកម្ពុជា–កូរ៉េ ក្នុងវិស័យវប្បធម៌កន្លងមក ក៏បានផ្តោតលើការអភិរក្ស និងចងក្រងបេតិកភណ្ឌវប្បធម៌ ការធ្វើឌីជីថលូបនីយកម្ម ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលអ្នកជំនាញ តាមរយៈស្ថាប័ន និងអង្គការពាក់ព័ន្ធរបស់កូរ៉េ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ពីការបន្តគាំទ្រសិល្បករ និងយុវជនមានទេពកោសល្យ ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធ ដើម្បីពង្រឹងសមត្ថភាព និងភាពច្នៃប្រឌិតក្នុងវិស័យវប្បធម៌។
ឆ្ពោះទៅការប្រារព្ធខួប ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា–កូរ៉េ នៅឆ្នាំ២០២៧ កម្ពុជារំពឹងថា កិច្ចសហប្រតិបត្តិការនឹងបន្តពង្រីកទៅលើភាពយន្ត សិល្បៈសម្ដែង សារមន្ទីរ ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ការអប់រំវប្បធម៌ បច្ចេកវិទ្យា និងការផ្លាស់ប្តូររវាងយុវសិល្បករ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថានឹងរួមចំណែកទាំងការអភិរក្សតម្លៃវប្បធម៌ និងការបង្កើតឱកាសថ្មីៗសម្រាប់មនុស្សជំនាន់ក្រោយ៕



ចែករំលែកព័តមាននេះ