ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​កើន​ជាង​4%

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​ទស្សនា​នៅ​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ​២០១៦ មាន​ជាង​២,១​លាន​នាក់ កើនឡើង​៤,៦៣% និង​ទទួល​បាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​ជាង​៦២​លាន​ដុល្លារ កើនឡើង​៤,២១%

រាជធានី​ភ្នំពេញ ៖ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​ទស្សនា​នៅ​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ​២០១៦ មាន​ជាង​២,១​លាន​នាក់ កើនឡើង​៤,៦៣% និង​ទទួល​បាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​ជាង​៦២​លាន​ដុល្លារ កើនឡើង​៤,២១% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ។

ដោយឡែក​សម្រាប់​ខែធ្នូ ឆ្នាំ​២០១៦ គ្រឹះស្ថាន​អង្គរ​បាន​លក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​ជូន​ភ្ញៀវ​បរទេស​បាន​ចំនួន​២៤៩.៤៨២​នាក់ ប្រមូល​ចំណូល​បាន ៧.១៦១.៣០០​ដុល្លារ ។

យោង​តាម​សេចក្ដី​ប្រកាស​ដដែល​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០១៧ តទៅ​គ្រឹះស្ថាន​អង្គរ​នឹង​ដំឡើង​ថ្លៃ​លក់​ប័ណ្ណ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​នោះ​ប័ណ្ណ​ចូល​ទស្សនា​មាន​៣​ប្រភេទ​គឺ

១-​ប្រភេទ​ទី​១ ចូល​ទស្សនា​១​ថ្ងៃ មាន​តម្លៃ​៣៧​ដុល្លារ​។
២-​ប្រ​ភេ​ទី​២ ចូល​ទស្សនា​៣​ថ្ងៃ មាន​តម្លៃ​៦២​ដុល្លារ ដែល​មាន​សុពលភាព​រយៈពេល​១០​ថ្ងៃ ។
៣-​ប្រភេទ​ទី​៣ តម្លៃ​៧២​ដុល្លារ​ចូល​ទស្សនា បាន​៧​ថ្ងៃ មាន​សុពលភាព​រយៈពេល​៣០​ថ្ងៃ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន មាន​ប្រសាសន៍​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖ « ទោះជា​កំណើន​ភ្ញៀវ​អន្តរជាតិ​មិន​ច្រើន​ក្តី តែ​ក៏​មិន​តិច​ប៉ុន្មាន​ដែរ ដែល​លទ្ធផល​នេះ គឺ​ដោយសារ​ស្ថានភាព​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ពន្លឺ​នៃ​សន្តិភាព  និង​មាន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ដៃគូ​អន្តរជាតិ​នានា » ។

ទន្ទឹម​នឹង​នេះ កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅ​កាន់​តំបន់​ទេសចរណ៍​ធំ​ៗ​នៅ​ក្រៅប្រទេស ក៏​ជា​កត្តា​រួមចំណែក​ធំ​មួយ​ផង​ដែរ ។ កាលពីមុន ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា មុន​នឹង​មក​ដល់​ត្រូវ​ចុះ​ចត​នៅ​ប្រទេស​ជិតខាង​សិន ដូច​ជា ថៃ វៀតណាម ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី ជាដើម ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ជើងហោះហើរ​ត្រង់​ជា​ច្រើន ដែល​ជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត ហើយ​បាន​និង​កំពុង​ត​ភ្ជាប់​បន្ថែម​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ទៀត ។

ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​បាន​និង​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ដូច​ជា ៖ ១-​ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ ដែល​ចាំបាច់​ត្រូវ​មាន​ធនធានមនុស្ស​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ ក្នុង​នោះ​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ភាសា​ជប៉ុន គឺជា​កត្តា​សំខាន់​មួយ ។ យើង​ក៏​បាន​រៀបចំ​ការ​ប្រកួតប្រជែង​ជ្រើសរើស​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ជប៉ុន​ឆ្នើម​ជា​ប្រចាំ​ផង​ដែរ ហើយ​ក្នុង​ឆ្នាំ​២០១៦​នេះ យើង​គ្រោង​នឹង​រៀបចំ​នៅ​ខែវិច្ឆិកា ។ ២-​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​នានា​ដូច​ជា សណ្ឋាគារ​លំដាប់​ផ្កាយ​៥ សាលសន្និសីទ និង​មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ ភោជនីយដ្ឋាន​ធំ​ៗ ផ្សារ​ទំនើប កន្លែង​លេង​កម្សាន្ត​លក្ខណៈ​គ្រួសារ និង​មជ្ឈមណ្ឌល​កម្សាន្ត​សម្រាប់​មនុស្ស​ពេញវ័យ កីឡា​ទេសចរណ៍ នាវា​ទេសចរណ៍ តំបន់​ទេសចរណ៍​ផ្ទះ​ទី​២ (Second Home Tourist) និង​ទេសចរណ៍​វ័យ​ចំណាស់​នៅ​តាម​តំបន់​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ដូច​ជា រាជធានី​ភ្នំពេញ តំបន់​សៀមរាប​អង្គរ និង​តំបន់ឆ្នេរ ដែល​ត្រូវការ​ចាំបាច់​វិនិយោគិន​មក​បណ្តាក់ទុន​អភិវឌ្ឍន៍​ផលិតផល​ទាំងអស់​ខាងលើ ៕