ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើ​កាត ATM ទាំងអស់​អាច​ដក​ប្រាក់​ធនាគារ​ផ្សេង​បាន តែ​ត្រូវ​ឱ្យ​បង់​សេវា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ធនាគារជាតិ​នៃ​កម្ពុជា​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ Central Shared Switch ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​កាត​អេ​ធី​អឹ​ម​ទាំងអស់​អាច​ដក​ប្រាក់​បាន​ពី​ធនាគារ​ផ្សេង​ៗ​ដោយ​សេរី​បាន​នោះ ប៉ុន្តែ​

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ធនាគារជាតិ​នៃ​កម្ពុជា​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ Central Shared Switch ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​កាត​អេ​ធី​អឹ​ម​ទាំងអស់​អាច​ដក​ប្រាក់​បាន​ពី​ធនាគារ​ផ្សេង​ៗ​ដោយ​សេរី​បាន​នោះ ប៉ុន្តែ​ពួក​គេ​ក៏​តម្រូវ​ឲ្យ​មានការ​បង់ប្រាក់​លើ​ការ​ប្រើប្រាស់​សេវាកម្ម​នោះ​ផង​ដែរ ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក អុ​ិ​ន ចាន់​នី បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ម្សិលមិញ​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Central Shared Switch របស់​ធនាគារជាតិ គឺ​អាច​ឲ្យ​ធនាគារ​ទាំងអស់​ត​ភ្ជាប់​ជាមួយ​គ្នា ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ដក​ប្រាក់​នៅ​ធនាគារ​ណា​ក៏​បាន ។ ការ​អនុវត្ត​សេវា​បែប​នេះ​ជា​ការ​ល្អ ព្រោះ​នៅ​កម្ពុជា​មាន​ធនាគារពាណិជ្ជ និង​ធនាគារ​ឯកទេស​សរុប​ចំនួន​៥១ ហើយ​ធនាគារ​នីមួយ​ៗ​មាន​ទូ​អេ​ធី​អឹ​ម​រៀងខ្លួន ។

លោក​មាន​ប្រសាសន៍​ថា ៖ « ការ​អនុញ្ញាត​បែប​នេះ​មាន​ភាព​ងាយស្រួល ប៉ុន្តែ​អ្នក​ប្រើប្រាស់​កាត​អេ​ធី​អឹ​ម​ដែល​ចង់​ដក​ប្រាក់​នៅ​ធនាគារ​ផ្សេង ពួក​គេ​ត្រូវ​បង់​សេវាកម្ម​ពី​ការ​ប្រើប្រាស់​សេវា​របស់​ពួក​គេ ។ ប៉ុន្តែ​ពួក​គេ​នឹង​មិន​ចំណាយ​សេវា​នោះ​ទេ បើ​ដក​ប្រាក់​ពី​ធនាគារ​ដែល​ពួក​គេ​ដាក់​ប្រាក់​ផ្ទាល់ » ។

លោក​បន្ត​ថា ៖ « នេះ​ជា​ផែនការ​ជំហាន​ដំបូង ព្រោះ​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​ផែនការ​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​បែប​នេះ​នៅ​ពេល​អនាគត ប៉ុន្តែ​អ្វី​សំខាន់ គឺ​ប្រព័ន្ធ​ថ្នាក់​ជាតិ​របស់​យើង​រួចរាល់​សិន » ។

លោក​បន្ត​ទៀត​ថា រហូត​មក​ទល់​ពេល​នេះ ធនាគារពាណិជ្ជ និង​ធនាគារ​ឯកទេស​សរុប​ទាំងអស់​បាន​រៀបចំ​ខ្លួន​រួចរាល់​ហើយ​ដើម្បី​អនុវត្ត​ការ​ប្រើប្រាស់​សេវាកម្ម​រួម​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​នេះ​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​អតិថិជន​ធនាគារ​ទាំងអស់​អាច​ប្រើប្រាស់​ប័ណ្ណ​ឥណ​ពន្ធ ឬ​កាត​អេ​ធី​អឹ​ម​ដក​ប្រាក់ និង​ទូទាត់​តាម​ទីផ្សារ ទោះ​ម៉ាស៊ីន​អេ​ធី​អឹ​ម​នោះ​មិនមែន​ជា​របស់​គ្រឹះស្ថាន​ធនាគារ​ខ្លួន​ក៏​ដោយ ។ ជាមួយ​គ្នា​នេះ ការ​ទូទាត់​តាម​រយៈ​ទូរស័ព្ទ និង​ទិញ​ទំនិញ​តាម​អន​ឡាញ នឹង​ធ្វើ​ឡើង​ដោយ​ងាយស្រួល មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា ប្រព័ន្ធ​បែប​នេះ​ត្រូវ​បាន​គេ​អនុវត្ត​ជា​យូរ​មក​ហើយ​នៅ​ប្រទេស​ជឿនលឿន​នានា ប៉ុន្តែ​អ្វី​សំខាន់​ថា តើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នីមួយ​ៗ​អាច​ធ្វើ​បាន​ឬ​នៅ ។ លោក​ថ្លែង​ថា ៖ « ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​សេវា​ទូទាត់​សាច់ប្រាក់​រួម​បែប​នេះ វា​ជួយ​សម្រួល​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ប៉ុន្តែ​ការ​ប្រើប្រាស់​សេវា​បែប​នេះ អតិថិជន​នឹង​ត្រូវ​បង់ថ្លៃ​សេវា ប្រសិនជា​ពួក​គេ​ប្រើប្រាស់​ការ​ទូទាត់​នៅ​ធនាគារ​ផ្សេង​ក្រៅពី​ធនាគារ​ដែល​ពួក​គេ​ដាក់​សាច់ប្រាក់ » ៕