ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ជើង​ចាស់ សាន ផានិត ចូល​បន្ទប់សង្គ្រោះបន្ទាន់ ក្រោយ​ជួប​ជំងឺ​ធ្ងន់ធ្ងរ​២​មុខ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ជើង​ចាស់​លោក សាន ផានិត ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​បន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​ចំនួន​២​បាន​ធ្វើ​អោយ​លោក​ធ្វើទុក្ខ ហើយ​តម្រូវ​អោយ​មានការ​វះកាត់​ភ្លាម​ៗ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជើង​ចាស់​លោក សាន ផានិត ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​បន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​ចំនួន​២​បាន​ធ្វើ​អោយ​លោក​ធ្វើទុក្ខ ហើយ​តម្រូវ​អោយ​មានការ​វះកាត់​ភ្លាម​ៗ​តែ​ម្តង​។

យ៉ាងណា ក្រោយ​ពី​ការ​ជួយ​សង្គ្រោះ​ពី​ក្រុម​គ្រួ​ពេទ្យ​បាន​ទាន់​ពេលវេលា តារាចម្រៀង​រូប​នេះ​បាន​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ហើយ តែ​ត្រូវ​បន្ត​ការ​តាមដាន​ពី​ក្រុម​គ្រូពេទ្យ​នៅឡើយ​។ ដំណឹង​ពី​ការ​ចូល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​របស់​លោក សាន ផានិត នា​ពេល​នេះ ត្រូវ​បាន​ប្រកាស​អោយ​ដឹង​ពី​លោក សុះ ម៉ាច ដែល​លោក​បាន​ជួប​តារាចម្រៀង​រូប​នេះ​ដោយ​ចៃដន្យ​នៅ​ឯ​មន្ទីរពេទ្យ​។

លោក សុះ ម៉ាច បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា «​ហ៊ឺ​! ចៃដន្យ​ម្ល៉េះ​! ថ្ងៃនេះ លោក សាន ផានិត ក៏​ចូល​សង្គ្រោះ​បន្ទាន់ វះកាត់​ក្រលៀន ដាក់​រ៉ឺ​ស័​របេះ​ដូង ក្នុង​បន្ទប់​ជាមួយ​អ្នក​ម្តាយ និង​មីង​របស់ខ្ញុំ​ដែរ​»​។

លោក​ថា «​តែ​លោក​សំណាងល្អ ផុត​គ្រោះថ្នាក់​ហើយ ដោយសារ​បាន​លោកគ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ប៉ុន្តែ​ត្រូវ​នៅ​បន្ត​សម្រាក​តាមដាន​ព្យាបាល​ជំងឺ​តទៅ​ទៀត​។ សូម​បួងសួង​ដល់​ព្រះ ព្រមទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ប្រទាន​ពរ​ដល់​សម្លាញ់​ផានិត អ្នក​ម្តាយ រួម​ទាំង​មីង​ខ្ញុំ ឆាប់​ជា​សះស្បើយ និង​សំណាងល្អ​ទាំងអស់​គ្នា​»​។

ក្រោយ​ពេល​លោក សុះ ម៉ាច បាន​បង្ហោះ​សារ​រួម​ជាមួយនឹង​រូបភាព​លោក សាន ផានិត កំពុង​សម្រាក​នៅ​លើ​គ្រែ​មន្ទីរពេទ្យ​នោះ​មក គេ​ឃើញ​មាន​ទស្សនិកជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បទ​ចម្រៀង​លោក សាន ផានិត បាន​នាំ​គ្នា​ជូនពរ​អោយ​តារាចម្រៀង​រូប​នេះ ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​។

ជា​ការ​កត់សម្គាល់ អាកា​រៈ​ជំងឺ​របស់​ម្ចាស់​បទ «​ទូរស័ព្ទ​ប្រាប់​ផង​» លោក សាន ផានិត នា​ពេល​នេះ បាន​ចាប់ផ្តើម​កើត​មាន​ឡើង​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ហើយ ដែល​ធ្វើ​អោយ​លោក​ឈាន​ទៅ​ដល់​ការ​វះកាត់​ភ្លាម​ៗ​បែប​នេះ​។ យ៉ាងណា ផ្តើម​ពី​ជំងឺ​ខាងលើ​នេះ ទំនងជា​អាច​ពាក់ព័ន្ធ​នា​ពេល​កន្លង​មក ដែល​លោក​បាន​សារភាព​ថា លោក​ធ្លាប់​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ហា​គ្រឿង​ញៀ​.​ន ដែល​ធ្វើ​អោយ​លោក​បាន​បាត់​មុខ​ពី​វិស័យ​សិល្បៈ​មួយ​រយៈ​ធំ​។

យ៉ាងណា ក្រោយ​ពេល​ដែល​លោក​អាច​ផ្តាច់​គ្រឿង​ញៀ​.​ន និង​បាន​កែប្រែ​ជីវិត​ថ្មី​នោះ លោក សាន ផានិត ក៏​បាន​កសាង​គ្រួសារ​មួយ​ដែល​មក​ទល់​នា​ពេល​នេះ លោក​ទទួល​បាន​ចំណងដៃ​កូន​២​នាក់​រួច​ហើយ​។ លោក សាន ផានិត ក៏​បាន​ផ្តើម​ចេញ​មុខ​ក្នុង​វិស័យ​សិល្បៈ​ជា​បណ្តើរ​ៗ​ឡើង​វិញ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ពេល​ក្រៅពី​ការងារ​សិល្បៈ​លោក​ក៏​បាន​បើកហាង​លក់​ស្បែកជើង​ជជុះ​ក្បាល​គីប​មួយ​កន្លែង​ផង​ដែរ នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ