ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​បាន​ទេ​! លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន វិល​មក​វិញ​ហើយ ជាមួយនឹង​ការ​អបអរ​ពី​អ្នកគាំទ្រ

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារាចម្រៀង​លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន បាន​វិល​មក​កាន់​អាជីព​សិល្បៈ​របស់​ខ្លួន​ឡើង​វិញ​ហើយ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន បាន​វិល​មក​កាន់​អាជីព​សិល្បៈ​របស់​ខ្លួន​ឡើង​វិញ​ហើយ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។ យ៉ាងណា ការ​វិល​មក​រក​ក្បាល​មេក្រូ​របស់​លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន នា​ពេល​នេះ គឺ​លោក​មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​ផលិតកម្ម​ចាស់​ឡើយ ពោល​គឺ​លោក​មក​ជ្រក​នៅ​ផលិតកម្ម​ថោ​ន​ដដែល​។

ការ​វិល​ត្រឡប់​មក​រក​អាជីព​របស់​លោក​នា​ពេល​នេះ គេ​សង្កេត​ឃើញ​ថា លោក​នៅ​តែ​ទទួល​បានការ​សាទរ និង​គាំទ្រ​ពី​សំណាក់​ប្រិ​យ​មិត្ត​ជា​ច្រើន​ដដែល បើ​ទោះបីជា​លោក​បាន​បាត់​មុខ​មួយ​ខ្យល់​ធំ​ក៏​ដោយ​។

ផលិតកម្ម​ថោ​ន បាន​ប្រកាស​ពី​ការ​វិល​ត្រឡប់​របស់​លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន កាលពី​ពេល​ថ្មី​នេះ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន ដោយ​អម​ជាមួយនឹង​បទ​ចម្រៀង​ទី​មួយ​របស់​តារាចម្រៀង​រូប​នេះ ដែល​មាន​ចំណងជើង​ថា «​បិទ​ទំព័រ​សេ​ដ​»​។

ការ​ប្រកាស​ពី​ការ​វិល​ត្រឡប់​នេះ បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​រូប​លោក​ជា​ច្រើន​បាន​សម្តែង​ការ​សប្បាយ​រីករាយ និង​នៅ​តែ​សរសើរ​ពី​ទឹកដម​សម្លេង​របស់​លោក​ថា នៅ​តែ​រក្សា​នៅ​ភាព​ដើម ខណៈ​ពេល​មាន​ទស្សនិកជន​ក៏​បាន​ជជីក​សួរ​ពី​ការ​បាត់​មុខរប​ស់លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន ផង​ដែរ​។ ទោះជា​យ៉ាងណា លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន នៅ​មិន​ទាន់​ឃើញ​មានការ​ឆ្លើយ​តប​ណាមួយ​ចំពោះ​ការ​សាកសួរ​ពី​អ្នកគាំទ្រ​រូប​លោក​នៅឡើយ​ទេ​។

ជា​ការ​កត់សម្គាល់ ក្រោយ​ពី​បាន​បង្ហោះ​ខ្លឹមសារ​បទ​ចម្រៀង​ខ្លី​របស់​លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន ពី​ផលិតកម្ម​ថោ​ន​នៅ​លើ​បណ្តាញ​សង្គម​ត្រឹម​រយៈពេល​ប្រមាណ​២៤​ម៉ោង​តែ​ប៉ុណ្ណោះ គេ​ឃើញ​មាន​អ្នក​ចូល​ស្តាប់​៤៥k ទៅ​ហើយ​។ ទាំងនេះ​បង្ហាញ​ថា បទ​ចម្រៀង​របស់​លោក​នៅ​តែ​មានការ​និយម​ស្តាប់ និង​គាំទ្រ​ពី​សំណាក់​យុវវ័យ​ដដែល បើ​ទោះបីជា​លោក​អាក់​ខានមិនបាន​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ក៏​ដោយ​។

លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន ធ្លាប់​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​គួរសម​ក្នុង​អាជីព​ចម្រៀង​របស់​លោក​កាលពី​ជិត​១០​ឆ្នាំ​មុន ក្នុង​ពេល​ដែល​បទ​ចម្រៀង​របស់​លោក​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​យុវវ័យ​។ ទោះជា​យ៉ាងណា ក្រោយ​ពី​ចាប់​ឈោង​ភាព​ល្បីល្បាញ​ក្នុង​សិល្បៈ​ចម្រៀង​មួយរ​យៈមក លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន បាន​បាត់​មុខ​ឈឹង​ពី​អាជីព​មួយ​នេះ ដោយ​មិនដឹង​មូលហេតុ​។ ទើបតែ​រយៈពេល​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ដែល​ឃើញ​បានឃើញ​លោក​ម្តងម្កាល​នៅ​ក្នុង​ការងារ​សិល្បៈ ក្នុង​ពេល​ដែល​លោក​បាន​កសាង​គ្រួសារ ដោយ​បច្ចុប្បន្ន​លោក​ទទួល​បាន​ចំណងដៃ​កូន​២​រួច​ហើយ​។

កន្លង​មក បើ​ទោះបីជា​លោក​ខក​ខានមិនបាន​ចេញ​បទ​ចម្រៀង និង​ឡើង​ច្រៀង​តាម​ឆាក​តន្ត្រី​នានា​ក៏​ពិតមែន ប៉ុន្តែ​តារាចម្រៀង​រូប​នេះ ក៏​ហាក់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ការងារ​សិល្បៈ​នេះ​ដែរ ពោល​គឺ​លោក​នៅ​តែ​និពន្ធ​បទ​ចម្រៀង​ថ្មី​ៗ​សម្រាប់​តារាចម្រៀង​មួយ​ចំនួន​ច្រៀង​ដាក់​បញ្ចូល​ក្នុង​ខ្សែភាព​យន្ត​ជា​បន្តបន្ទាប់​ផង​ដែរ​។ ទោះជា​យ៉ាងណា គេ​រំពឹង​ថា ការ​វិល​មក​វិញ​ពី​តារាចម្រៀង​ម្ចាស់​បទ «​ម៉ែ​» លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន នា​ពេល​នេះ នៅ​តែ​ទទួល​បាន​ជោគជ័យ និង​ការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ