ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាំ​ដំណាំ​រួម​ផ្សំ​ជា​ផ្នែក​មួយ​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ដើម្បី​បង្កើន និង​ជួយ​សម្រួល​សេដ្ឋកិច្ច​គ្រួសារ ក្រៅពី​ធ្វើស្រែ​បង្កបង្កើន​ផល​ស្រូវ កសិក​មួយ​ចំនួន​បាន​ដាំ​ដំណាំ​បន្ទាប់បន្សំ ដែល​ជា​ផ្នែក​មួយ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ បើ​ទោះបី​ដឹង​ថា ទិន្នផល​

ខេត្ត​ប៉ៃលិន ៖ ដើម្បី​បង្កើន និង​ជួយ​សម្រួល​សេដ្ឋកិច្ច​គ្រួសារ ក្រៅពី​ធ្វើស្រែ​បង្កបង្កើន​ផល​ស្រូវ កសិក​មួយ​ចំនួន​បាន​ដាំ​ដំណាំ​បន្ទាប់បន្សំ ដែល​ជា​ផ្នែក​មួយ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ បើ​ទោះបី​ដឹង​ថា ទិន្នផល​ដែល​ប្រមូល​បាន​មក មិន​ប្រាកដប្រជា​លើ​ទីផ្សារ​ក៏​ដោយ តែ​ក៏​គ្រាន់បើ​ជាង​ទុក​ដី​ទំនេរ​ចោល​ដែរ​។ ជាក់ស្ដែង កសិករ​មួយ​គ្រួសារ​រស់នៅ​ប៉ៃលិន បាន​ដាំ​ស្វាយកែវ​រមៀត​ប្រមាណ​ជាង​១​ពាន់​ដើម ដោយ​ទទួល​បាន​ផល​ជិត​១០០​តោន​លក់​ឲ្យ​ឈ្មួញ​នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង ក្នុង​តម្លៃ​ជាង​១​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ។

អ្នកស្រី ទុ​យ ធា អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ ប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រៀបរាប់​ថា គាត់​បាន​ដាំ​ស្វាយកែវ​រមៀត​ចំនួន​២​ចម្ការ សរុប​ទៅ​ជាង​១​ពាន់​ដើម គឺ​ដាំ​នៅ​ភូមិប​ហ៊ុយ​ជើង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ចំនួន​ជាង​៥០០​ដើម និង​ដាំ​នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ជាង​៦០០​ដើម ។ នៅ​ពេល​ប្រមូល​ផល​ម្ដង​ៗ អ្នកស្រី​ទទួល​បាន​ជិត​១០០​តោន លក់​ឲ្យ​ឈ្មួញកណ្ដាល​នាំ​ទៅ​ប្រទេស​ថៃ ។ 

អ្នកស្រី​និយាយ​ថា ៖ « ខ្ញុំ​បាន​ដាំ​ស្វាយកែវ​រមៀត​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ ដោយ​បាន​ប្រមូល​ផលកាល​ពី​ប៉ុន្មាន​ថ្ងៃមុន​នេះ លក់​ឱ្យ​ឈ្មួញ​បាន​ជាង​៧០​តោន ដោយ​ក្នុង​១​គីឡូក្រាម ខាង​ឈ្មួញ​ខ្មែរ​ទិញ​តម្លៃ​១១​បាត (​ប្រាក់​ថៃ​) ស្មើនឹង​ជាង​១​ពាន់​រៀល ដើម្បី​យក​លក់​បន្ត​ទៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ។ ស្វាយកែវ​រមៀត​របស់ខ្ញុំ​មាន​លក្ខណៈ​ធំ​ថ្លោស​ល្អ ព្រោះ​ដាំ​នៅ​លើ​ដី​មាន​ជីជាតិ ដោយ​១​ផ្លែ​មាន​ទម្ងន់​ជិត​១​គីឡូក្រាម​ឯណោះ ហើយ​ផ្លែ​តូច​ជាងគេ​មាន​ទម្ងន់​ប្រហែល​កន្លះ​គីឡូក្រាម​ដែរ » ។

អ្នកស្រី​បន្ដ​ថា ស្វាយ​ដែល​អ្នកស្រី​ដាំ​នៅ​ភូមិប​ហ៊ុយ​ជើង​នេះ ទើបតែ​ផ្លែ​បាន​រយៈពេល​២​ឆ្នាំ​នេះ​ទេ និង​ចាប់ផ្ដើម​បេះ​លក់​ជា​បណ្តើរ​ៗ​ហើយ បើ​សរុប​ទាំងអស់​បាន​ប្រហែលជា​១០០​តោន ។

អ្នកស្រី​អះអាង​ថា ៖ « ផ្លែស្វាយ​នៅ​ក្នុង​ចម្ការ​ខ្ញុំ​គ្រាន់តែ​ដាក់​អ័រម៉ូន​ឱ្យ​ផ្កា​ប៉ុណ្ណោះ ក្រោយមក​ទុក​ឱ្យ​ផ្លែ​តាម​ធម្មជាតិ ដោយ​មិន​បាន​បាញ់ថ្នាំ​ពង្រីក​ផ្លែ ឬ​ធ្វើ​ឱ្យ​ផ្លែ​ល្អ​ស្រស់​នោះ​ឡើយ ក្រែង​ប៉ះពាល់​ដល់​សុខភាព​អ្នកទិញ​យក​ទៅ​ទទួលទាន » ។   

ដោយឡែក ឈ្មួញ​នាំ​ចេញ​ផ្លែស្វាយ​កែវ​រមៀត​ម្នាក់​ឈ្មោះ ដុំ មុំ ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា របរ​ដើរ​ម៉ៅ​ទិញ​ផ្លែ​ស្វាយ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ ជួប​ផលវិបាក​ខ្លះ ព្រោះ​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បើ​ទោះបីជា​រាជរដ្ឋាភិបាល​ប្រកាស​ថា មិន​យកពន្ធ​នាំ​ចេញ​ផលិតផល​កសិកម្ម​ក៏​ដោយ ក៏​ត្រូវ​បង់​សេវា​ដែរ​។ អ្នកស្រី​ថា ៖ « ការ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​ប្រទេស​ថៃ គឺ​អត់​ដឹក​តាម​រថយន្ត​នោះ​ទេ ព្រោះ​បង់​សេវា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​មាន​តម្លៃ​ខ្ពស់ ។ ដូច្នេះ ខ្ញុំ​សុខចិត្ត​ដឹក​តាម​ម៉ូតូ​វិញ ព្រោះ​បង់​សេវា​តិច​ៗ អាច​សល់​ប្រាក់​មួយ​ចំនួន » ។

អ្នកស្រី​បញ្ជាក់​ថា ៖ « ទីផ្សារ​ផ្លែស្វាយ​ខ្មែរ​នៅ​ក្នុង​ទឹកដី​ថៃ មាន​តម្លៃ​ទៅ​តាម​ប្រភេទ បើ​ផ្លែ​ល្អ​អាច​លក់​បាន​១​គីឡូក្រាម​តម្លៃ​១៥​ទៅ​២០​បាត តែបើ​ផ្លែ​អត់​ល្អ​ទេ គឺ​លក់​បាន​ថ្លៃ​ត្រឹមតែ​១២​ទៅ​១៣​បាត​ប៉ុណ្ណោះ ។ ប៉ុន្តែ​ផ្លែស្វាយ​របស់​កសិករ​ខាងលើ​សម្បូរ​គឺ​ល្អ​ច្រើន ដូច្នេះ ការ​លក់ដូរ​ក៏​មាន​តម្លៃ​ខ្ពស់​ផង​ដែរ » ។

គួរ​រំឭក​ថា ផ្លែស្វាយ​កែវ​រមៀត​ខ្មែរ​បច្ចុប្បន្ន​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន ថៃ និង​វៀតណាម​ជាដើម ដែល​ក្នុង​១​ឆ្នាំ​ៗ​បាន​នាំ​ចេញ​រាប់​ម៉ឺន​តោន ហើយ​នៅ​ពេល​ខាង​មុខ នឹង​ធ្វើការ​នាំ​ចេញ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ដែរ ។

បើ​តាម​ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ លោក​អិុ​ន ឆៃ​វ៉ា​ន បាន​និយាយ​ថា ស្វាយកែវរ​មៀតកំពុង​តែ​មានការ​គាំទ្រ​នៅ​លើ​ទីផ្សារ​បរទេស ហើយ​សមាគម​កំពុង​ជំរុញ​ប្រជា​កសិករ​ដាំ​ស្វាយ ដើម្បី​ទទួលយក​អ្វី​ដែល​ជា​បច្ចេកទេស​ផលិត​ឲ្យ​ស្រប​នឹង​គុណភាព​ស្តង់ដា​ផង​ដែរ​។ លោក​ថា ៖ « ថ្ងៃ​អនាគត សមាគម​រំពឹង​ថា ការ​នាំ​ចេញ​នឹង​អាច​កើន​រហូត​ដល់​៥០​ម៉ឺន​តោន ខណៈ​ជាក់ស្តែង យើង​ទទួល​បាន​តែ​៣០​ម៉ឺន​តោន ហើយ​ទំហំ​ផ្ទៃដី​ដាំ​ស្វាយ​កំពង់ស្ពឺ​បច្ចុប្បន្ន​មាន​ចំនួន​៤៥.០០០​ហិ​កតា និង​អាច​កើនឡើង​រហូត​ដល់​៦​ម៉ឺន​ហិ​កតា​នា​ពេល​អនាគត » ។

លោក អិុ​ន ឆៃ​វ៉ា​ន បញ្ជាក់​ថា ៖ «​គិត​ពី​ខែកញ្ញា ឆ្នាំ​២០១៥ រហូត​ដល់​ខែឧសភា​ឆ្នាំ​នេះ សមាគម​បាន​នាំ​ចេញ​ស្វាយ​ចំនួន​៣០​ម៉ឺន​តោន ទាំង​ស្វាយ​ខុសរដូវ និង​ស្វាយ​ត្រូវ​រដូវ»៕