ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេន ប៊ុ​ន​ថេ​ន ប្រាប់​មូលហេតុ​លែង​ចង់​ឡើង​ប្រដាល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ត្រឡប់​ទទួលយក​ការ​ប្រដាល់​នៅ​លើ​សង្វៀន​ជា​ថ្មី គឺ​កីឡាករ​សេន ប៊ុ​ន​ថេ​ន មិនសូវ​ស្វាហាប់​ដូច​ការ​សន្យា​នោះ​ទេ ជា​ពិសេស​បន្ទាប់​ពី​លោក​ឡើង​ប្រកួត​លើក​ចុង​ក្រោយ​ហើយ​មាន​របួស

រាជធានី​ភ្នំពេញ ៖ ការ​ត្រឡប់​ទទួលយក​ការ​ប្រដាល់​នៅ​លើ​សង្វៀន​ជា​ថ្មី គឺ​កីឡាករ​សេន ប៊ុ​ន​ថេ​ន មិនសូវ​ស្វាហាប់​ដូច​ការ​សន្យា​នោះ​ទេ ជា​ពិសេស​បន្ទាប់​ពី​លោក​ឡើង​ប្រកួត​លើក​ចុង​ក្រោយ​ហើយ​មាន​របួស ។ បើ​ទោះជា​លោក​បានជា​សះស្បើយ ក៏​លោក​នៅ​តែ​មិន​ច្បាស់​ពី​រឿង​ទទួល​ឡើង​ប្រកួត ដែល​អ្នក​ណា​ៗ​ក៏​មើលឃើញ​ថា លោក​មិន​មាន​បំណង​ចង់​ល្បី​ពី​ការ​ឡើង​រេញ​ទៀត​ឡើយ ។

ខុស​ពី​ពេល​សន្យា​ដែល​ថា ក្នុង​ឆ្នាំ​២០១៦​នឹង​ទទួល​ឡើង​រេញ ហើយ​ធ្វើ​ជា​កីឡាករ​ឱ្យ​សកម្ម​នៅ​លើ​សង្វៀន កីឡាករ​សេន ប៊ុ​ន​ថេ​ន បែរជា​ទទួល​ឡើង​ប្រកួត​តិចតួច​បំផុត ហើយ​បន្ទាប់​ពី​មាន​របួស​ក្នុង​ការ​ប្រកួត​លើក​ចុង​ក្រោយ​ក៏​បាត់​មុខ​មិន​ទទួល​ឡើង​រេញ​តែ​ម្ដង ។ មន្ត្រី​ជា​អ្នក​ផ្គូផ្គង​គ្រប់​ប៉ុស្ដិ៍​បាន​អះអាង​ថា លោក សេន ប៊ុ​ន​ថេ​ន ត្រូវ​ខាង​ស្ថាប័ន​ចង់ឱ្យ​ឡើង​ប្រកួត​ជាមួយ​ថៃ​ញឹក​ណាស់ ប៉ុន្តែ​មក​ពី​គេ​មិន​ទទួល​ទើប​មិន​ដែល​មានការ​ប្រកួត​ណាមួយ​រវាង​កីឡាករ​រូប​នេះ​និង​កីឡាករ​ថៃ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា លោក សេន ប៊ុ​ន​ថេ​ន មិន​ទទួល​ការ​ប្រកួត​នោះ​ទេ​ចាប់តាំងពី​លោក​មាន​របួស អ៊ីចឹង​ហើយ​ទើប​សង្វៀន​របស់​លោក​មិន​មានការ​ប្រកួត​ណាមួយ​របស់​សេន ប៊ុ​ន​សេន នៅ​អំឡុង​ចុងឆ្នាំ​២០១៦​នេះ ។ លោក​ថា ខ្លួន​ចង់បាន​ការ​ប្រកួត​របស់​សេន ប៊ុ​ន​ថេ​ន នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ខ្លួន ហើយ​លោក​ក៏​សម្ដែង​ការ​សោកស្ដាយ​ផង​ដែរ​ដែលកីឡាករ​ល្អ​ៗ​ដូច​ជើង​ខ្លាំង​រូប​នេះ​មិនសូវ​ចង់​ប្រកួត និង​ទទួល​ឡើង​រេញ​តិច​បំផុត​ចាប់តាំងពី​លោក​ទទួល​ប្រកួត​ជា​ថ្មី ក្រោយ​ផ្ទុះ​ជម្លោះ​ជាមួយ​វ៉​ន វី​វ៉ា រឿង​ឌឺដង​គ្នា ។ លោក​ថា ការ​ប្រកួត​នា​ពេល​ចុង​ក្រោយ​កាន់តែ​ពិបាក​ស្វែងរក​ជើង​ខ្លាំង ខណៈ​កីឡាករ​ដែល​ភាគី​ថៃ​បញ្ជូន​មក​ក៏​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា ។ លោក​ថា កីឡាករ​ស្រករ​ក្រោយ​ត្រូវ​បាន​បណ្ដុះ​យ៉ាងច្រើន​មិន​ថា​សង្វៀន​របស់​លោក និង​បណ្ដា​សង្វៀន​របស់​ទូរទស្សន៍​ដទៃ​ទេ ប៉ុន្តែ​សមត្ថភាព និង​បទ​ពិសោធន៍​របស់​កីឡាករ​ទាំងនោះ​មិន​ច្រើន​សម​ល្មម​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នោះ​ទេ ទើប​ការ​ប្រកួត​ខ្លះ គឺ​កីឡាករ​កម្ពុជា​តតាំង​មិន​ដល់​ទឹក ហើយ​ធ្វើ​ឱ្យ​អ្នក​រៀបចំ​ឈឺក្បាល ។

លោក​បន្ថែម​ទៀត​ថា អ្នក​ផ្គូផ្គង​កីឡាករ​សឹង​នឹង​អស់​កីឡាករ​ខ្លាំង​ៗឡើង​ប្រកួត​ទៅ​ហើយ បន្ទាប់​ពី​ជើង​ខ្លាំង​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ដូច​ជា​សេន ប៊ុ​ន​ថេ​ន​, វ៉​ន វី​វ៉ា និង​បឺត ខាំ ជាដើម​លែង​ចង់​ឡើង​រេញ ។ លោក​ថា បញ្ហា​ដកខ្លួន​របស់កីឡាករ​បណ្ដាល​មក​ពី​ប្រាក់​តម្លៃ​ខ្លួន ប៉ុន្តែ​លោក​ថា ស្ថានភាព​ប្រដាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មិន​អាច​ដំឡើង​ប្រាក់​ប្រកួត​ឱ្យ​ខ្ពស់​ស្មើនឹង​ការ​ប្រកួត​ក្រៅ​ស្រុក​បាន​ទេ ដោយសារ​តែ​ស្ព​ន​ស័​រដែ​ល​បាន​ជ្រោមជ្រែង​មិន​បាន​ផ្ដល់​ការ​ឧបត្ថម្ភ​ច្រើន​ដូច​គ្នា​នឹង​នៅ​ក្រៅ​ប្រទេស ។ លោក​ថា ថ្លែង​ស្រប​នឹង​លោក​នាង ស៊ី​វត្ថា អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​នៅ​ទូរទស្សន៍​បាយ័ន​ថា ហេតុផល​ប្រជាជន​កម្ពុជា​ជា​អតិថិជន​របស់​ទូរទស្សន៍​មាន​ចំនួន​មិន​ស្មើ​ប្រទេស​ជិតខាង​គឺជា​បញ្ហា​ចម្បង ដែល​កម្ពុជា​មិន​អាច​ទទួល​បាន​ទឹកប្រាក់​ពី​អ្នក​ស្ព​ន​ស័​រ​ស្មើ​ប្រទេស​ជិតខាង ។ លោក​ថា ប្រជាជន​៧០​ទៅ​៨០​លាន​នាក់ ដូច្នេះ​បណ្ដា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​គេ​មិន​ខ្លាច​នោះ​ទេ​ក្នុង​ការ​ផ្ដល់​តម្លៃ​ឱ្យ​ច្រើន​លាន​ដុល្លារ​ក្នុង​ការ​ជ្រោមជ្រែង​ការ​ប្រដាល់​នីមួយ​ៗ ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​កម្ពុជា ម្ចាស់​ក្រុមហ៊ុន​ដដែល​គេ​មិនសូវ​ហ៊ាន​ខ្ពស់​នោះ​ទេ ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​តិច​លាន ដែល​មាន​ន័យ​ថា គេ​ផ្សព្វផ្សាយ​នៅ​តាម​ទូរទស្សន៍​កម្ពុជា​ក៏​មិន​លក់ដាច់​ខ្លាំង​ដូច​ផ្សាយពាណិជ្ជកម្ម​នៅ​តាម​បណ្ដា​ប្រទេស​ដែល​មាន​ពលរដ្ឋ​ច្រើន​ៗ ។ លោក​ស្វាគមន៍​ការ​ឡើង​ប្រដាល់​របស់​សេន ប៊ុ​ន​ថេ​ន ជា​ថ្មី ដោយ​លោក​ប្រកាស​ថា បើ​កីឡាករ​រូប​នេះ​ទទួលយក​ការ​ប្រដាល់​ពិតមែន គឺ​គ្រាន់តែ​ក្អក​មិន​ខ្វះ​ការ​ផ្គូផ្គង​តែ​ម្ដង ។ លោក​ថា ហេតុផល​បាត់​មុខ​ជើង​ខ្លាំង​ល្អ​នា​ពេល​ចុង​ក្រោយ​នោះ​ហើយ ដែល​លោក​សម្រេចចិត្ត​ផ្គូផ្គង​កីឡាករ​ល្បី​ៗ​ដែល​នៅ​បន្ត​ការ​ប្រដាល់​ញឹកស្អេក​ដោយសារ​តែ​ខ្វះ​ធនធាន​អ្នក​ខ្លាំង ។

ជើង​ខ្លាំង​លំដាប់​កំពូល​ផ្នែក​ប្រដាល់​កម្ពុជា លោក សេន ប៊ុ​ន​ថេ​ន បាន​អះអាង​ថា លោក​មិន​ទាន់​ច្បាស់​ថា​ខ្លួន​នឹង​ទទួលយក​ការ​ប្រកួត​ជា​ថ្មី​នៅ​ពេល​ណា​ឱ្យ​ប្រាកដ​នោះ​ទេ បើ​ទោះជា​ស្ថានភាព​របួស​របស់​លោក​ហាក់​ធូរស្រាល​ជាង​មុន​៦០​ភាគរយ​ទៅ​ហើយ​ក្ដី ។ លោក​ថា ខ្លួន​ដូច​ដើម​ហើយ ប៉ុន្តែ​មក​ពី​លោក​ជាប់ដៃ​បង្ហាត់​ក្មេង​រក​ពេលទំនេរ​មិនសូវ​បាន ហើយ​ក៏​ដូច​ជា​ខ្ជិល​ចង់​ឡើង​ប្រកួត​ផង ទើប​ចេះ​តែ​រយាល ។ ទោះបី​យ៉ាងណា​លោក​ថា មិន​ឈប់​ប្រដាល់​នោះ​ទេ គឺ​នៅ​តែ​បង្ហាញខ្លួន​យូរ​ៗ​ម្ដង​ដដែល ជា​ពិសេស​បើ​មានការ​ស្នើ​ឱ្យ​លោក​ចេញ​ប្រកួត​ក្រៅ​ស្រុក និង​ការ​ប្រកួត​ក្នុងស្រុក​ជា​ទ្រង់ទ្រាយ​ធំ​ម្ដង​ៗ ។ លោក​ថា ការ​ប្រកួត​ប្រចាំខែ ឬ​ប្រចាំ​អាទិត្យ​គឺ​លោក​មិន​ទទួល​នោះ​ទេ ដោយសារ​តែ​លោក​ក៏​មានការ​ងារ​ច្រើន​នៅ​ក្រៅពី​ការ​ប្រកួត ។

លោក​ជា​គ្រូបង្វឹក​នៅ​ក្លិប​ Prokout ​ហើយលោក​ក៏​ស្ដាយ​ផង​ដែរ ដែល​មាន​របួស​គន្លាក់​ស្មា​ជិត​២​ខែ ធ្វើ​ឱ្យ​ខកខាន​ការ​បង្ហាត់សិស្ស​នៅ​ក្នុង​ក្លិប​នេះ ៕