ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២០ ខេត្តកំពង់ឆ្នាំង​ទទួល​ជ័យ​លា​ភី​លេខ​១

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ទៅ​ចូលរួម​មហោស្រព​បង្ហើរខ្លែង​ខ្មែរ លើក​ទី​២០ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ទៅ​ចូលរួម​មហោស្រព​បង្ហើរខ្លែង​ខ្មែរ លើក​ទី​២០ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ទូ​ទាំង​ប្រទេស​។ នេះ​ជា​មោទនៈភាព​សម្រាប់​ខេត្ត ក៏​ដូច​ជា​សម្រាប់​មន្ត្រី​នៃ​មន្ទីរ និង​អ្នក​ខេត្តកំពង់ឆ្នាំង​ផង​ដែរ​។

លោកស្រី នូ ពុទ្ធ​ធឿ​ន ប្រធាន​ការិយាល័យ អភិវឌ្ឍន៍​វប្បធម៌ នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​រៀបរាប់​ពី​កត្តា ដែល​ធ្វើ​ឲ្យ​ការ​បង្ហើរ​ខ្លែងឯក​ទូ​ទាំង​ប្រទេស ខេត្តកំពង់ឆ្នាំង​ឈាន​ទៅ​រក​ភាព​ជោគជ័យ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ទូ​ទាំង​ប្រទេស​មាន​ដូច​ជា ទី​១-​ខ្លែង​ហោះ​បាន​ល្អ  ទី​២-​សំឡេង​ឮ ហើយ​ពីរោះ និង​ឆ្លង​ឆ្លើយ​គ្នា​បាន​ល្អ ទី​៣-​គំនូរ សោភ័ណ​ភាព រំលេច​ទៅ​ដោយ អត្តសញ្ញាណ​របស់​ខេត្ត មាន​ដូច​ជា​និមិត្តសញ្ញា​ឆ្នាំង រូប​ភ្នំ​ក្រាំង​ដី​មាស និង​ទេសភាព និង​ទី​៤- រួម​ផ្សំ​សម្លៀក​បំពាក់ របៀប​ជា​ប្រពៃណី​បុរាណ មាន​ខោចែវ ក្រវាត់​ក្រមា​ចង្កេះ ចំណែក​ស្រី​ៗ​ស្លៀក​ហូល និង​ពាក់​អាវយឺត ដែល​ក្រសួង​ផ្តល់ឲ្យ​។

លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យ​ជួយ​គាំទ្រ ចំពោះ​ខ្លែង​ខ្មែរ​យើង​ដែល​ធ្លាប់​មាន​តាំងពី​បុរាណកាល​មក ។ ជាមួយ​គ្នា​នេះ​ដែរ លោកស្រី ប្រធាន​ការិយាល័យ អភិវឌ្ឍន៍​វប្បធម៌ នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ក៏​បាន​បញ្ជាក់​ទៀត​ថា កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​ឱកាស​ទៅ​ចូលរួម​មហោស្រព ប្រឡង​មុខម្ហូប​អាហារ​ខ្មែរ​ថ្នាក់​ជាតិ​ដែល​មាន​១៨ ខេត្ត​ក្រុង​ចូលរួម ខេត្តកំពង់ឆ្នាំង ក៏​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ផង​ដែរ ខាង​បង្អែម​គឺ​ត្រប៉ែ​ស​។

កាល​ណោះ ត្រប៉ែ ខេត្តកំពង់ឆ្នាំង​មានឈ្មោះ​(​ត្រប៉ែ​ស្រែ​ថ្មី​)​។ ចំណែក​មុខម្ហូប ២​មុខ​ទៀត មិន​ទទួល​បាន​ចំណាត់​ទេ កាល​ណោះ វិញ្ញាសា គឺ​សម្ល​ទំពាំង​។ ខេត្តកំពង់ឆ្នាំង​បាន​ស្ល​ទំពាំង​ដោយ​ដាក់ ឈ្មោះ​ថា​(​សម្លប្រហើរ​ទំពាំង​ព្រៃ អណ្តូង​ឬ​ស្សី ភ្នំ​ក្រាំង​ដី​មាស​)  និង​ម្ហូប​មួយ​មុខ​ទៀត​ប្រចាំ​តំបន់ គឺ​ឈ្មោះ (​ប្រហុក​អាំង​ព្រៃ​ខ្មែរ )​។ នេះ​ជា​មោទនភាព ដែល​គ្រាន់តែ​រយៈពេល​ខុស​គ្នា ២០​ថ្ងៃ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បាន​ទទួល​ជ័យ​លា​ភី​លេខ​១ លើ​២​វិញ្ញាសា ទី​១​គឺ​មុខម្ហូប ផ្នែក​បង្អែម និង​ទី​២ បាន​ជ័យ​លា​ភី​លេខ​១ លើ​វិញ្ញាសា បង្ហើរ​ខ្លែងឯក​៕