រាជធានីភ្នំពេញ៖ ត្រឡប់មកជាថ្មីម្តងទៀត! ស្ថានទូតជប៉ុន សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន រៀបចំពិធីបុណ្យផ្កាយ Tanabata ឆ្នាំ២០២២ ក្នុងគោលបំណងបន្តជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និងជប៉ុន ។
នៅថ្ងៃទី០៨ ខែកក្កដា ក្នុងពិធីបើកកម្មវិធីប្រារព្ធពិធីបុណ្យផ្កាយ ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែង ដោយសារជំងឺកូវីដ ១៩ រយៈពេល ២ឆ្នាំមកនេះ ពិធីបុណ្យផ្កាយត្រូវបានប្រារព្ធឡើងតាមរយៈអនឡាញ ដូចនេះថ្ងៃនេះ លោកមានក្តីរំភើបរីករាយ ដែលយើងអាចជួបគ្នានិងប្រារព្ធបុណ្យនេះដោយផ្ទាល់ ។
ឯកឧត្តម Masahiro Mikami បន្តថា៖ « តាណាបាតា ឬបុណ្យផ្កាយ ជាបុណ្យប្រពៃណីជប៉ុនមួយ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ តាមតំណាលរឿង គូស្នេហ៍មួយគូ ត្រូវបានបំបែកដោយទន្លេអាម៉ាណុហ្គាវ៉ា ហើយអាចជួបគ្នាបានតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី៧ ខែកក្កដា។ នៅថ្ងៃតាណាបាតា ប្រជាជនជប៉ុននាំគ្នាសរសេរបំណងប្រាថ្នារបស់ខ្លួននៅលើចម្រៀកក្រដាសពណ៌ចម្រុះ ហើយចងព្យួរទៅនឹងដើមឬស្សីដែលមានការតុបតែងយ៉ាងស្រស់ស្អាត» ។
ឯកឧត្តម Masahiro Mikami បន្ថែមថា នៅឆ្នាំក្រោយគឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន-កម្ពុជា ដើម្បីអបអរខួបអនុស្សាវរីយ៍នេះ យើងខ្ញុំត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងបុគ្គលិកពាក់ព័ន្ធនានាជាច្រើន ដើម្បីជម្រុញទំនាក់ទំនងយើងទាំងពីរ តាមរយៈកម្មវិធីវប្បធម៌នានា ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា៖ «សកម្មភាពនានានៃការសរសេរពីបំណងប្រាថ្នាទៅដាក់ព្យួរនឹងដើមឬស្សី ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ សម្រាប់ការបួងសួងសុំឱ្យពិភពលោកទាំងមូលចៀសផុតពីជំងឺកូវីដ ១៩ ។ ហើយព្រឹត្តិការណ៍ពិធីបុណ្យផ្កាយ Tanabata ២០២២ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌» ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖ «ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមដោយផ្ទាល់ និងសូមអបអរសាទរពិធីបុណ្យផ្កាយ ឆ្នាំ២០២២ ដែលជាកម្មវិធីវប្បធម៌មួយរបស់ប្រទេសជប៉ុន និងតែងតែប្រារព្ធឡើងរៀងរាល់ឆ្នាំ នៅក្នុងខែកក្កដា។ ជាថ្មីម្តងទៀត នៅឆ្នាំ២០២២នេះ ខ្ញុំសូមចូលរួមអបអរសាទរពីចម្ងាយ ជាមួយនឹងប្រទេសជប៉ុន និងប្រជាជនជប៉ុន» ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ ២០០៤ មក ពិធីបុណ្យផ្កាយ Tanabata ជាផ្នែកមួយក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសយើងទាំងពីរ និងជាឱកាសសម្រាប់ឱ្យយុវជន បានស្វែងយល់អំពីការប្រមូលផ្តុំ និងការចែករំលែកនូវវប្បធម៌ចម្រុះ រវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ញើសាររំលែកទុក្ខក្រុមគ្រួសារ រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ផងដែរ ។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យផ្កាយ Tanabata ត្រូវបានប្រារព្ធចាប់ពីថ្ងៃទី០៨-០៩ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា នៅតាមទីតាំងនានា ៕
ចែករំលែកព័តមាននេះ