ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC នៅ​តែ​ជំរុញ​ឱ្យ​មីក្រូហិរញ្ញវត្ថុ​បង្កើន​ការ​ប្រើប្រាស់​ប្រាក់​រៀល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា ហៅ​កាត់​ថា NBC បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​បង្កើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​របស់​ខ្លួន ដើម្បី​លើកកម្ពស់​ឧត្តមភាព​រូបិយប័ណ្ណ​ជាតិ ។

រាជធានី​ភ្នំពេញ ៖  ធនាគារជាតិ​នៃ​កម្ពុជា ហៅ​កាត់​ថា NBC បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​បង្កើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​របស់​ខ្លួន ដើម្បី​លើកកម្ពស់​ឧត្តមភាព​រូបិយប័ណ្ណ​ជាតិ ។ 

យោង​តាម​សេចក្តី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ធ្នូ ធនាគារ​នេះ​បាន​តម្រូវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFI) ទាំងអស់​ត្រូវ​មាន​ផលប​ត្រ​កម្ចី​១០​ភាគរយ​ជា​រូបិយប័ណ្ណ​ក្នុងស្រុក ដែល​ជា​វិធានការ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល ។ ប្រកាស​ដែល​អនុវត្ត​ចំពោះតែ MFI បាន​ចូល​ជា​ធរមាន​ចាប់តាំងពី​ដើមខែ​នេះ ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​មាន​រយៈពេល​៣​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​គោលនយោបាយ​នេះ ។

ការ​ផ្តល់​ឥណទាន​ជា​រូបិយ​វត្ថុ​ជាតិ ត្រូវ​មាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​គ្រឹះស្ថាន ហើយ NBC អាច​តម្រូវ​ឲ្យ​MFI បង្កើន​ការ​ផ្តល់​ឥណទាន​ជា​រូបិយ​វត្ថុ​ជាតិ​បន្ថែម​ទៀត​ស្រប​តាម​ការ​ចាំបាច់ ។

លោក ស៊ី​ម សេនា​ជាតិ អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​ថ្លែង​ថា ៖ « ពី​មុន​មក​មានការ​ផ្តល់​ឥណទាន​ជា​ប្រាក់​រៀល​ច្រើន​ជាង​ដុល្លារ ។ ប៉ុន្តែ​ក្រោយមក យើង​ពិបាក​រក​ឥណទាន​ជា​លុយ​រៀល និង​មាន​អត្រា​ការ​ប្រាក់​ថ្លៃ ទើប​យើង​ខ្ចី​ឥណទាន​ភាគច្រើន​ពី​បរទេស​ជា​ប្រាក់​អឺ​រ៉ូ និង​ប្រាក់​ដុល្លារ ។ អត្រា​ទូទាត់​ឥណទាន​នៅ​ប្រា​សាក់​មាន​ប្រមាណ​៥​ភាគរយ​ជា​ប្រាក់​រៀល ។ ប៉ុន្តែ​យើង​រំពឹង​នឹង​ប្រើប្រាស់​ប្រាក់​រៀល​បាន​ច្រើន​ជាង​មុន ដោយសារ​បច្ចុប្បន្ន​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​លក់​លុយ​ខ្មែរ​ច្រើន » ។

លោក​បន្ត​ថា ៖ « ការ​ប្រើប្រាស់​ប្រាក់​រៀល វា​ជា​ការ​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ ផ្ទុយ​ទៅ​វិញ បើ​យើង​ពឹងផ្អែក​រូបិយប័ណ្ណ​បរទេស​ច្រើន វា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​យើង​ងាយ​រង​ផល​ប៉ះពាល់ នៅ​ពេល​ប្រាក់​របស់​គេ​មាន​បញ្ហា ព្រោះ​យើង​ពឹងផ្អែក​លើ​គេ ។ បច្ចុប្បន្ន ប្រជាជន​យើង កាន់តែ​មាន​ទំនុកចិត្ត​លើ​ប្រាក់​រៀល​ច្រើន​ជាង​មុន ដោយសារ​អត្រា​ប្តូរ​ប្រាក់​របស់​យើង​មាន​ស្ថិរ​ភាពល្អ » ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ជា​គោលការណ៍ រាជរដ្ឋាភិបាល​ចង់​បន្ថយ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​នៅ​កម្ពុជា ។ ដូច្នេះ វិធានការ​ដាក់​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ជា​ច្រើន ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​សេដ្ឋកិច្ចជាតិ​។ ប្រទេស​នីមួយ​ៗ​ចង់​ប្រើប្រាស់​លុយ​ខ្លួនឯង ដូច​ប្រទេស​មួយ មាន​ធម្មនុញ្ញ​មួយ ។ ដូច្នេះ ការ​ធ្វើ​សន្សឹម​ៗ កុំ​បង្ខំ​គេ គេ​ជឿ​មិន​ជឿ ជា​រឿង​អន្តរកាល តែបើ​គិត​ពី​ផលប្រយោជន៍​ជាតិ​យូរអង្វែង​កម្ពុជា​ត្រូវ​ប្រើប្រាស់​ប្រាក់​រៀល ។

លោក​បណ្ឌិត​បន្ត​ថា ៖ « វិធានការ​នេះ​ជា​រឿង​ល្អ និង​កំពុង​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​ដើម្បី​ផលប្រយោជន៍​ប្រទេស​យើង​ទៅ​ថ្ងៃក្រោយ និង​ជា​មូលដ្ឋាន​សម្រាប់​កសាង​គ្រឹះ​សេដ្ឋកិច្ច​ជាតិ​។ ដើម្បី​ឲ្យ​គេ​ជឿ​ទុកចិត្ត​លើ​ប្រាក់​របស់​យើង​ទាល់តែ​យើង​ធ្វើ និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត » ៕