ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​ភាពយន្ត​បុរាណ​​ដែលរក្សា​ទុក​រូបរាង​ដើម​ និង​ជា​កន្លែង​អនុស្សាវរីយ៍​គូស្នេហ៍​វ័យ​ចំណាស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មតិ​ជា​ច្រើន​លើក​ឡើង​ថា រោង​ភាពយន្ត​លុ​ច្ស​ហាក់​នៅ​មិន​ទាន់​កែប្រែ​ធ្វើ​ភាពយន្ត​ឲ្យ​ទំនើប​ទាន់សម័យ​នៅឡើយ ។ រោងកុន​លុ​ច្ស​មិនមែន​គ្មាន​ល​ទ្ឋ​ភាព​កែ​លម្អ​ទេ តែ​ចង់​រក្សា​ទុក​អ្វី​ដែល​ជា​របស់​ចំណាស់

រាជធានី​ភ្នំពេញ ៖ មតិ​ជា​ច្រើន​លើក​ឡើង​ថា រោង​ភាពយន្ត​លុ​ច្ស​ហាក់​នៅ​មិន​ទាន់​កែប្រែ​ធ្វើ​ភាពយន្ត​ឲ្យ​ទំនើប​ទាន់សម័យ​នៅឡើយ ។ រោងកុន​លុ​ច្ស​មិនមែន​គ្មាន​ល​ទ្ឋ​ភាព​កែ​លម្អ​ទេ តែ​ចង់​រក្សា​ទុក​អ្វី​ដែល​ជា​របស់​ចំណាស់ ហើយ​កែប្រែ ខ្លះ​ៗ​ប៉ុណ្ណោះ ។

រោង​ភាពយន្ត​ដ៏​ល្បី​ដែល​កើតឡើង​ក្នុង​អំឡុង​សម័យ​អាណានិគមនិយម​បារាំង គឺ​រោងកុន​លុ​ច្ស បាន​ក្លាយជា​រោងកុន​បែប​បុរាណ​តែ​មួយ​គត់​នៅ​កម្ពុជា​ដែល​បើក​ដំណើរការ​រហូត​មក​ដល់​បច្ចុប្បន្ន ។ បើ​ទោះបីជា​បំពាក់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ក្តី ក៏​រោង​ភាពយន្ត​នេះ​មិន​ផ្លាស់​ប្តូរ​រូបរាង​ឡើយ ដើម្បី​បន្ត​អភិរក្ស និង​ចូលរួម​គាំទ្រ​វិស័យ​ភាពយន្ត​ខ្មែរ ។

ការ​លើក​ឡើង​នេះ​ក្រោយ​ពី​រោង​ភាពយន្ត​លុ​ច្ស​ដែល​ចំណាស់​ជាងគេ​នៅ​កម្ពុជា​រៀបចំ​ទីតាំង​អង្គុយ បច្ចេកវិទ្យា​សំឡេង និង​ម៉ាស៊ីន​ចាក់​បញ្ចាំង​ឲ្យ​ដើរ​ទាន់​រោង​ភាពយន្ត​ទំនើប​ដូច​រោង​ភាពយន្ត​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍ គឺ​រោង​ភាពយន្ត​នេះ​បាន​ក្លាយជា​ទីកន្លែង​រំលឹក​អនុស្សាវរីយ៍​របស់​គូស្នេហ៍​វ័យ​ចំណាស់​ជា​ច្រើន ។
អ្នកគ្រប់គ្រង​រោង​ភាពយន្ត​លុ​ច្ស​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ដោយសារ​តែ​ការ​ស្រឡាញ់​ចូល​ចិត្ត និង​ចង់​លើកតម្កើង​តម្លៃ​សិល្បៈ​ភាពយន្ត​ខ្មែរ និង​ចង់​ទុក​រោង​ភាព​យន្ត​​នេះ​ជាទី​កន្លែង​រំលឹក​អនុស្សាវរីយ៍​សម្រាប់​អ្នក​ធ្លាប់​មើល​ភាពយន្ត​កន្លង​មក ទើប​មិន​ដាច់​ចិត្ត​វាយ​កម្ទេច​រោង​ភាពយន្ត​នេះ​ធ្វើ​ជាទី​តាំង​អាជីវកម្ម ផ្សេង​ៗ​។ រោង​ភាពយន្ត​នេះ​បើក​ដំណើរការ​ចាប់តាំងពី​ឆ្នាំ​១៩៣៨​មក ហើយ​ធ្លាប់​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្មែរ ល្បី​ៗ​ពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន ។ អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​ពិបាក​នឹង​សម្រេចចិត្ត​បិទ​រោង​ភាពយន្ត​នេះ គឺ​កន្លង​មក​មាន​គូស្នេហ៍​វ័យ​ចំណាស់​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​មក​មើល​ភាពយន្ត​ដើម្បី​រំលឹក​ពី​អនុស្សាវរីយ៍​គ្រា​ដែល​ពួក​គាត់​នៅ​កំលោះ​ក្រមុំ ។ រោង​ភាពយន្ត​លុ​ច្ស​ត្រូវ​បាន​ចាត់​ទុក​ថា ជាទី​កន្លែង​សម្រាប់​អភិរក្ស និង​ជា​បេតិកភណ្ឌ​មួយ​មិន​គួរ​មើល​រំលង ពិសេស​រោង​ភាពយន្ត​នេះ​បាន​ជួយ​លើកតម្កើង​មុខមាត់​ភាពយន្ត​ខ្មែរ​ដែល​ជាក់ស្តែង​ភាពយន្ត​ខ្មែរ​ដ៏​ល្បី​ចុង​ក្រោយ​គឺ​រឿង​«​កំណត់ហេតុ​នាង​នាថ​» ត្រូវ​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​នេះ​ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​មក ។

លោក​ចាន់​ណា រ៉ូ​ណា​ន់ ផលិតករ​ខ្សែភាពយន្ត​រឿង «​កំណត់ហេតុ​នាង​នាថ​» បញ្ជាក់​ថា លោក​សម្រេចចិត្ត​ជ្រើសរើស​រោង​ភាពយន្ត​លុ​ច្ស​សម្រាប់​ចាក់​បញ្ចាំង​លោក​ព្រោះតែ​លោក​យល់​ថា រោង​ភាពយន្ត​នេះ​នៅ​តែ​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​គ្រប់​ស្រទាប់វណ្ណៈ​។ អ្វី​ដែល​ពិសេស​គឺ​រោង​ភាពយន្ត​នេះ​តែង​ស្វាគមន៍​នូវ​រាល់​ស្នាដៃ​ផលិត​របស់​កូន​ខ្មែរ​ដែល​ជា​ចំណែក​ជួយ​ដល់​ផលិតករ​ក៏​ដូច​ជា​មុខមាត់​ខ្សែភាពយន្ត​ខ្មែរ​។ ក្រៅពី​ជា​រោង​ភាពយន្ត​ចំណាស់​នៅ​កម្ពុជា រោង​ភាពយន្ត​លុ​ច្ស​បាន​បំពាក់​ឧបករណ៍​ទំនើប​ទាន់សម័យ​ទាំង​ទីតាំង និង​សំឡេង​មិន​ចាញ់​រោង​ភាពយន្ត​ទំនើប​នៅ​នានា​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​ទេ​។ ការ​រួមចំណែក​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នៅ​រោង​ភាពយន្ត​លុ​ច្ស​នឹង​បន្ត​ជួយ​គាំទ្រ អភិរក្ស និង​អភិវឌ្ឍ​រោង​ភាពយន្ត​បុរាណ​ចុង​ក្រោយ​នៅ​កម្ពុជា​ឲ្យ​បន្ត​មានជីវិត​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន និង​បាន​ស្គាល់ ហើយ​លោក​ជឿជាក់​ថា ខ្សែភាពយន្ត​របស់​លោក​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​នៅ​ពេល​ចាក់​បញ្ចាំង ៕