រាជធានីភ្នំពេញ ៖ កញ្ញានី មុនីនាថ ជាតួអង្គសំខាន់ក្នុងរឿង«នាងនាថបាត់ដំបង» ជាប្រភេទរឿងខ្មោចត្រូវវិញ្ញាណខ្មោចបង្ហាញខ្លួនឲ្យឃើញជាក់ស្តែង ធ្វើឱ្យនាងភ័យខ្លាចយ៉ាងខ្លាំង ។ រឿងបែបបុរាណថ្មីនេះបានធ្វើពិធីក្រុងពលី កាលពីព្រឹកថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៦ នៅទូរទស្សន៍ប៉ុស្តិ៍លេខ៥ដោយមានការចូលរួមពីក្រុមការងារជាច្រើន ។
ក្នុងពិធីក្រុងពលីមានតារាសម្តែងដូចជាកញ្ញានី មុនីនាថ និងលោកញែម សុគន្ធ ជាតួឯក, កញ្ញាឈុន សុវណ្ណភក្តី, កញ្ញានី តារាវវរង្ស, លោកខាត់ ចំរើន, នាយតឹង, អ្នកស្រីញឹម សុខា និងលោកហេង ដារី ជាដើម ។ ភាពយន្តរឿង «នាងនាថបាត់ដំបង» កញ្ញានី មុនីនាថ សម្តែងជាតួឈ្មោះនាងនាថ ជានារីក្រមុំអាយុ២០ឆ្នាំ មានចរិតស្លូតបូត ។ នាងបានស្រឡាញ់គ្នាជាមួយយុវជនឌីម៉ា ។ នាងនាថស្មោះស្ម័គ្រនឹងស្វាមីទោះស្លាប់ក៏វិញ្ញាណនាងនៅតែរង់ចាំស្វាមី ។
លោកញ៉ែម សុគន្ធ ដើរតួឈ្មោះឌីម៉ា ជាកំលោះអាយុ២០ឆ្នាំ មានចិត្តអំណត់គ្រប់យ៉ាង រកស៊ីលក់ត្បូង ពីខេត្តមួយទៅខេត្តមួយ រហូតដល់ខេត្តបាត់ដំបង ហើយបានជួបនិងស្រឡាញ់គ្នាជាមួយនារីនាងនាថ ។
កញ្ញានីមុនីនាថ ឱ្យដឹងថា «កន្លងមកនាងខ្ញុំថតរឿងខ្មោចច្រើនណាស់ ហើយនិយាយតាមត្រង់ទៅនាងខ្ញុំមានអារម្មណ៍ថាជាមនុស្សដែលខ្លាចខ្មោចបំផុត តែដឹងអីថតរឿង «នាងនាថបាត់ដំបង»នេះស្រាប់តែត្រូវខ្មោច ឬវិញ្ញាណនាងនាថនោះមកផុសរូបឲ្យឃើញមែន ធ្វើឲ្យនាងខ្ញុំតក់ស្លុតមិនស្ទើរនោះទេ ។ តាំងពីថតមកនាងខ្ញុំជួបបានពីរបីដងហើយ ដោយនាងខ្ញុំមិនដឹងថា មានអ្នកជឿ ឬអត់ទេ តែនាងខ្ញុំផ្ទាល់ជួបមែន ដោយគ្រាន់តែបង្ហាញខ្លួនធម្មតាជាមួយឈុតសម្លៀកបំពាក់ដូចសាច់រឿង ។ យ៉ាងណាក្តីនាងខ្ញុំបានបួងសួងសុំសេចក្តីសុខសប្បាយ សូមឲ្យវិញ្ញាណ និងបារមីនាងនាថ ដែលជាដួងព្រលឹងជួយថែរក្សារូបនាងខ្ញុំ ក្រុមការងារឲ្យបានសុខ ហើយសុំខមាលទោសប្រសិនបើមានការឆ្គាំឆ្គង ហើយកុំឲ្យនាងខ្ញុំភិតភ័យអ្វីបន្តទៀតឡើយ ។ អុីចឹងហើយពេលថតមានឈុតខ្មោច នាងខ្ញុំរំពឹងថា នឹងមិនមានអ្វីជួបដូចករណីខាងលើទៀត គឺបានសុខទាំងអស់គ្នាទៅចុះ » ។
លោកញែម សុគន្ធ ជាតួអង្គឯកក្នុងរឿងឲ្យដឹងថា នេះជាលើកទី១ហើយដែលលោក សម្តែងជាមួយនី មុនីនាថ តាំងពីប្រឡូកសិល្បៈមក ។ រំពឹងថា ទស្សនិកជននិងជួយគាំទ្រការសម្តែងរបស់លោកនិងមុនីនាថ ។ «ពួកយើងទាំងពីរនិងរួមគ្នាសម្តែងឲ្យបានល្អ ស្របពេល ម្នាក់ៗមានបទពិសោធន៍ស្រាប់ ទោះមុនីនាថជាសិស្សប្អូន តែទេពកោសល្យសម្តែង គឺល្អគួរឲ្យចាប់អារម្មណ៍ ។ ចំពោះសាច់រឿងនេះមានទាំងភ័យ និងខ្លាចនៅព្រមគ្នាតែម្តង ដែលយើងពិបាកសម្តែងទើបត្រូវការហ្វឹកហាត់ថ្មីមួយទៀតពីអ្នកដឹកនាំ ព្រោះការសម្តែងត្រូវផ្លាស់ប្តូររហូត។ កន្លងមកខ្ញុំមិនមានការជួបខ្មោចលងអ្វីនោះទេ ព្រោះខ្ញុំធ្លាប់ថតរឿងខ្មោចច្រើនដែរ មានតែយើងអុជធូបបន់ស្រន់សុំសុខ ហើយជាក់ស្តែងយើងបានជួបសុខពិតមែន ។ ចំពោះខ្មោចលងវិញ ខ្ញុំផ្ទាល់ជឿ តែអត់ដែលជួបដែរ គឺមិនចង់ជួបនោះឡើយ » ។
ចំពោះក្រុមការងារផលិតរឿងភាគនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានបង្ហាញការចាប់អារម្មណ៍ថារឿង «នាងនាថបាត់ដំបង» ជារឿងមួយអស្ចារ្យសម្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយនេះជាការដកបទពិសោធន៍មួយរបស់តារាកម្ពុជាយើង ដែលបានរួមការងារជាមួយផលិតករ ឬអ្នកដឹកនាំរឿងសម្បូរដោយបទពិសោធន៍ ។ រឿង«នាងនាថបាត់ដំបង» ជារឿងខ្មោច បែបកំប្លែងដែលបង្ហាញពីគុណធម៌ និងអំពើល្អ ។ ទូរទស្សន៍ប៉ុស្តិ៍លេខ៥នឹងជ្រើសរើសតារា ថ្មីៗឲ្យសម្តែង ហើយតារារៀមច្បង ចាស់ៗត្រូវតែរួមគ្នាបង្ហាញបទពិសោធន៍ដើម្បីបានវិវឌ្ឍដោយតួមានទេពកោសល្យកាន់តែ សម្បូរឡើងៗ។ រឿង «នាងនាថបាត់ដំបង» នឹងចាក់បញ្ចាំងក្នុងពេល ឆាប់ៗខាងមុខនេះ ៕
ចែករំលែកព័តមាននេះ