ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ ចិន្តា ទទួល​តំណែង​របស់​នាយ​ពាក់​មី ខណៈ​ក្រុម​កំប្លែង និង​ពិធីករ​បន្ត​ចាក​ចេញពី CTN

1 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​ពេល​នេះ មហាជន​កំពុង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​ផ្ទុះ​ព័ត៌មាន​នៃ​ការ​ដើរ​ចេញពី​ក្រុម​កំប្លែង​នាយ ពាក់ មី និង​បុគ្គលិក​មួយ​ចំនួន​ទៀត​ពី​ស្ថានីយទូរទស្សន៍

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ មហាជន​កំពុង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​ផ្ទុះ​ព័ត៌មាន​នៃ​ការ​ដើរ​ចេញពី​ក្រុម​កំប្លែង​នាយ ពាក់ មី និង​បុគ្គលិក​មួយ​ចំនួន​ទៀត​ពី​ស្ថានីយទូរទស្សន៍ CTN​។ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​អ្នកដឹកនាំ​ថ្មី​របស់ CTN នឹង​មាន​យុទ្ធសាស្ត្រ និង​មានការ​ផ្លាស់​ប្តូរ​អ្នកដឹកនាំ​កម្មវិធី​ថ្មី​បែប​ណា? ពេល​ដែល​បុគ្គលិក​ជើង​ចាស់​នៅ​ទី​នេះ បន្ត​ចាកចេញ​។

យ៉ាងណា ក្រោយ​ពេល​ក្រុម​កំប្លែង​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​ក្រុម​នាយ ពាក់ មី បាន​ដើរ​ចេញ​នោះ ពិធី​ការិនី​ចាស់វស្សា​អ្នក​នាង យុគ្គ ចិន្តា ត្រូវ​បាន​អ្នកដឹកនាំ​ដំឡើង​តួនាទី​ថ្មី​បន្ថែម ដោយនៅ​ក្នុង​នោះ​នាង​ត្រូវ​មក​កាន់​កម្មវិធី «​បាទ​មេ​» ដែល​ជា​កម្មវិធី​ធ្លាប់​សម្តែង​ដោយ នាយ ពាក់ មី ចំណែក​កម្មវិធី​សំណើច​តាម​ភូមិ​ត្រូវ​ជំនួស​ដោយ​លោក ដួង សុខ​គា​។

មិន​ត្រឹមតែ​ទទួល​តំណែង​ដឹកនាំ​កម្មវិធី​ថ្មី​នៅ CTN ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​នាង យុគ្គ ចិន្តា បាន​សន្យា​នឹង​ធ្វើ​អោយ CTN កាន់​រីក​ចម្រើន និង​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ទៀត​ផង​។

អ្នក​នាង យុគ្គ ចិន្តា បាន​លើក​ឡើង​តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា ចាប់តាំងពី​ការ​ចាប់ផ្ដើម​ដំបូង​នៃ​ស្ថានីយទូរទស្សន៍ CTN ក្នុង​រយៈពេល ២០ ឆ្នាំ​មកនេះ នាង​ខ្ញុំ បាន​អភិវឌ្ឍ​ខ្លួន​ពី​ពិធី​ការិនី​ម្នាក់ រហូត​ដល់​កាន់​តួនាទី​ជា​នាយិកា​ត្រួតពិនិត្យ​គុណភាព​។ នាង​បញ្ជាក់​ថា ទោះ​មាន​ឧបសគ្គ​ច្រើន​ក៏​ដោយ ក៏​ខ្ញុំ​តែងតែ​អាច​ជម្នះ​រាល់​ឧបសគ្គ​ទាំងនោះ​បាន ដោយសារ​តែ​មាន​ថ្នាក់ដឹកនាំ CBS ដែល​តែង​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ចំពោះ​បុគ្គលិក និង​ក្រុមការងារ​ដែល​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ក្រុមហ៊ុន​។ នេះ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មាន​មោទកភាព​ខ្លាំង​ឡើង​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​គ្រួសារ CBS ដ៏​កក់ក្ដៅ​នេះ​។

អ្នក​នាង​បន្ថែម​ថា ក្នុង​អាជីព​មួយ​នេះ ខ្ញុំ​មិន​ភ្លេច​ពី​តម្លៃ​របស់​ស្ត្រី ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​សារសំខាន់​នៃ​សមភាព​យែ​ន​ឌ័​រ​នៅ​ក្នុង​កម្មវិធី​មុន​ៗ​នោះ​ទេ ហើយ​កម្មវិធី​ទាំងនេះ បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​សង្គម​ជាតិ​យើង​។ ហើយ​ថ្មី​ៗ​នេះ អ្នកគ្រប់គ្រង​ថ្មី​របស់ CBS បាន​បន្ត​ផ្ដល់​ឱកាស​សម្រាប់​នាង​ខ្ញុំ ដើម្បី​ដឹកនាំ​កម្មវិធី «​បាទ​មេ​» រដូវ​កាល​ទី​២ ដែល​ជា​កម្មវិធី​កំប្លែង​សើច​ចុកពោះ ជាមួយ​តួ​សម្ដែង​ថ្មី និង «​សង្វៀន​ម្ហូប​» ដែល​ផ្ដល់​នូវ​រសជាតិ​ប្លែក​ថ្មី ធ្វើ​ឱ្យ​កម្មវិធី​របស់ CBS លេចធ្លោ​បំផុត​ក្នុង​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ សូម​អរគុណ​ដល់​គ្រួសារ CBS ដែល​បាន​ធ្វើ​ឱ្យ​នាង​ខ្ញុំ មាន​ថ្ងៃនេះ ហើយ​ពួក​យើង​នឹង​ធ្វើ​ឱ្យ CBS កាន់តែ​រីក​ចម្រើន​ជាមួយ​គ្នា​។

ដោយឡែក​សម្រាប់​កម្មវិធី​សំណើច​២​គ្រួសារ ដែល​ចូលរួម​សម្តែង​ដោយ​ក្រុម​កំប្លែង​នាយ ពាក់ មី ស្ទើរ​ទាំង​អស់នោះ នឹង​ទៅ​ជា​យ៉ាងណា​នោះ កោះសន្តិភាព នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ពី​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា វ៉ិ​ច ទ័​រ បាន​នៅឡើយ​ទេ ខណៈ​ពេល​ដែល​លោក គឺជា​អ្នក​ដែល​ដឹកនាំ​កម្មវិធី​ខាងលើ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ