ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​14​ឆ្នាំ ធនធាន​ហិរញ្ញវត្ថុ​បាន​ផ្ទេរ​ឱ្យ​រដ្ឋបាល​ឃុំ​-​សង្កាត់​មាន​ប្រមាណ​ជាង​500​លាន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ឆ្នាំ​២០១៦ ធនធាន​ហិរញ្ញវត្ថុ​ត្រូវ​បាន​ផ្ទេរ​ឲ្យ​រដ្ឋបាល​ឃុំ​-​សង្កាត់​បាន​កើនឡើង​ជិត​១២​ដង បើ​ប្រៀបធៀប​នឹង​ធនធាន​ហិរញ្ញវត្ថុ​ដែល​បាន​ផ្ទេរ​ក្នុង​ឆ្នាំ​២០០២ ។ នៅ​ក្នុង​រយៈពេល​ជាង​១៤​ឆ្នាំ​កន្លង​មកនេះ

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ឆ្នាំ​២០១៦ ធនធាន​ហិរញ្ញវត្ថុ​ត្រូវ​បាន​ផ្ទេរ​ឲ្យ​រដ្ឋបាល​ឃុំ​-​សង្កាត់​បាន​កើនឡើង​ជិត​១២​ដង បើ​ប្រៀបធៀប​នឹង​ធនធាន​ហិរញ្ញវត្ថុ​ដែល​បាន​ផ្ទេរ​ក្នុង​ឆ្នាំ​២០០២ ។ នៅ​ក្នុង​រយៈពេល​ជាង​១៤​ឆ្នាំ​កន្លង​មកនេះ ធនធាន​ហិរញ្ញវត្ថុ​មាន​សរុប​ប្រមាណ​ជាង​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ផ្ទេរ​ឲ្យ​រដ្ឋបាល​ឃុំ​-​សង្កាត់ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ។

ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧-២០២០ នា​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា កន្លង​ទៅ លោក​ទេសាភិបាល​បាន​លើក​ឡើង​ថា ឥឡូវនេះ ថ្នាក់​មូលដ្ឋាន​ឃុំ​-​សង្កាត់​មាន​លទ្ធភាព​គ្រប់គ្រាន់ បន្ទាប់​ពី​មានការ​កែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ហើយ​នៅ​ក្នុង​នោះ​ថ្នាក់​ក្រោម​ជាតិ ក៏​មាន​អាទិភាព​ជា​ច្រើន​ទៀត​ផង​ដែរ រួម​ទាំង​ប្រព័ន្ធ​កសាង​ផែនការអភិវឌ្ឍន៍ កម្មវិធី​វិនិយោគ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការងារ​អាទិភាព​មួយ​ចំនួន​ទៀត ។

លោក​ថ្លែង​ថា ៖ « យោង​តាម​ធនធាន​ហិរញ្ញវត្ថុ​ដែល​បាន​ផ្ទេរ​ឲ្យ​រដ្ឋបាល​ឃុំ​-​សង្កាត់​កន្លង​មក បាន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ គិត​មក​ដល់​ឆ្នាំ​២០១៦ គឺ​កើនឡើង​ជិត​១២​ដង បើ​ធៀប​នឹង​ធនធាន​ហិរញ្ញវត្ថុ​បាន​ផ្ទេរ​ក្នុង​ឆ្នាំ​២០០២ ។ នៅ​ក្នុង​រយៈពេល​ជាង​១៤​ឆ្នាំ​កន្លង​មកនេះ ធនធាន​ហិរញ្ញវត្ថុ​មាន​សរុប​ប្រមាណ​ជាង​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ផ្ទេរ​ឲ្យ​រដ្ឋបាល​ឃុំ​-​សង្កាត់ » ។ ក្រៅពី​នេះ ក៏​មានការ​កៀរគរ​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍​សង្គម​ស៊ី​វិល សប្បុរសជន និង​ការ​ចូលរួម​នានា​ពី​សហគមន៍​នៅ​មូលដ្ឋាន​ជា​ច្រើន​រយ​លាន​ដុល្លារ​ទៀត​ផង ។

តាម​រយៈ​ធនធាន​ហិរញ្ញវត្ថុ​ទាំងនេះ បាន​ធ្វើ​ឲ្យ​ឃុំ​-​សង្កាត់​មាន​លទ្ធភាព​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​រាប់​ពាន់​គម្រោង​ក្នុង​មួយ​ឆ្នាំ​ៗ ដូច​ជា ការ​កសាង​ផ្លូវ​ជនបទ ស្ពាន អណ្ដូងទឹក ស្រះ​ទឹក ប្រព័ន្ធ​ធារាសាស្ត្រ សាលារៀន ប៉ុស្ដិ៍​សុខភាព  និង​ការ​ផ្ដល់​សេវា​សង្គម ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ចាំបាច់​របស់​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​ជា​ការ​រួមចំណែក​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ។

លោក ជា ចាន់​តូ បាន​បញ្ជាក់​ថា ៖ «​គោលនយោបាយ​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧-២០២០ មាន​គោលដៅ​សំខាន់ គឺ​ដើម្បី​អភិវឌ្ឍ​ឃុំ​-​សង្កាត់ ដែល​ត្រូវ​បាន​កសាង​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​ពិត​ជាក់ស្ដែង​នៃ​ការ​រីក​ចម្រើន​របស់​សង្គម ព្រមទាំង​ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណូមពរ​ធំ​ៗ​ទៀត​នៅ​ក្នុង​ដំណើរការ​បន្ត​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ និង​ការ​លើក​ស្ទួយ​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្ដា​មូលដ្ឋាន​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត » ៕