ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​ជាង​1​ខែ​ស្រូវ​រាប់​ម៉ឺន​តោន​នាំ​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ រយៈពេល​ជាង​១​ខែ​កន្លង​ទៅ​នេះ ឈ្មួញកណ្តាល​ខ្មែរ​បាន​ដើរ​ប្រមូល​ទិញ​ស្រូវ​ពី​តាម​បណ្តា​ខេត្ត​នានា​ដឹក​យក​មក​លក់​ឱ្យ​ឈ្មួញ​វៀតណាម​នៅ​តាម​ច្រករបៀង​នានា​ក្នុង​ខេត្តតាកែវ​រាប់​ម៉ឺ​ន​តោន ។ ទោះបីជា​ច្រក

ខេត្តតាកែវ ៖ រយៈពេល​ជាង​១​ខែ​កន្លង​ទៅ​នេះ ឈ្មួញកណ្តាល​ខ្មែរ​បាន​ដើរ​ប្រមូល​ទិញ​ស្រូវ​ពី​តាម​បណ្តា​ខេត្ត​នានា​ដឹក​យក​មក​លក់​ឱ្យ​ឈ្មួញ​វៀតណាម​នៅ​តាម​ច្រករបៀង​នានា​ក្នុង​ខេត្តតាកែវ​រាប់​ម៉ឺ​ន​តោន ។ ទោះបីជា​ច្រករបៀង​ទាំងអស់​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឱ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​-​ក្រុង​បិទ​យ៉ាងណា​ក៏​ដោយ តែ​សម្រាប់​ខេត្តតាកែវ​ពុំ​មាន​ច្រក​ណាមួយ​ត្រូវ​បិទ​ទៅ​តាម​បទបញ្ជា​នោះ​នៅឡើយ​ទេ ។

លោក ញឹ​ម ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បានឱ្យ​ដឹង​ថា រយៈពេល​ជាង​១​ខែ​មកនេះ​គិត​ត្រឹម​ថ្ងៃ​ទី​១៦ តុលា ដល់​ថ្ងៃ​ទី​១៦ វិច្ឆិកា កន្លង​មកនេះ អាជីវ​ករ​ខ្មែរ​បាន​ប្រមូល​ទិញ​ស្រូវ​នៅ​តាម​បណ្តា​ខេត្ត​នានា​មក​លក់​ទៅ​ឱ្យ​ឈ្មួញ​វៀតណាម​តាម​ព្រំដែន​ច្រក​ខេត្តតាកែវ មាន​ចំនួន​៥៥.៩៨៩​តោន តាម​ច្រក​៤​ស្រុក​ក្នុង​នោះ តាម​កំពង់​ទូក​កំពង់អំពិល ស្រុក​បុរី​ជលសា មាន​ចំនួន​៧.១៧៥​តោន ស្រុក​អង្គរបុរី តាម​ច្រក​កំពង់ទូក អង្គរបុរី មាន​ចំនួន​១២.៦២៣​តោន តាម​ច្រក​ក្នុងស្រុក​គិរីវង់ មាន​ច្រក​ប្រឡាយ​​ព្រែក​តា​ម៉ៅ និង​ច្រករបៀង​ដើម​ត្នោត​ក្នុង​ឃុំ​ភ្នំ​ដិ​ន ចំនួន​២៨.៧៣២​តោន ស្រុក​កោះអណ្តែត​ច្រករបៀង​ដើម​ដូង ៧.៤៦២​តោន ក្នុង​នោះ​ស្រូវ​ក្រអូប​១​គីឡូក្រាម​តម្លៃ​៩៥០​រៀល អុ​ី​អ៊ែ​រ​១​គីឡូក្រាម​៧៣០​រៀល ។

ដោយឡែក​ស្រុក​អង្គរបុរី រថយន្ត​ដឹកស្រូវ​ចូល​មក​ដល់​លើក​ស្រូវ​ចូល​ទូក​រួច​ដឹក​ចេញ​តាម​ស្ទឹង​បាក់ដៃ រីឯ​នៅ​ស្រុក​បុរី​ជលសា​រថយន្ត​ដឹក​មក​ដល់​កំពង់ទូក កំពង់អំពិល ហើយ​លើក​ស្រូវ​ដាក់​ទូក​ដឹក​តាម​ស្ទឹង​រួច​ចេញ​តាម​ច្រករបៀង​ឆែ​១ រីឯ​ស្រុក​កោះអណ្តែត​ដឹក​ចេញ​តាម​ច្រករបៀង​ដើម​ដូង និង​ដឹក​តាម​ប្រឡាយ​៩២ ។

តាម​ច្រក​ផ្លូវគោក​ឬ​កំពង់ទូក​នេះ គឺ​អាជ្ញាធរ​យក​លុយ​ថ្លៃ​កំពង់ទូក​តែ​ប៉ុណ្ណោះ តែ​ចំណែក​ស្រូវ​ចុះ​តាម​ច្រក​នៅ​ស្រុក​គិរីវង់​វិញ សមត្ថកិច្ច​ប៉ូលិស​បានឱ្យ​ដឹង​ថា ចំពោះ​តួលេខ​ខាង​មន្ទីរ​កសិកម្ម វា​ខុស​ទៅ​នឹង​ចំនួន​ស្រូវ​ដែល​បាន​នាំ​ចេញ​ទៅ​លក់​នៅ​វៀតណាម ។ នៅ​ស្រុក​គិរីវង់​មាន​២​ច្រក​ប្រឡាយ​ព្រែក​តា​ម៉ៅ ទូក​វៀតណាម​មួយ​ទូក​អាច​ផ្ទុកស្រូវ​បាន​ចំនួន​១០​រថយន្ត​យី​ឌុ​ប ហើយ​១​ថ្ងៃ​ដឹក​ចេញពី​២​ទៅ​៣​ទូក និង​១​ទូក​យន្ត​ត្រូវ​បង់លុយ​ដល់​សមាគម​ប្រឡាយ​ទឹក​ចំនួន​១០​ម៉ឺន​រៀល រីឯ​ការ​នាំ​ចេញ​តាម​ច្រក​ប្រឡាយ​ព្រែក​តា​ម៉ៅ​នេះ​ត្រូវ​បាន​នាំ​េ​ច​ញ​ចំនួន​២​ស​ប្តា​ហ៍ ស្រូវ​រាប់​សិប​ពាន់​តោន​ត្រូវ​បាន​នាំ​ចេញ ។

បន្ទាប់​ពី​ទឹកបាន​ស្រក រថយន្ត​ដឹកស្រូវ​ទាំងអស់​បាន​ដឹក​មក​តាម​ផ្លូវ​ខាងជើង​ច្រក​ភ្នំ​ដិ​ន​ទៅ​លក់​នៅ​វៀតណាម​តាម​ច្រករបៀង​ដើម​ត្នោត​វិញ​ម្តង តែ​ដោយ​ទឹក​ទើបតែ​ស្រក ផ្លូវ​រង​ការ​ខូចខាត​យ៉ាងដំណំ​ធ្វើ​ឱ្យ​រថយន្ត​ដឹកស្រូវ​រង​ការ​កកស្ទះ​រាប់​សិប​គ្រឿង​មួយ​ថ្ងៃ​ៗ ។

ម្ចាស់​រថយន្ត​ដឹកស្រូវ​ទៅ​លក់​នៅ​ច្រក​ដើម​ត្នោត​នេះ បាន​និយាយ​បែប​រិះគន់​ថា ពេល​រថយន្ត​ដឹកស្រូវ​មក​ដល់​ខាងជើង​ភ្នំ​ដិ​ន​គ្រប់​រថយន្ត​ដឹកស្រូវ​ទាំងអស់​ត្រូវ​បង់លុយ​១​ម៉ឺន​រៀល​សម្រាប់​អាជ្ញាធរ​ឃុំ​និង​ស្រុក​, ស្នាក់​ការ​អាវុធហត្ថ​ភ្នំ​ដិ​ន​១​រថយន្ត​១​ម៉ឺន​រៀល​ដែរ​, ថ្លៃ​ផ្លូវ​រថយន្ត​២​ម៉ឺន​រៀល​, ដល់​ប៉ូលិស​ដើម​ត្នោត​១​ម៉ឺន​រៀល និង​ប៉ុស្តិ៍ទាហាន​១​ម៉ឺន​រៀល សរុប​ការ​ចំណាយ​ខុសច្បាប់​នៅ​លើ​ទឹកដី​ខ្មែ​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ​អស់​៦​ម៉ឺន​រៀល និង​ចំណាយ​ថ្លៃ​រថយន្ត​ដឹកស្រូវ​ចូល​ដល់​ដី​វៀតណាម​មួយ​លើក​ទៀត ត្រូវ​បង់​១​រថយន្ត​៣​ម៉ឺន​រៀល ដូច្នេះ​សរុប​ការ​ចំណាយ ទាំង​នៅ​លើ​ទឹកដី​ខ្មែរ និង​ដី​វៀតណាម​អស់​ចំនួន​៩​ម៉ឺ​ន​រៀល ៕