ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុវត្ថិ​ឌី ធា​រិ​កា រំភើប​ខ្លាំង ក្រោយ​ឃើញ​សម្តេច​តេ​ជោ​ចូលរួម​រំលែក​ទុក្ខ និង​លើកទឹកចិត្ត

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង សុវត្ថិ​ឌី ធា​រិ​កា បាន​សម្តែង​ក្តី​រំភើប​ឥត​ឧបមា ក្រោយ​ពេល​ឃើញ​ប្រមុខ​ដឹង​នាំ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ និង​លើកទឹកចិត្ត ក្រោយ​មរណភាព​របស់​ឪពុក​ម្តាយ​នាង ដោយសារ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សុវត្ថិ​ឌី ធា​រិ​កា បាន​សម្តែង​ក្តី​រំភើប​ឥត​ឧបមា ក្រោយ​ពេល​ឃើញ​ប្រមុខ​ដឹង​នាំ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ និង​លើកទឹកចិត្ត ក្រោយ​មរណភាព​របស់​ឪពុក​ម្តាយ​នាង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។

តារាចម្រៀង​រូប​នេះ បាន​ចាត់​ទុក​ការ​ចូលរួម​ពី​សំណាក់​សម្តេច​តេ​ជោ​នា​ពេល​នេះ គឺជា​ការ​ផ្តល់​កិត្តិយស​ដ៏​ធំធេង​សម្រាប់​រូប​នាង និង​បាន​យល់​អារម្មណ៍​របស់​នាង​ក្នុង​ពេល​បាត់បង់​គ្រួសារ​ត្រឹម​មួយប៉ប្រិចភ្នែក​បែប​នេះ​។ ហើយ​មរណភាព​ឪពុក​ម្តាយ​របស់​តារាចម្រៀង​នាង សុវត្ថិ​ឌី ធា​រិ​កា ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ក្លាយជា​ដំណឹង​ផ្ទុះ​យ៉ាង​កក្រើក​ពេញ​ផ្ទៃ​ប្រទេស ខណៈ​ពេល​ដែល​មហាជន និង​សិល្បករ​ជា​ច្រើន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​សម្តែង​ក្តី​ក្តុកក្តួល​យ៉ាង​ខ្លាំង ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង និង​នឹក​ស្មាន​មិន​ដល់​នេះ​។

មិន​ត្រឹមតែ​ធ្វើ​មហាជន​សម្តែង​ក្តី​សោកស្តាយ និង​រំលែក​ទុក្ខ​សម្រាប់​តារាចម្រៀង​រូប​នេះ​ឡើយ ប៉ុន្តែ​ដំណឹង​ដ៏​សោកសៅ​នេះ ក៏​បាន​ធ្វើ​អោយ​ថ្នាក់ដឹកនាំ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​សម្តែង​ការ​សោកស្តាយ និង​រំលែក​ទុក្ខ​ដល់ សុវត្ថិ​ឌី ធា​រិ​កា ផង​ដែរ​។

សម្តេច​តេ​ជោ បាន​ចូល​ទៅ​ខំ​មិន​ពីក្រោម​រូបភាព​ជុំវិញ​ការ​បង្ហោះ​រឿងរ៉ាវ​មរណភាព​ឪពុក​ម្តាយ សុវត្ថិ​ឌី ធា​រិ​កា ថា «​សូម​ចូលរួម​មរណទុក្ខ​ជាមួយ​ចៅស្រី​»​។ សម្តេច​ក៏​បាន​លើកទឹកចិត្ត សុវត្ថិ​ឌី ធា​រិ​កា ដែរ​ថា «​រឹង​មាំ​ឡើង​ចៅ ផ្លូវ​ដែល​ចៅ​ត្រូវធ្វើ​ដំណើរ​នៅ​វែង​ឆ្ងាយ​ទៀត​។ តា​និង​យាយ​យល់​ពី​ទុក្ខសោក និង​អារម្មណ៍​របស់​ចៅ​នៅ​ពេល​នេះ ព្រោះ​ពេល​ថ្មី​ៗ​នេះ តា និង​យាយ​ក៏​ទើបតែ​បាត់បង់​បងប្រុស​ដែល​បែក​គ្នា​មិន​បាន​លាគ្នា និង​និយាយ​គ្នា​សូ​ម្បី​មួយ​ម៉ាត់ ដូច​ករណី​ចៅស្រី​ដែរ​»​។

ជា​ការ​កត់សម្គាល់ ក្រោយ​ពី​ឃើញ​ការ​ចូលរួម​រំលែក​ទុក្ខ​ពី​សម្តេច​តេ​ជោ​នា​ពេល​នេះ សុវត្ថិ​ឌី ធា​រិ​កា បាន​សម្តែង​ក្តី​រំភើប​ឥត​ឧបមា និង​បាន​ឆ្លើយ​តប​វិញ​ថា «​ក្នុង​នាម​ខ្ញុំ​ជា​កូន លោកឪពុក មាស សុវត្ថិ​ឌី និង​អ្នក​ម្តាយ ពៅ ពុទ្ធា​រី មាន​ក្តី​រំភើប​ឥត​ឧបមា ដែល​សម្តេច​ពុក​និង​សម្តេចម៉ែ បាន​ផ្តល់​មហា​កិត្តិយស​ជា​សារ​រំលែក​ទុក្ខ និង​បាន​យល់​ពី​អារម្មណ៍​បាត់បង់​របស់ខ្ញុំ និង​ក្រុម​គ្រួសារ​ក្នុង​គ្រានេះ​»​។

នាង​បញ្ជាក់​ថា «​សម្តេច​ពុក​និង​សម្តេចម៉ែ ជា​ថ្នាក់ដឹកនាំ​ដែល​យល់​ពី​ទុក្ខ​ធុរៈ និង​ការ​លំបាក​របស់​រាស្ត្រ​គ្រប់​ស្រទាប់វណ្ណៈ​។ ជាមួយ​គ្នា​នេះ នាង​ខ្ញុំ​សូម​ថ្លែង​អំណរ​ព្រះ​គុណ ដល់​សម្តេច​ពុក​និង​សម្តេចម៉ែ ជា​អនេកប្បការ សូម​ជូនពរ​សម្តេច​ទាំង​ទ្វេរ​ជួប​តែ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ ៖ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ